បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

កិច្ចតម្រង់ទិស

ការធ្វើបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន

កាលពីថ្ងៃទី២០ ខែតុលា ឆ្នំា២០១៨​កន្លងទៅនេះ បានធ្វើបទបង្ហាញស្ដីពីបទបញ្ញត្តិទូទៅសម្រាប់សិស្សានុសិស្សចំណេះទូទៅជូនសិស្សានុសិស្សដែលធ្វើបទបង្ហាញដោយក្រុមប្រឹក្សាវិន័យនៃសាលារៀន អន្តរទ្វីប អាមេរិកាំង  ដែលមានវត្តមានលោកគ្រូ អ្នកគ្រូចូលរួម ទាំងសិស្សានុសិស្សវេនព្រឹក និងវេនរសៀលផងដែរ។ ក្នុងការធ្វើបទបង្ហាញនោះដែរ ក្រុមប្រឹក្សាវិន័យដែលធ្វើបទបង្ហាញ និងប្រធានផ្នែកការិយាល័យកិច្ចការសិស្ស បានធ្វើការបង្ហាញយ៉ាងក្បោះក្បាយអំពីបទបញ្ញត្តិ វិន័យ និងសណ្ដាប់ធ្នាប់ទូទៅឱ្យសិស្សានុសិស្ស កាន់តែយល់ច្បាស់បន្ថែមទៀត។

សិស្សថ្នាក់ទី១២ ចូលរួមកម្មវិធីប្រឹក្សាស្តីពីឱកាសសិក្សានៅប្រទេសអូស្រ្តាលី

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលា បាននាំសិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា ទៅចូលរួមទទួលសេវាប្រឹក្សាពីស្ថាប័នអប់រំចំនួន៤៦ ដែលមកពីប្រទេសអូស្ដ្រាលី ត្រូវបានរៀបចំឡើងដោយ IDP Education នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា ដើម្បីផ្ដល់វេទិកាសម្រាប់សិស្ស និស្សិត និងអាណាព្យាបាល ក្នុងការប្រឹក្សាជាមួយស្ថាប័នអប់រំល្បីៗ។ ការផ្ដល់សេវាកម្មប្រឹក្សាពីស្ថាប័នល្បីៗដល់សិស្សទាំងនោះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្ស និស្សិត ជាពិសេសសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមខ្លួនសិក្សានៅមហាវិទ្យាល័យនាថ្ងៃខាងមុខ។សិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធីប្រឹក្សាពីការសិក្សានេះ នឹងទទួលបានចក្ខុវិស័យល្អៗសម្រាប់សិក្សា ហើយនឹងធ្វើឱ្យពួកគាត់ប្រឹងប្រែងរៀនសូត្របន្ថែម ដើម្បីជោគជ័យក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅពេលដ៏ខ្លីខាងមុខនេះ។ លើសពីនេះ ក៏ជាស្ពានចម្លងសម្រាប់សិស្ស ដែលមានបំណងសិក្សានៅក្រៅប្រទេស ហើយជាជម្រើសក្នុងការជ្រើសរើសសាកលវិទ្យាល័យល្បីៗនៅអឺរ៉ុប និងប្រទេសអូស្ត្រាលី សម្រាប់សិក្សា ជាពិសេសបានជួបសន្ទនា ឬពិភាក្សាជាមួយអ្នកតំណាងសកលវិទ្យាល័យល្បីៗនៅទ្វីបអឺរ៉ុបទាំងនោះផងដែរ។ លោក ម៉ៅ ស្រេង អគ្គនាយកប្រចាំប្រទេសកម្ពុជា នៃស្ថាប័ន IDP/ACE បានលើកឡើងថា “ដំណើរការណ៍សមាហរណកម្មអាស៊ាន និងសេច្ឋកិច្ចបែបទំនើប គឺពឹងផ្អែកលើការអប់រំ ដែលមានគុណភាព និងមានលក្ខណៈអន្តរជាតិ ដែលជាទ្រព្យដ៏មានសារៈសំខាន់មួយសម្រាប់សិស្ស និស្សិតកម្ពុជា ដើម្បីប្រកួតប្រជែងទីផ្សារការងារ និងសម្រាប់ការងារដែលគេប្រាថ្នា”។ អត្ថបទដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ

កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់សិស្សបឋមសិក្សា

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ចាងហ្វាង និងចាងហ្វាងរងនៅបឋមសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង ឆ្នាំសិក្សាថ្មី២០១៧-២០១៨​ អគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំកិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់សិស្សបឋមសិក្សាដើម្បីធ្វើការផ្តល់ព័ត៌មានទូទៅរបស់សាលា។បន្ថែមលើពីនេះទៀតចាងហ្វាងបានពន្យល់ពីតួនាទី កាតព្វកិច្ចនិងភាពទទួលខុសត្រូវក្នុងនាមជាប្រធាន និងអនុប្រធានថ្នាក់ដែល​ជា​អ្នក​ដឹក​នាំ​សមាជិក​ក្រុម​ ត្រូវ​តែ​សិស្ស​ពូកែ ​មាន​ឥរិយាបថល្អ​ ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើភារកិច្ច​ ​​និង​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ទៀត​ ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​ដល់​គេហើយត្រូវសហការជាមួយគ្រូបន្ទុកថ្នាក់ និងចាងហ្វាង។ ​ក្នុងពេលនោះបាន​បង្ហាញ​ពី​ព្រឹត្តិការណ៍​ ​ឬ​កម្មវិធី​ផ្តល់​ចំណេះដឹង​ពិសេសៗ​របស់​សាលា​ដល់​សិស្ស​ឱ្យ​បាន​ជ្រាប​កាន់​តែ​ច្បាស់​ ហើយ​ចែក​ចាយ​ព័ត៌មាន​ទាំង​នោះ​បន្ត​ទៅ​សិស្សានុសិស្ស​ផ្សេង​ទៀត​ ដែល​ជា​មិត្តភក្ដិ​ឱ្យ​បាន​ចូល​រួម​ក្រេប​ជញ្ជក់​ចំណេះដឹង​ទាំង​នោះ​ផងដែរ។ ប្រធាន និងអនុប្រធានថ្នាក់​នឹង​មាន​ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ​ ​គ្រប់គ្រង​ ​ទាក់​ទង​សាធារណៈ​ និង​ទំនាក់​ទំនង​ទូទៅ​ប្រកប​ដោយ​ទំនុក​ចិត្តខ្ពស់​ ​ដែល​កើត​ចេញ​ពី​ការ​រៀន​ទទួល​ខុសត្រូវ​ ​ការ​ដោះ​ស្រាយ​បញ្ហា​ ហើយ​សិស្ស​ក៏​ទទួល​បាន​បណ្ណសរសើរ​លើក​ទឹក​ចិត្ត​ពី​សាលា​ដែល​ខ្លួន​បាន​រៀន​មួយឆ្នាំសិក្សា។

បទបង្ហាញស្តីពី បទបញ្ជាផ្ទៃក្នុងរបស់សិស្ស ជូនដល់សិស្សថ្នាក់ទី៧ ដល់ទី៨

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀនបានរៀបចំការធ្វើបទ​បង្ហាញ​​​ស្ដី​ពីបទបញ្ញត្តិសម្រាប់សិស្សានុសិស្សចំណេះទូទៅ(ទៅតាមសាខា និងពេលវេលាខុសៗគ្នា)ជូនសិស្សានុសិស្សថ្នាក់ទី៧ និងទី៨ ដោយលែកថ្នាក់ទី៩ដល់ថ្នាក់ទី១២ ធ្វើបទបង្ហាញពេលក្រោយៗទៀត ការ​​​​ធ្វើ​បទបង្ហាញដោយក្រុមប្រឹក្សាវិន័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅសាលប្រជុំ សូវ ហុង​គុយ សាខាម៉ៅសេទុង (ការិយា​ល័យកណ្តាល) ដែល​មានវត្តមានលោកគ្រូ អ្នកគ្រូចូល​រួម​ និង​សិស្សានុសិស្ស​វេន​ព្រឹក  និងវេនរសៀលចូល​រួម។ ក្នុង​ការ​ធ្វើបទបង្ហាញនោះដែរ ក្រុមប្រឹក្សាវិន័យដែល​ធ្វើបទ​បង្ហាញ​ដោយ​លោក សែម ពេជ្រ នាយក​ផ្នែក​កីឡា បានធ្វើការបង្ហាញយ៉ាង​ក្បោះក្បាយអំពីបទបញ្ញត្តិ វិន័យ និង​សណ្ដាប់​ធ្នាប់​​ទូទៅឱ្យ​សិស្សា​នុ​សិស្ស​កាន់តែយល់ច្បាស់​បន្ថែមទៀត ហើយសិស្សានុសិស្សបាន​ឆ្លង​ឆ្លើយ​​សំ​ណួរ និងកត់​ត្រា​យ៉ាង យកចិត្តទុកដាក់។ ក្នុងនោះផងដែរ លោកគ្រូ យ៉ុង សំណាង និងអ្នកគ្រូ លួន ស្រី​ទូច អ្នកប្រឹក្សា សិក្សាសាលា បានពន្យល់ទៅសិស្សានុសិស្សពីបញ្ហាអាកប្បកិរិយា ការប្រើ​ប្រាស់​​ពាក្យ​សម្តី បញ្ហា​ចំនួន​​អវត្តមានច្រើន បញ្ហាពេលធ្វើកិច្ចការផ្ទះជូនលោកគ្រូ អ្នកគ្រូជាដើម។

ការធ្វើបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុងរបស់សិស្ស

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំធ្វើបទបង្ហាញពីបទបញ្ជាផ្ទៃក្នុងរបស់សិស្សនៅសាលប្រជុំ សូវ ហុងគុយ អគារ លិម គីមណយ សាខាម៉ៅសេទុង ដោយអ្នកគ្រូ ពៅ ស៊ី ថា។ ដោយសិស្សានុសិស្សទើបចូលរៀនបានប្រហែលជិតបានមួយសប្តាហ៍ប៉ុណ្ណោះខាងសាលាបានរៀបចំបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុងជូនដល់សិស្សថ្នាក់ទី៥ និងទី៦គឺដើម្បីឱ្យសិស្សានុសិស្សយល់ឱ្យបានច្បាស់អំពីច្បាប់ទំលាប់ វិន័យ សុជីវធម៍ និងធ្វើកិច្ចការផ្ទះ។ ពីព្រោះនៅខែបន្ទាប់ពីនេះគឺខែវិច្ឆិកា ឆ្នាំ២០១៧ នាពេលខាងមុខនេះសាលាចាប់ផ្តើមអនុវត្តច្បាប់ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់សិស្សឱ្យមានប្រសិទ្ធភាព១០០%។