កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ បានរៀបចំធ្វើបទបង្ហាញអំពីបច្ចេកទេសសិល្បៈគូរគំនូរលើផ្ទៃមុខ ដោយលោក ងិន សុខចាន់ថន ប្រធានក្រុមវិចិត្រករនៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំ ជូនដល់បណ្ណារក្សនៃបណ្ណាល័យ ម៉េងលី ជេ. គួច នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រមាណជាង១០នាក់ ស្ថិតនៅអគារ លីម គីមណយ ក្នុងបរិវេណបណ្ណាល័យ ម៉េងលី ជេ. គួច ដើម្បីត្រៀមខ្លួនគូរគំនូរជូនសិស្សានុសិស្សក្នុងកម្មវិធីទិវាជាតិអំណានលើកទី២របស់វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង នាថ្ងៃទី៩ ខែមីនា ខាងមុខនេះ។ លោកបានលើកយកសិល្បៈគំនូរ៧ប្រភេទមកបង្ហាញ ក្នុងនោះរួមមាន គំនូររូបថត, គំនូរបុរាណ, គំនូរអរូបិយ, គំនូររចនា, គំនូរ 3D គំនូរព្រះបត់ និងគំនូរទេសភាព។
ក្នុងចំណោមគំនូរទាំង៧ប្រភេទដែលលើកយកមកបង្ហាញ លោកអះអាងថា គំនូរដែលពិបាកគូរជាងគេ និងត្រូវការផ្ចិតផ្ចង់ជាងគេ គឺគំនូរបុរាណ ព្រោះវាមានក្បាច់រចនាពិបាកៗ។ បន្ទាប់ពីបង្ហាញឱ្យបណ្ណារក្សស្គាល់ពីប្រភេទគំនូររួចមកប្រធានក្រុមវិចិត្រកររូបនេះ ក៏បានបង្រៀនពីរបៀបលាយពណ៌ថ្នាំ និងរបៀបគូរគំនូរលើផ្ទៃមុខផងដែរ។