កម្មវិធី​សិក្សា​ពិសេស​របស់​យើង​នី​មួយ​ៗត្រូវ​បាន​រៀបចំ​ និង​ច្នៃប្រឌិត​ឡើង​សម្រាប់​ការអប់រំ​ និង​​បណ្តុះបណ្តាល​ប្រកបដោយ​ គុណភាព​ និង​ប្រសិទ្ធភាព​បំផុត​ ស្របតាម​គុណភាព​អប់រំ​នៃ​ប្រទេស​ជឿន​លឿន​ផ្សេង​ៗលើ​ពិភពលោក​ និង​តម្លៃ​ផ្ទាល់​នៃ​ប្រទេស​កម្ពុជា​។ ​ជាមួយ​កម្មវិធី​បន្ថែម​ទាំងនេះ​ កូន​ៗនឹង​ទទួល​បាន​លទ្ធផល​ចំណេះដឹង​ ចំណេះធ្វើ​ និង​ជំនាញ​ទន់​ពេញលេញ​ស្របតាម​តម្រូវការ​ជា​កម្រិត​សកល​ដើម្បី​ឱ្យ​ពួកគាត់​ត្រៀមខ្លួន​សម្រាប់​ភាព​ជោគជ័យ​នៃ​ការសិក្សា​បន្ត​ និង​ត្រៀមខ្លួន​ក្លាយជា​ធនធានមនុស្ស​ប្រកប​ដោ​យ​សក្តានុពល និង​ប្រសិទ្ធភាព​សម្រាប់​សង្គម​ និង​ពិភពលោក​នា​ពេល​អនាគត​។

កម្មវិធីកុំព្យូទ័រ

នៅក្នុង​បរិបទ​សង្គម​ និង​ពិភពលោក​មួយ​ដែល​មានការ​ផ្លាស់​ប្តូរ​ និង​តម្រូវការ​បច្ចេកវិទ្យា​​ជាចាំបាច់​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​យើង​ បាន​បញ្ចូល​កម្មវិធី​សិក្សា​ផ្នែក​កុំព្យូទ័រ​តាំងពី​ថ្នាក់​ទី២នៃ​បឋមសិក្សា​ និង​កម្មវិធី​សិក្សា​ជំនាញ​នៅ​ថ្ងៃសៅរ៍​សម្រាប់​ថ្នាក់​មធ្យមសិក្សា​ពី​ថ្នាក់​ទី៧​ ដល់ទី១២​ ដើម្បី​ឱ្យ​​កូន​ៗមាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ និង​ស្ទាត់ជំនាញ​ក្នុង​ការប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យាជា​សម្រាប់​ការសិក្សា​ និង​ស្រាវជ្រាវ​ ក៏ដូចជា​ការប្រើ​ប្រាស់​សម្រាប់​ជីវិត​ការងារ​ ឬអាជីវកម្ម​របស់​ពួកគាត់​នា​ពេល​អនាគត​ដែល​ជា​ជំនាញ​មួយ​ដែល​សង្គម​ និង​ពិភពលោក​បច្ចុប្បន្ន​កំពុង​ត្រូវការ​ចាំបាច់​។

កម្មវិធីសិក្សាភាសាអង់គ្លេស

ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​ភាសា​អន្តរជាតិ​ដែល​ជា​ភាសា​យាន្ត​ចាំបាច់​សម្រាប់​ការ​ ស្រាវជ្រាវ​ និង​ទំនាក់ទំនង​ បន្ទាប់ពី​ភាសាជាតិ​(ភាសាខ្មែរ​) យើង​បាន​ធ្វើការ​បញ្ចូល​កម្មវិធី​សិក្សា​ភាសាអង់គ្លេស​តាំងពី​ថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ។ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កូន​ៗមាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ យល់​កាន់តែ​ច្បាស់​ពី​អន្តរ​វប្បធម៌​ពិភពលោក​ និង​មាន​ភាព​ស្ទាត់ជំនាញ​ក្នុង​ការប្រើ​ប្រាស់​ជា​ប្រយោជន៍​សម្រាប់​ការសិក្សា​ ការស្រាវជ្រាវ​ ការ​ទំនាក់ទំនង​ ព្រមទាំង​បម្រើ​វិស័យ​ការងារ​ និង​អាជីវកម្ម​ប្រកបដោយ​គុណភាព​ និង​វិសាលភាព​របស់​ពួកគាត់​នា​ពេល​អនាគត​។

កម្មវិធីសិក្សាផ្នែកសិល្បៈ(តន្ត្រី និងរបាំ)

