បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

លោក គួច ផល

លោក គួច ផល

បច្ចុប្បន្នគឺជាសមាជិក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

លោកបានចាប់ផ្តើមបម្រើការក្នុងនាមជា​អគ្គនាយក​ហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១១។
លោក គួច ផល កើត​នៅ​ថ្ងៃ​ទី០៦ ខែមេសា ឆ្នាំ១៩៦៦ នៅ​ខេត្ដ​បាត់ដំបង នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ ឪពុកលោក មហាឧបាសក គួច លៀងហួរ និងម្ដាយ មហា​ឧបាសិកា សូវ សុកហួង។ លោកជាកូន ទី១ ក្នុង​គ្រួសារ​មួយ ដែល​មាន​បងប្អូន​បង្កើត​ចំនួន​០៨នាក់ ក្នុង​នោះ​មាន​កូនប្រុស ចំនួន០៥នាក់ និង​កូន​ស្រី​ចំនួន​០៣នាក់។ ក្រោយ​ពី​ឆ្លង​កាត់​ជីវិត​ដ៏​លំបាក​វេទនា នារបប​ប្រល័យ​ពូជសាសន៍​​ប៉ុលពត រួចមកលោក និង​ក្រុម​គ្រួសារ​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ និង​ទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង​ជាច្រើន ដើម្បី​ធ្វើ​ចំណាក​ស្រុក ក្នុង​នាម​ជា​ជន​ភៀសខ្លួន​ទៅ​កាន់​សហរដ្ឋ​អាមេរិក នៅឆ្នាំ១៩៧៩ និងលើកទី២ នៅឆ្នាំ១៩៨២។

លោកជាអតីតជនភៀសខ្លួនដែលបានរៀនបញ្ចប់ថ្នាក់ទី៧ នៅឆ្នាំ១៩៨២ នៅព្រះរាជាណាចក្រកម្ពុជា ដែល​មាន​កម្រិត​ស្មើ​ថ្នាក់​វិទ្យាល័យ។ នៅឆ្នាំ១៩៨២ នោះ​ផង​ដែរ លោកបាន​រៀន​ភាសា​អង់​គ្លេស​ចប់​ថ្នាក់ Book 4។ បន្ទាប់​ពី​នោះ​មក លោក​ក៏​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​​​បម្រើ​​ការ​​ងារ​​នៅ​​ប្រទេស​ថៃ​​ក្នុង​​អង្គការ​មួយ ដែល​​មាន​​ឈ្មោះ​ថា UNHCR ឆ្នាំទី១ ធ្វើជា Laboratory មើល​តេស្ដឈាម មើលលាមក មើល​ទឹកនោម ហើយឆ្នាំទី២ នៅ​ក្នុង​ជំរំភៀស​ខ្លួន​ក៏​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​អង្គការ​មួយ​ទៀត​គឺ​អង្គការ JPA ធ្វើ​ជា​អ្នក​បក​ប្រែ​ភាសា​ខ្មែរ-អង់គ្លេស សម្រាប់​ជន​ភៀស​ខ្លួន​នៅ​ជំរុំ​ខាអ៊ីដាង ដែល​ធ្វើ​អន្ដោ​ប្រវេសន៍​ទៅ​សហរដ្ឋ​អាមេរិក។ បន្ទាប់​ពី​បាន​បម្រើ​ការងារ​បាន​ពីរ​ឆ្នាំ​នៅ​ប្រទេសថៃ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដោយ​សារ​លោក​មាន​បទ​ពិសោធន៍ ជា​អ្នក​បក​ប្រែ​ជាង​មួយឆ្នាំ។

ពេលរស់នៅសហរដ្ឋអាមេរិកបាន៦ខែ លោក​បាន​ទៅ​ចូល​រួម​ប្រឡង​ធ្វើ​ជា Teacher Assistant ប៉ុន្ដែ ដោយ​សារ​លោក​មាន​តែ​បទ​ពិសោធន៍​ការងារ ហើយ​គ្មាន​សញ្ញា​បត្រ​បាក់ឌុប គេ​តម្រូវ​ឱ្យ​លោក ទៅ​ប្រឡង​យក​សញ្ញា​បត្រ​បាក់​ឌុប​នៅ Los Angeles សាលា Unify School District ហើយ​លោក​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ ដោយ​គេ​បាន​ធ្វើ​លិខិត​បញ្ជាក់​ជូនលោក ដែល​មាន​កម្រិត​ស្មើ​សញ្ញា​បត្រ​បាក់ឌុប ដែល​អាច​ធ្វើ​ជា​គ្រូ​ជំនួយ ឬគ្រូ​បង្រៀន​បាន។ លោក​បាន​បម្រើ​ការ​ងារ​ជា​គ្រូជំនួយ​បាន​រយៈ​ពេល​០២ឆ្នាំ។ បន្ទាប់​ពី​នោះ​មក​លោក​ចូល​រៀន​ថ្នាក់​មហា​វិទ្យាល័យ ជំនាញ Electronic Engineering Technician បញ្ចប់​ត្រឹម​បរិញ្ញា​បត្ររង។ បន្ទាប់​មក​ដោយ​សារ​បញ្ហា​ជីវភាព​គ្រួសារ លោក​ក៏​បាន​ឈប់​សិក្សា​ទៅ​ធ្វើការ​ជា Technician បាន​រយៈ​ពេល​០៥ឆ្នាំ លោក​ក៏​បាន​ដំឡើង​តំណែង​ជា Field Engineer ជាង​ជួស​ជួល​យន្ដ​ហោះ​នៅ​ព្រលាន​យន្ដ​ហោះ​សហរដ្ឋ​អាមេរិក។ បន្ទាប់​ពី​បម្រើ​ការងារជា Field Engineer បាន​រយៈ​ពេល​០២ឆ្នាំ លោក​ក៏​លា​ឈប់​ពី​ការងារ​មក​បង្កើត​អាជីវកម្ម​ខ្លួន​ឯង​ជា​អ្នក​លក់នំ Donut and Bakery វិញ។ ដោយ​សារ​ភាពវៃឆ្លាត និងឆ្លង​កាត់​ការ​តស៊ូ​ព្យាយាម តាម​រយៈ​បទ​ពិសោធន៍​ការងារ លោក​អាច​និយាយ​បាន​០៦​ភាសាគឺ ភាសា ចិនតាជៀវ ចិនកាតាំង អង់គ្លេស ខ្មែរ ថៃ និងវៀតណាម។ រហូត​មក​ដល់​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១១ លោក​បាន​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក ពី​ទី​ប្រឹក្សា​ក្រុម​ប្រឹក្សា​ភិបាល ប្រចាំ​តំបន់​សហរដ្ឋ​អាមេរិក មក​កាន់​តួនាទី​ជា CFO, Vice Chairman, Advisor to the Board of Directors and Advisor to the Administration and Finance Divisions នៅ​ក្នុង​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេ សិន៕