អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “កន្លែងបោះតែនតិ៍ដ៏ពេញនិយមនៅឧទ្យានជាតិគីរីរម្យ”
អត្ថបទដោយ : សុង សេរីនាថ
ឧទ្យានជាតិគីរីរម្យ គឺជាតំបន់ធម្មជាតិដ៏មានភាពទាក់ទាញពីប្រជាជនខ្មែរ ព្រោះនៅទីនោះសម្បូរដោយកន្លែងធម្មជាតិស្អាតៗ សម្រាប់មនុស្សធ្វើដំណើរកម្សាន្ត និងបោះតែនតិ៍លេងកម្សាន្តជាលក្ខណៈគ្រួសារ ឬមិត្តភក្តិ។ តើកន្លែងណាខ្លះដែលប្រជាជនខ្មែរនិយមបោះតែនតិ៍?
តំបន់ទេសចរណ៍មួយនេះ មានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ ដែលមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មានទេ។ មិនត្រឹមតែប៉ុណ្ណោះ ឧទ្យានជាតិគីរីរម្យ មានកន្លែងសម្រាប់លេងកម្សាន្តជាច្រើនកន្លែង ជាពិសេសយុវជននិយមបោះតែនតិ៍លេងនៅទីនោះតែម្តង។ ខាងក្រោមនេះគឺជាទីតាំង៤ន្លែង ដែលពេញនិយមបំផុត៖

បឹងចំការតែគីរីរម្យ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល៦៤គីឡូម៉ែត្រពីវិមានឯករាជ្យកំពង់ស្ពឺ។ បើនិយាយពីទេសភាពវិញ គឺមានទាំងភ្នំ បឹង នៅជុំវិញដែលមានខ្យល់អាកាសបរិសុទ្ធអាចឱ្យលោកអ្នករំសាយទុក្ខសោក និងភាពហត់នឿយពីការងារបានមួយចំនួនធំ ដែរ។ នៅបឹងចំការតែ លោកអ្នកអាចស្ទួចត្រី ឡើងភ្នំ លេងទឹក ជិះទូកយ៉ាងសប្បាយរីករាយ។ ម្យ៉ាងទៀត វាមានភាពងាយស្រួលសម្រាប់អ្នកបោះតែនតិ៍ ព្រោះនៅជិតប្រភពទឹកស្រាប់។
២. ថ្មលយ :
ថ្មលយ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រហែល៧០គីឡូម៉ែត្រ ពីវិមានឯករាជ្យខេត្តកំពង់ស្ពឺ។ ថ្មលយ ជាថ្មដែលដុះដោយធម្មជាតិ មានសម្រស់យ៉ាងស្រស់ស្អាតជាមួយនឹងធម្មជាតិ និងព្រៃប្រឹក្សានៅជុំវិញនោះ គួបផ្សំជាមួយខ្យល់អាកាសដ៏បរិសុទ្ធ។ ថ្មលយ មានកម្ពស់១៤៦ម៉ែត្រ។ ចំណុចពិសេសនៅទីនោះ គឺមានថ្មដុះលយដោយធម្មជាតិគួរជាទីស្ងប់ស្ងែង ដែលមនុស្សភាគច្រើនតែងតែនិយមបោះតែនតិ៍នៅទីនោះមិនចាញ់តំបន់ផ្សេងទេ។
៣. ជ្រោះផ្តាច់ព្រលឹង :
ជ្រោះផ្តាច់ព្រលឹង ក៏ជាទីកន្លែងដ៏ពេញនិយមមួយកន្លែងទៀតសម្រាប់អ្នកចូលចិត្តការបោះតែនតិ៍គេងក្នុងព្រៃ និងដើរផ្សងព្រេង។ ឈ្មោះជ្រោះផ្តាច់ព្រលឹងស្តាប់មើលទៅគួរឱ្យខ្លាចណាស់ ប៉ុន្តែធាតុពិតនៅពេលទៅដល់ជាក់ស្តែងទើបដឹងថា ជាទីកន្លែងមួយដ៏ស្រស់ស្អាត គួរឱ្យទាក់ទាញមិនខុសពីតំបន់ផ្សេងទៀតឡើយ។ ជ្រោះផ្តាច់ព្រលឹង ជាទីកន្លែងមួយស្រស់ស្អាត មានភាពស្ងប់ស្ងាត់ បរិយាកាសល្អ ស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តបោះតែនតិ៍បែបស្ងប់ស្ងាត់ ចង់ស្តាប់សំឡេងធម្មជាតិ មិនចូលចិត្តសំឡេងរំខាននានា។
៤. ឧទ្យានបោះតែនតិ៍គីរីរម្យ :
ឧទ្យានបោះតែនតិ៍នៅគីរីរម្យ គឺជាកន្លែងមួយថ្មីប្លែកដែលទើបតែបើកដំណើរការនៅក្នុងខែកុម្ភៈ កន្លងទៅប៉ុណ្ណោះ។ កន្លែងមួយនេះស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តបោះតែនតិ៍លេងកម្សាន្ត តែមិនចូលចិត្តលក្ខណៈផ្សងព្រេង។ នៅទីនោះ មានបន្ទប់ទឹក មីនីម៉ាត ហាងកាហ្វេ ឈុតអាហារគោឡើងភ្នំ Music Band ជាដើម។ ចំពោះការរៀបចំវិញ គឺស្រស់ស្អាតប្រៀបដូចនៅបរទេសអ៊ីចឹង ហើយលោកអ្នកចំណាយពេលត្រឹមតែ១ម៉ោងកន្លះតែប៉ុណ្ណោះ នឹងទៅដល់ឧទ្យានបោះតែនតិ៍មួយនេះ។ សូមបញ្ជាក់ថា នៅក្នុងឧទ្យានបោះតែនតិ៍ គឺគិតតម្លៃសេវាកម្មផ្សេងៗទៅតាមប្រភេទនីមួយៗ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