បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ស្ថាបនិក

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង

យើងម្នាក់ៗសុទ្ធតែដឹងជឿជាក់និងទទួលស្គាល់ថាការអប់រំគឺជាគន្លឹះ​ដ៏​សំខាន់ដើម្បី ដឹក​នាំ​បុគ្គលម្នាក់ៗ ឆ្ពោះ​ទៅ​រក​ជោគជ័យ​នៅ​ក្នុង​ជីវិត។ លើសពីនេះ​ការ​អប់រំ​ក៏​មាន​តួនាទី យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​រីកចម្រើន​លូតលាស់ និង​អភិវឌ្ឍន៍​នៅ​ក្នុង​សង្គមជាតិ ព្រម​ទាំង​អាច​ដឹកនាំ​ជីវិតយើង​ ឆ្ពោះ​ទៅ​រក​អនាគត​ដ៏ត្រចះ​ត្រចង់ ដែល​ជា​សេចក្តី​ប៉ងប្រាថ្នា​របស់​ជនានុជន​ទូទៅ។

សិស្សានុសិស្សរបស់យើងទាំងអស់គ្នា ក្នុងរយៈពេលនៃវ័យវឌ្ឍនាការ ការអប់រំ និង​ដក​ស្រង់​បទពិសោធ​នៅ​ក្នុងជីវិត គឺ​រមែង​ប្រព្រឹត្ត​ទៅ​តាម​បែបផែន ឬមធ្យោបាយ​ផ្សេងៗគ្នា។ ពួកគេម្នាក់ៗ តែងតែ​យល់​ឃើញ​ចំពោះ​រឿងរ៉ាវនានា ដែល​កើត​ឡើង​នៅ​ក្នុងសង្គម និង​ជីវិត​ក្នុង​វដ្ត​សង្សារ តាម​និស្ស័យរៀងៗខ្លួន។

ហេតុដូច្នេះ ទើបយើងអាចនិយាយបានថា ពួកគេម្នាក់ៗ សុទ្ធតែមានលក្ខណៈ​ពិសេស​អស្ចារ្យ ​ដែល​យើង​ពិបាក​នឹង​ប៉ាន់ស្មានបាន។ ពួកគេទាំងអស់គ្នា គឺពោរពេញ​ទៅ​ដោយ​សក្តានុពល និង​ជា​ចលករ​ដ៏​សំខាន់បំផុត​ក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ។

យើងទាំងអស់គ្នា នៅក្នុងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បាន​យល់​យ៉ាង​ច្បាស់ ពីបញ្ហា​ប្រឈម​ទាក់ទង​នឹង​វិស័យអប់រំ ក្នុងឋានៈ​ជា​ប្រទេសមួយ ក្នុង​ចំណោម​ប្រទេស​នានា​ជាច្រើន​លើសាកលលោក ដែលកំពុង​តែ​ខិតខំ​ពង្រឹងស្តារ និង​អភិវឌ្ឍ​គុណភាព​អប់រំ​ខណៈ​វិស័យ​អប់រំ​នៅ​ប្រទេស​ជា​ច្រើន​ផ្សេងទៀត កំពុងតែ​មាន​ភាព​ជឿនលឿន រីកចម្រើនលូតលាស់។ យើង​ជឿជាក់​យ៉ាង​មុតមាំថា ប្រសិនបើ យើង​អាច​ផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស​របស់​យើង បាន​សិក្សា​រៀនសូត្រ បានត្រិះរិះ ពិចារណារិះរក និងដក​ស្រង់​បទពិសោធ​នានា​នោះ​ពួកគេ​ក៏​នឹង​អាច​ក្លាយ​ទៅ​ជា​បុគ្គល​ជោគជ័យ​នៅ​ក្នុង​វិស័យ​ដែល​គេកំពុង​ជ្រើស​រើស​សិក្សា ដើម្បី​សម្រួច​ទៅ​រក​គោលដៅ ​របស់​ពួក​គេ​បាន​ផងដែរ។

