កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ លោកស្រី ប៉ែន មាលតី តំណាងគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រមាណ១៥នាក់ បានចូលរួមកម្មវិធីបណ្តុះបណ្តាលវគ្គត្រៀមប្រឡងតែង និងសូត្រកំណាព្យលើប្រធានបទ “ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ” នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ កម្មវិធីនេះ នឹងរៀបចំធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យរយៈពេល១០សប្តាហ៍មុននឹងប្រឡងផ្តាច់ព្រ័ត្រ ហើយសម្រាប់តែសិស្សកម្រិតថ្នាក់ទី៩ដល់ទី១២ ដែលមានចំណាប់អារម្មណ៍។
បុព្វហេតុដែលសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមរៀនត្រៀមប្រឡងទាក់ទងនឹងប្រធានបទប្រវត្តិសាស្ត្រខ្មែរក្រហមនេះ គឺដើម្បីជំរុញឱ្យសិស្សបានរៀនសូត្រអំពីប្រវត្តិសាស្ត្រខ្មែរនាសម័យកម្ពុជាប្រជាធិបតេយ្យឱ្យបានកាន់តែស៊ីជម្រៅ បង្កើនការឈ្វេងយល់ បណ្ដុះគំនិតក្នុងការកសាងសន្តិភាព និងការផ្សះផ្សារគ្នាក្នុងសង្គមខ្មែរដោយបង្ការទប់ស្កាត់អំពើប្រល័យពូជសាសន៍។ ម្យ៉ាងសាលាក៏មានចេតនាឱ្យសិស្សានុសិស្សខ្លួនសិក្សាឈ្វេងយល់ពីវិធីឬរបៀបតែងកំណាព្យខ្មែរប្រកបដោយអត្ថន័យមានតម្លៃអប់រំស៊ីនឹងប្រធានបទដែលខ្លួនតែងនោះ ឬអាចនិយាយតាមបែបផ្សេងថា ពួកគេនឹងចេះប្រើប្រាស់ពាក្យកាព្យប្រកបដោយរូបារម្មណ៍ខ្ពស់ តាមរយៈការសិក្សាមូលដ្ឋានគ្រឹះនៃការតែងកំណាព្យ។
កម្មវិធីប្រឡងតែង និងសូត្រកំណាព្យលើប្រធានបទខ្មែរក្រហមនេះ ជាកម្មវិធីថ្មីមួយដែលសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង រៀបចំឡើងក្នុងគោលបំណងបំផុសទឹកចិត្តយុវជនឱ្យចូលរួមឈ្វេងយល់ពីសោកនាដកម្ម ការរំលោភសិទ្ធិមនុស្ស និងវិនាសកម្មទាំងឡាយដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ទន្ទឹមនឹងនោះ សារមន្ទីរមួយនេះនឹងតម្កល់ទុករាល់អត្ថបទកំណាព្យដែលជាស្នាដៃសិស្សានុសិស្សបានតាក់តែងឡើងនោះ ជាឯកសារថ្មីមួយប្រភេទបង្ហាញពីការយល់ដឹង និងចំណាប់អារម្មណ៍យុវជនជំនាន់ក្រោយលើប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ៕