បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

កម្មវិធីចុះកម្មសិក្សា

កម្មវិធីចុះកម្មសិក្សាលើកទី៣៩ ឆ្ពោះទៅកាន់កន្លែងកម្សាន្តសម្រាប់កុមារ នៃមជ្ឈមណ្ឌល ឃីត ស៊ីធី

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប        អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ទាំងវេនព្រឹក និងរសៀល ធ្វើដំណើរទៅចុះកម្មសិក្សាលើកទី៣៩នៅកន្លែងកម្សាន្តសម្រាប់កុមារ នៃមជ្ឈមណ្ឌល ឃីត ស៊ីធី ដែលស្ថិតនៅអគារលេខ១៦២A មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ។ ដើម្បីឱ្យសិស្សានុសិស្សបានស្គាល់ បានយល់ដឹងកាន់តែច្បាស់ពីទិដ្ឋភាពដ៏ស្រស់ស្អាតនៅកន្លែងកម្សាន្តសម្រាប់កុមារ នៃមជ្ឈមណ្ឌល ឃីត ស៊ីធី ហើយសិស្សានុសិស្សស្គាល់ និងយល់ដឹងពីឧបករណ៍កម្សាន្តសប្បាយៗដែលមាននៅទីនោះ ហើយជាពិសេសសិស្សានុសិស្សបានលេងកម្សាន្តជាមួយនឹងឧបករណ៍កម្សាន្តសប្បាយៗ និងទទួលបានអារម្មណ៍ស្រស់ថ្លា ហើយបានមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតផ្សេងៗនៅទីនោះ។ បរិយាកាសទាំងអស់នេះធ្វើឱ្យសិស្សានុសិស្សអាចបំបាត់អស់ភាពនឿយហត់ និងបង្កជាភាពសប្បាយរីករាយ។

សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ចុះកម្មសិក្សានៅឌូបៃ (Dubai)

បន្ទាប់ពីសិស្សមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចុះកម្មសិក្សា​នៅឌូបៃ (Dubai) ចំនួន៦ថ្ងៃ ៥យប់ ពោល​ចាប់ពីថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ​ថ្មីៗ​នេះ បានប្រព្រឹត្តទៅ​យ៉ាងជោគជ័យ​គួរឱ្យ​កត់សម្គាល់។ ការចុះ​កម្មសិក្សានេះ បាន​សម្រេច​ទៅ​តាម​គោលដៅ ដែល​គណៈគ្រប់គ្រង​បាន​រំពឹងទុក។បន្ទាប់ពីចុះកម្មសិក្សា​នៅក្រុងឌូបៃនោះ សិស្សានុសិស្ស​ទទួល​បាន​នូវ​ចំណេះ​ដឹង ចំណេះ​ធ្វើ បទពិសោធ ព្រមទាំង​បានឈ្វេង​យល់ពី​សាកលវិទ្យាល័យ​ល្បីៗ វិមាន​ពាណិជ្ជកម្ម និង​តំបន់​ទេស​ចរណ៍ល្បីៗ​ជាច្រើន ហើយ​បានអនុវត្ត​ជាក់ស្ដែង ពិសេស​បាន​បញ្ចេញ​សមត្ថភាព​ក្នុ​ងការ​ប្រើប្រាស់​ភាសា​អង់គ្លេស សិក្សាវប្បធម៌ អារ្យយធម៌ និង​និមិត្តរូប​តំណាង​ប្រទេសនោះ​ផងដែរ។​អត្ថបទដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ

កម្មវិធីចុះកម្មសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

កាលពីថ្ងៃទី២៦  ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប ​អាមេរិកាំង  បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ ទាំងវេនព្រឹក និងវេនរសៀល​ចុះកម្មសិក្សា​នៅសារមន្ទីរ​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ពេលសិស្សានុសិស្សបានទៅដល់ទីនោះ លោកគ្រូ អ្នកគ្រូបានបែងចែកប្អូនៗជាក្រុមៗ ដើម្បីឱ្យប្អូនៗទាំងអស់ងាយសិក្សាស្វែងយល់ ហើយតាមក្រុមនីមួយៗមានលោកគ្រូ អ្នកគ្រូ និង​មាន​មគ្គុទ្ទេសក៍​ដែលបម្រើការនៅក្នុងនោះ ជាអ្នកពន្យល់ណែនាំទៅដល់ប្អូនៗយ៉ាងក្បោះ​ក្បាយ​អំពី​រឿងរ៉ាវដែលបានកើតឡើងនៅសម័យដ៏ខ្មៅងងឹង គ្មានច្បាប់ទម្លាប់ សម្លាប់មនុស្សគ្មានការ​អាណិត​អាសូរ។          លោកគ្រូ អ្នកគ្រូបានបែងចែកប្អូនៗ​សិស្សានុសិស្ស​ជាក្រុមៗដើម្បីឱ្យប្អូនៗ ទាំងអស់ងាយស្រួលក្នុងការស្វែងយល់ពីប្រវត្តិខ្លះ​ដែលពួកគាត់មិនធ្លាប់បានឆ្លងកាត់ ថាសម័យនោះមានការលំបាកយ៉ាងណាឈឺចាប់ប៉ុណ្ណា ហើយវាជារឿងរ៉ាវមួយដែលបានដក់ជាប់ នៅក្នុងអារម្មហ៍របស់ប្រជាជនខ្មែរមិនអាច​នឹងបំភ្លេច​បាន។ ក្រោយពេលបញ្ចប់ ការធ្វើទស្សនកិច្ចសិក្សានេះរួចមកប្អូនៗ សិស្សានុសិស្ស​កាន់តែយល់ច្បាស់មួយកម្រិតទៀតផ្សារភ្ជាប់លើការរស់នៅ និងលើមេរៀនដែលប្អូនៗ​កំពុងសិក្សាក្នុងថ្នាក់សព្វថ្ងៃ ហើយសិស្សានុសិស្សមានចិត្តនឹកអាល័យអាយុជីវិតអ្នករងទុក្ខយ៉ាងខ្លាំង ដែលបានឃើញស្លាកស្នាមដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់​ផងដែរ។