ខ្ញុំមានសេចក្តីសោមនស្សជាអតិបរមា ហើយសូមឆ្លៀតយកឱកាសនេះ សម្តែង​នូវ​ការ​កោតសរសើរ​ដល់​បុគ្គលិក​គ្រប់ជាន់ថ្នាក់ ដែល​បាន​នឹង​កំពុង​ជួយ​ជ្រោមជ្រែង AIS យ៉ាង​សស្រាក់​សស្រាំ បន្ថែម​ពី​លើ​ការ​លះបង់ និងការប្តេជ្ញា​ចិត្តខ្ពស់ ដើម្បីដឹកនាំ តម្រែ​តម្រង់​ផ្លូវ​សិស្សានុសិស្ស​យើង ឱ្យ​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវលទ្ធផល គួរជាទី​គាប់ចិត្ត​ក្នុង​អាជីព​ការងារ​ទាំងពួង មិនថាជា ក្នុងវិស័យអប់រំ កីឡា វប្បធម៌ និងសកម្មភាព​សិក្សា​រៀនសូត្រ​បន្ថែម​ដទៃៗទៀត។

ម្យ៉ាងទៀត AIS តាំងពីដើមរហូតមកទល់ពេលនេះ គឺបានក្លាយ​មក​ជា​មហា​គ្រួសារ​ដ៏ធំ​មួយ ក្នុង​នោះ​យើង​ម្នាក់ៗ សុទ្ធតែ​ជា​កោសិការ​មួយ​ដ៏សំខាន់ មិន​អាច​ខ្វះបាន មិន​ថា​តែ​អ្នក​កំពុង​សិក្សា ឬបំពេញ​ការងារ​នៅ AIS ឬជា​អតីត​បុគ្គលិក​ឬ​សិស្ស​ក៏ដោយ។ យើង​មាន​សុទិដ្ឋិនិយមថា AIS បាន​វិវត្តខ្លួន​ទៅ​ជា​ផ្នែកធំ​ដ៏​សំខាន់មួយ នៃសង្គមជាតិយើង។ យើង​គ្រប់គ្នា​នៅទីនេះ​បានប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មួយ​ដ៏​មានសារៈសំខាន់ និងមិនអាចខ្វះបាន នោះ​គឺ​ការ​ស្រឡាញ់​រាប់អាន និង​គោរព​សិទ្ធិគ្នា​ទៅវិញ​ទៅមក ដោយ​មិន​លម្អៀង​ទៅ​លើបក្សពួក ឬផល​ប្រយោជន៍​និយមឡើយ។

មុននឹងបញ្ចប់ ខ្ញុំសូមផ្តាំផ្ញើដល់សហការីទាំងអស់ឱ្យបានជ្រាបថា ស្រប​ពេល​ដែល​យើង​កំពុង​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ការងារ ចូរអ្នក​ចងចាំ​ថា អ្នក​ត្រូវតែ​មាន​សេចក្តី​ស្មោះត្រង់ ទន់ភ្លន់​តែ​មិន​ទន់​ជ្រាយ និង​ផ្តោត​ការ​យកចិត្ត​ទុកដាក់ ឱ្យ​បាន​ខ្ពស់​បំផុត​ចំពោះ​ការងារ នៅពេលនោះ អ្នកនឹង​ទទួល​បាន​លទ្ធផល​នា​ពេល​អនាគត​ដ៏ត្រចះ​ត្រចង់​ជាក់​ជា​មិនខាន។

សូមជូនពរឱ្យអ្នកទាំងអស់គ្នាបានជួបប្រទះតែនឹងសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

 

ដោយសេចក្តីគោរព ស្រឡាញ់ និងរាប់អានពីខ្ញុំ!
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ស្ថាបនិក និងប្រធានចាងហ្វាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង