បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានសញ្ជាតិខ្មែរ-អាមេរិក គឺជា​អ្នក​ឯក​​ទេស​ខាង​អប់រំ ជាជន​ស្នេហា​ជាតិ និង​ជា​សហ​គ្រិន​មួយរូប។ បច្ចុប្បន្ននេះ គាត់​ត្រូវ​បាន​គេ​ស្គាល់​ថា ជាស្ថាបនិក ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យួខេសិន ដែល​ជា​ស្ថាប័ន​ផ្តល់​សេវា​អប់រំ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លើស​ពី​នេះ​ទៀត លោកគឺជា ស្ថាបនិក ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​ប្រធាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព​ហ្វាយនែន ភីអិលស៊ី។ ចាប់​តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​ឆ្នាំ​២០១៣ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព​ហ្វាយនែន ភីអិលស៊ី បាន​ពង្រីក​ខ្លួន​បាន​បួន​សាខា នៅ​តាម​បណ្តា​ខេត្ត/ក្រុងផ្សេងៗគ្នា។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសិក្សា​នៅ​សាកលវិទ្យាល័យ Berkeley រដ្ឋ California សហរដ្ឋ​អាមេរិក ដែល​ជា​កន្លែង​លោក​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ លោក​ក៏បាន​បញ្ចប់​ការ​សិក្សា​ពី សាកល​វិទ្យា​ល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ១៩៩៨ ដោយ​ទទួល​បាន​​សញ្ញា​បត្រ​ផ្នែក​វេជ្ជបណ្ឌិត​វេជ្ជសាស្ត្រ ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ​ផងដែរ។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាន​ទទួល​សញ្ញា​បត្រ​អនុបណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ​ ក្នុងឆ្នាំ ២០០៧ ពី​សាកល​វិទ្យាល័យ Massachusetts Amherst ក្នុងក្រុង Amherst រដ្ឋ Massachusetts សហរដ្ឋអាមេរិក ។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានធ្វើការ​ជា​គ្រូ​វិទ្យាសាស្រ្ត បង្រៀន នៅ​ដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រ​ស្តី​ពី​រូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងទីក្រុង Los Angeles រដ្ឋ California អស់​មួយ​រយៈពេល មុន​ពេល​ដែល​លោក​វិល​ត្រឡប់​មក​កាន់​​ប្រទេស​កម្ពុជា​វិញ​​ក្នុង​ឆ្នាំ ២០០២ ក្នុង​នាម​ជា​អ្នក​ប្រឹក្សា​យោបល់​នៃ​គម្រោង “Integrated Management of Childhood Illness” (IMCI) និង​សុខភាព​សាធារណៈ​​របស់​អង្គការ “ដៃគូរដើម្បីអភិវឌ្ឍ” ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ Maryland សហរដ្ឋអាមេរិក។ ក្រោយមក លោក​បាន​កាន់​តំណែង​ជា​សាស្ត្រាចារ្យរង ផ្នែក​វិទ្យា​សាស្ត្រ​សុខាភិបាល នៃ​មហា​វិទ្យាល័យ គណិត​សាស្រ្ត វិទ្យាសាស្រ្ត និងវិស្វកម្ម នៅ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្រ្ត​កម្ពុជា ហើយ​លោក​ក៏​បាន​​កាន់​តំណែង​ជា​ស្ថាបនិក ព្រឹទ្ធបុរស និង​ជា​សាស្រ្តាចារ្យរង ផ្នែក​សុខភាព​សាធារណៈ នៃ​មហា​វិទ្យាល័យ​សុខភាព​សាធារណៈ នៅ​សាកល​វិទ្យាល័យ​កម្ពុជា មុន​ពេល​លោក​បង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នាឆ្នាំ ២០០៥។