អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “កន្លែងកម្សាន្ត ដែលស្អាតៗបំផុតនៅខេត្តសៀមរាប”
អត្ថបទដោយ : ពូន វាសនា

១. សហគមន៍ទេសចរណ៍បន្ទាយស្រី :
សហគមន៍ទេសចរណ៍បន្ទាយស្រី ជារមណីយដ្ឋានធម្មជាតិមានទីតាំងនៅខាងជើងជាប់ប្រាសាទបន្ទាយស្រី។ នៅទីនេះទេសចរភាគច្រើន ច្រើនរំលងបើមិនមានពេលវេលាគ្រប់គ្រាន់ ឯទេសចរជាតិក៏ដូចគ្នាដែរ ព្រោះមិនសូវមានអ្នកដឹង។ អាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោង ACHA របស់ប្រទេសញូវហ្សឺឡែន បានអភិរក្ស និងកែច្នៃត្រពាំងបុរាណឈ្មោះ «ស្រែព្រៃ» ឱ្យក្លាយជាសហគមន៍ទេសចរណ៍ដែលមានឈូករីករហង់ មានទេសភាពធម្មជាតិដ៏ស្រស់បំព្រងលម្អដោយទឹកត្រពាំងថ្លាយង់ និងភ្នំដ៏ខៀវស្រងាត់នាទិសខាងកើត។ ទីនេះស័ក្តិសមបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិ មានខ្យល់អាកាសបរិសុទ្ធ មានភាពស្ងប់ស្ងាត់ក្នុងការផ្ចង់អារម្មណ៍ មានម្ហូបអាហាររបៀបអ្នកស្រុក និងសកម្មភាពប្រពៃណីផ្សេងៗទៀត។ នៅទីនេះមានសេវាកម្មជិះទូកដែលពេញនិយមជាងគេ ជិះរទេះគោ ស្ទួចត្រី ស្ទូង/ច្រូតស្រូវ និងការរៀបចំអាហារសាមគ្គីរបៀបអ្នកស្រុកបានចំនួន១០០នាក់។ អ្នកទេសចរអាចមកកម្សាន្តទីនេះជា លក្ខណៈឯកជន គ្រួសារ និងជាក្រុមក៏បាន ដើម្បីស្វែងយល់ពីការរស់នៅរបៀបអ្នកស្រុក ជិះទូកលម្ហែកាយក្នុងត្រពាំង ថតរូបភាពស្អាតៗតាមចំណូលចិត្ត និងពិសាអាហារឆ្ងាញ់ៗ មានតម្លៃសេវាកម្មសមរម្យ ។
២. រមណីយដ្ឋានភូមិលិចទឹកកំពង់ភ្លុក :
កំពង់ភ្លុកជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញលើទឹកដីខេត្តសៀមរាប កើតចេញពី៣ភូមិបណ្ដែតលើទឹករួមគ្នា។ តំបន់ទេសចរណ៍ដ៏កម្រនេះ មានចម្ងាយប្រមាណ១៦គីឡូម៉ែត្រពីទីរួមខេត្ត និងហ៊ុមព័ទ្ធដោយព្រៃលិចទឹកជាច្រើនប្រភេទ ហើយក៏ជាតំបន់អភិរក្សសត្វស្លាបសំខាន់មួយក្នុងប្រទេសកម្ពុជា។ តាមប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថា ភូមិបណ្ដែតទឹកកំពង់ភ្លុក មានប្រជាជនរស់នៅប្រមាណជាង៣០០០នាក់។ ពេលទៅលេងកម្សាន្តនៅទីនោះ ភ្ញៀវទេសរអាចនឹងជាប់ចិត្តជាមួយសម្រស់ធម្មជាតិដ៏ត្រកាល អាចទស្សនាសត្វស្លាបរហូតទៅដល់ជាង១០០ប្រភេទ រួមទាំងត្រីចម្រុះហែលឆ្វាត់ឆ្វែងគួរជាទីទស្សនា។
៣. ទំនប់ម្កាក់ :
ទំនប់ម្កាក់នៅខេត្តសៀមរាប បានក្លាយជាកន្លែងលេងកម្សាន្តដ៏សប្បាយរីករាយ កំពុងទាក់ទាញភ្ញៀវទេសចរឆ្ងាយជិត ទៅងូតលេងកម្សាន្តរាប់រយនាក់ក្នុងមួយថ្ងៃៗ។ ទំនប់ម្កាក់មានទីតាំងស្ថិតក្នុងភូមិទំនប់ម្កាក់ ឃុំគោកធ្លក លើស្រុកជីក្រែង ខេត្តសៀមរាប មានចម្ងាយប្រមាណ៨គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៦។ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះ អាចស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ គយគន់ទេសភាពដ៏ស្រស់បំព្រង ងូតទឹកលេងកម្សាន្ត ជាពិសេសនោះបានឃើញសកម្មភាពនេសាទដ៏មមាញឹកកម្រនឹងបានឃើញទៀតផង។ ក្រៅពីនេះភ្ញៀវទេសចរនឹងបានភ្លក្សនូវរសជាតិម្ហូបអាហារដ៏សម្បូរបែប អាហារជាច្រើនមុខមានដូចជា មាន់ដុត ត្រីអាំង កង្កែបបោក សម្លបែបស្រុកស្រែគ្រប់មុខ មានផ្ដល់យ៉ាងពិសេសក្នុងតម្លៃសមរម្យ។ ចំពោះភ្ញៀវទេសចរដែលទៅលេងកម្សាន្ត សូមមើលអំពីបម្រាមមួយចំនួននៅទីនោះ ដើម្បីការពារសុខសុវត្ថិភាព ចៀសវាងលេងទឹកកន្លែងណាដែលមានជម្រៅជ្រៅ ប្រុងប្រយ័ត្នចំពោះកុមារតូចៗ ជាពិសេសក្នុងរដូវវស្សាដែលចរន្តទឹកហូរ អាចមានសភាពខ្លាំងខុសពីធម្មតា។
៤. ពើងគំនូរ :
នៅទីនេះ មានដើមឈើត្រឈឹងត្រឈៃ ហ៊ុមព័ទ្ធដោយផ្ទាំងថ្មធំៗ ហើយមានចម្លាក់ជាប់ផ្ទាំងថ្មដ៏អស្ចារ្យ ដែលបន្សល់ទុកតាំងពីសតវត្សរ៍ទី១១មក។ ចំណែកឯផ្លូវចូលមានដើមឫស្សីដុះយ៉ាងក្រាស់ឃ្មឹកអមសងខាងគ្របលើផ្លូវចូល ប្រៀបដូចជាល្អាងភ្នំមួយយ៉ាងវែងអន្លាយរហូតដល់ទៅ៣គីឡូម៉ែត្រឯណោះ។ នៅទីនោះត្រជាក់ស្រឹប ព្រោះតែឥទ្ធិពលនៃផ្ទាំងថ្ម និងដើមឈើធំៗធ្វើឱ្យយើងមានអារម្មណ៍ថា កំពុងស្ថិតនៅទីតាំងមួយដូចគេប្រសិទ្ធឡើង។ រូបចម្លាក់ប្លែកៗខុសពីគ្នាជាច្រើន ត្រូវបានដាប់ឆ្លាក់នៅជាប់នឹងផ្ទាំងថ្ម កម្ពស់ប្រមាណចាប់ពី៥ម៉ែត្រឡើង។ ដើម្បីអាចទៅដល់ទីតាំងនោះ គឺត្រូវធ្វើដំណើរតាមផ្លូវទៅប្រាសាទបឹងមាលា ជិះទៅត្រង់រហូតដល់ផ្លូវបំបែកស្វាយលើ បត់ទៅទិសខាងកើត (ស្ដាំដៃ) ប្រហែល១គីឡូម៉ែត្រ នោះនឹងទៅដល់ជើងភ្នំគូលែន។ ទៅដល់ទីនោះត្រូវធ្វើដំណើរតាមផ្លូវមួយដែលគ្របដណ្ដប់ដោយឫស្សីប្រមាណ៣គីឡូម៉ែត្រទៀត ទើបទៅដល់ទីតាំងដ៏អស្ចារ្យនេះ។
៥. គយគន់ថ្ងៃលិចនៅភ្នំក្រោម :
និយាយដល់រឿងគយគន់ថ្ងៃលិចនៅសៀមរាប គេប្រាកដជានឹកដល់ប្រាសាទបាខែងជាមិនខាន ព្រោះអីកន្លែងនេះមានមនុស្សទៅមើលច្រើនរាល់ថ្ងៃ មិនដែលអត់ម្ដងណាទេ។ ប៉ុន្តែកន្លែងមើលថ្ងៃលិចមួយទៀត ដែលកំពុងតែទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិឱ្យទៅទស្សនា ត្បិតអីវាមិនសូវមានមនុស្សច្រើនដូចនៅបាខែង។ កន្លែងមួយនេះ គឺមានឈ្មោះថាប្រាសាទភ្នំក្រោម ដែលមានទីតាំងនៅទិសនិរតី ចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងសៀមរាប។ អ្នកចង់ទៅទស្សនាអាចធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូង ហើយភ្នំនេះស្ថិតនៅខាងជើងបឹងទន្លេសាប អាចឱ្យប្រិយមិត្តគយគន់ទេសភាពថ្ងៃលិច ឆ្លុះចាំងពីទន្លេបានយ៉ាងស្រស់ស្អាតទៀតផង៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://news.sabay.com.kh/article/1111431