ដំណើរទស្សនកិច្ចសិក្សាលើកទី១១១ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រង​សាលានិង​លោកគ្រូ​ អ្នក​គ្រូនៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំសិស្សានុសិស្សថ្នាក់ទី១០ ទាំងបីសាខា ចុះទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានភ្នំឈើកាច់ ស្ថិតក្នុង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ទស្សន​កិច្ច​សិក្សា​នេះ​ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​សិស្សានុសិស្ស​ក្រេប​ជញ្ជក់​នូវ​ចំណេះដឹង​បន្ថែម​លើ​មេរៀន​ក្នុង​សាលា​ តាម​រយៈ​ការ​ទស្សនា​រមណីយដ្ឋាន​ ​ការ​សិក្សា​ឈ្វេងយល់​ពី​តំបន់​ទេសចរ​ វប្បធម៌​ ប្រវត្ដិ​សាស្ដ្រ​សម័យ​នគរ​ភ្នំ​ ប្រវត្តិ​កន្លែង​នៃ​ដំណើរ​រឿង​ទុំ​ទាវ​​ជាដើម។ក្នុងពេលតែមួយសិស្សានុសិស្ស​​ក៏​​បាន​​ឧបត្ថម្ភ​អំណោយ​សប្បុរស​ធម៌​​ជា​សម្ភារៈ​សិក្សា​​មួយ​ចំនួន​ដល់​សិស្សានុសិស្ស​ ​នៃ​សាលា​បឋម​សិក្សា​ ព្រះវិហារ​ធំ ស្រុក​បា​ភ្នំ​នោះ​ផង​ដែរ។ លើសពីនេះទៀតដំណើរ​ទស្សន​កិច្ច​នេះ​បាន​បង្កើន​ភាព​ក្លាហាន​​​​ ការ​សហការ ទំនាក់​ទំនង​ល្អ​ ហើយបង្កើន ​ចំណង​មិត្ដភាព​ពួកគេ​ឱ្យ​កាន់​តែ​ប្រសើរឡើង។

ដំណើរចុះ​កម្ម​សិក្សា​ឆ្ពោះ​ទៅ​កាន់​សារ​មន្ទីរ​ជាតិ

ដំណើរចុះ​កម្ម​សិក្សា​ឆ្ពោះ​ទៅ​កាន់​សារ​មន្ទីរ​ជាតិ

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប        អាមេរិកាំង បានដឹកនាំលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី៣ និងទី៦ និងគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា និងផែនដីវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខាប្រមាណជា១០០នាក់ ធ្វើដំណើរចុះកម្មសិក្សានៅសារមន្ទីរជាតិ ដែលស្ថិតនៅរាជធានីភ្នំពេញ។​នៅពេលធ្វើដំណើរទៅដល់សារមន្ទីរជាតិ គណៈគ្រប់គ្រងបានដឹកនាំលោកគ្រូ អ្នកគ្រូចូលទៅក្នុងបរិវេណសារមន្ទីរជាតិ ហើយមគ្គទេសក៍ប្រចាំការនៅទីនោះក៏បានបង្ហាញពីប្រភេទចម្លាក់ ក្បូរក្បាច់រចនា អាយុកាល ប្រវត្តិសាស្ត្រ និងឈ្មោះផ្សេងៗរបស់ចម្លាក់នីមួយៗ ជាពិសេសបានធ្វើការបង្ហាញប្រាប់អំពីមរតកស្នាដៃ ដែលដូនតាខ្មែរបានបន្សល់ទុកមករហូតមកដល់បច្ចុប្បន្ន។ បន្ថែមលើនេះទៅទៀត មគ្គទេសក៍បានរៀបរាប់ និងបង្ហាញពីសម័យកាលនីមួយៗនៃការកសាងប្រាសាទ ក៏ដូចជាចម្លាក់ជូនដល់លោកគ្រូ អ្នកគ្រូបានយ៉ាងក្បោះក្បាយ និងស៊ីជម្រៅផងដែរ។ក្រោយពីចុះកម្មសិក្សានៅសារមន្ទីរជាតិទាំងមូលចប់សព្វគ្រប់ហើយ គណៈគ្រប់គ្រងបានដឹកនាំលោកគ្រូ អ្នកគ្រូធ្វើដំណើរត្រឡប់មកកាន់ាសាលារៀនវិញ ហើយលោកគ្រូ អ្នកគ្រូទាំងអស់បានថតរូបអនុស្សាវរីយ៍ និងធ្វើដំណើរត្រឡប់មកដល់សាលារៀនវិញប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ។ លោកគ្រូ អ្នកគ្រូបានស្គាល់ បានយល់ដឹងកាន់ស៊ីជម្រៅអំពីចម្លាក់សាសនានានា ចម្លាក់ក្បូរក្បាច់ រចនាបថផ្សេងៗក្នុងការកសាងចម្លាក់ប្រាសាទជាដើម ហើយលោកគ្រូ អ្នកគ្រូបានស្រូបយកនូវខ្យល់អាកាសបរិសុទ្ធធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងបានមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាត   ផ្សេងៗនៅទីនោះ ដែលបរិយាកាសទាំងអស់នេះធ្វើឱ្យលោកគ្រូ អ្នកគ្រូអាចបំបាត់អស់ភាពនឿយហត់ និងបង្កជាភាពសប្បាយរីករាយ។