កម្មវិធី​សិក្សា​សិល្បៈ​ផ្នែក​តន្រ្តី​ និង​របាំ​ ជា​កម្មសិក្សា​ជំនាញ​បែប​កម្សាន្ត​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ទីមួយ​ក្នុង​គោលបំណង​បង្ក​បរិយាកាស​រីករាយ​នា​ចុង​សប្តាហ៍​ដល់​កូន​ៗបន្ទាប់ពី​ការសិក្សា​មុខវិជ្ជា​គោល​របស់​ពួកគាត់​ស្ទើរតែ​ពេញ​មួយ​សប្តាហ៍​។ ទីពីរ​ ជាមួយ​ការសិក្សា​នៃ​កម្មវិធី​នេះ​ គឺជា​ការ​បណ្តុះ​ដល់​ពួកគាត់នូវ​ការរៀបចំ​ឱ្យ​មាន​ឥរិយាបថ​ល្អ​ បង្កើត​គំនិត​ច្នៃប្រឌិត​ ការបង្កើត​ថ្មី​ ទំនួល​ខុសត្រូវ​ ព្រមទាំង​ការ​ផ្តល់​តម្លៃ​នៃ​វប្បធម៌​ជាតិ​ និង​អន្តរ​ជា​តិ​ផ្សេង​ៗ។ ម្យ៉ាងវិញទៀត​ សកម្មភាព​នៃ​កម្មវិធី​នេះ​ ក៏​ជួយ​អភិវឌ្ឍ​ការលូតលាស់​នៃ​រាងកាយ​ និង​បញ្ញា​ស្មារតី​ ព្រមទាំង​បណ្តុះ​នូវ​ភាព​ក្លាហាន​ ទំនុកចិត្ត​ ស្មារតី​ក្រុម​ និង​ទំនាក់ទំនង​ល្អ​ដល់​ពួកគាត់​ផង​ដែរ​។

កីឡា

កម្មវិធី​សិក្សា​ផ្នែក​ជំនាញ​កីឡា​ដែល​មាន​លក្ខណៈ​សម្បូរ​បែប​របស់​យើង​(បាល់បោះ​ បាល់ទាត់​ បាល់ទះ​ ហែលទឹក​ វាយ​កូនឃ្លី​លើ​តុ​ ល្បុក្កតោ​ វាយកូនបាល់…) ជា​កម្មវិធី​ជំនួយ​បន្ថែម​ផ្នែក​ជំនាញ​មួយ​សម្រាប់​សិស្សានុសិស្ស​ទទួល​បាន​នូវ​ផលប្រយោជន៍​ដើម្បី​សុខភាព​​ ការលូតលាស់​កា​យ​សម្បទា បញ្ញា​ ស្មារតី​ ​និង​បណ្តុះ​នូវ​ស្មារតី​ក្រុម​ ភាព​ក្លាហាន​ និង​ភាព​រហ័សរហួន​ដែល​ជា​មូលដ្ឋាន​គ្រឹះ​មួយ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​សិក្សា​ឱ្យ​កាន់តែ​រីកចម្រើន​ និង​ជាសកម្ម​ភាព​លំ​ហែ​មួយ​បន្ទាប់ពី​ការ​ខំប្រឹង​សិក្សា​ស្ទើរតែ​ពេញ​មួយ​សប្តាហ៍​រួច​។

កម្មវិធីសិក្សាផ្នែកគេហកិច្ច

ជាមួយ​ការសិក្សា​នូវ​មុខជំនាញ​ផ្នែក​គេហកិច្ច​ កូន​ៗរបស់​លោកអ្នក​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​មូលដ្ឋាន​គ្រឹះ​នៃ​ការងារ​ផ្នែក​គេហកិច្ច​ យល់​ពី​តម្លៃ​សិល្បៈ​នៃ​ការរស់នៅ​ មាន​ទំនួល​ខុសត្រូវ​ ការ​សហការ​ មានស្មារតី​ក្រុម​ ព្រមទាំង​ផ្តល់​តម្លៃ​នៃ​កិច្ចការ​ផ្ទះ​ផ្សេង​ៗទៀត​ដែល​ជា​តម្រូវការ​ចាំបាច់​មួយ​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ក្នុង​ការរស់នៅ​ប្រកបដោយ​តម្លៃ​ និង​សុភមង្គល​ពេញលេញ​នៅក្នុង​គ្រួសារ​។ ជាមួយគ្នា​នេះ​ដែរ​ ការសិក្សា​នៃ​មុខវិជ្ជា​នេះ​ ជា​ប្រភេទ​នៃ​សកម្មភាព​មួយ​ដែល​ធ្វើ​ឱ្យ​កូន​ៗសិក្សា​ជាមួយ​បរិយាកាស​រីករាយ​ និង​អនុវត្ត​កម្មវិធី​ប្រកបដោយ​ភាតរភាព​រវាង​ពួកគាត់។

កម្មវិធីសិក្ខាសាលាអប់រំ

ការសិក្សា​នៅក្នុង​ថ្នាក់រៀន​ជាមួយ​គ្រូ​ដែល​មានគុណ​ភាពជា​ចំណែក​មួយ​យ៉ាង​ធំ​ក្នុង​ការ​ផ្តល់​ពុទ្ធិ​ដ៏​រឹង​មាំ​​ដល់​កូន​ៗ។ ហើយ​ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​នូវ​ការអប់រំ​ពេញលេញ​ និង​សម្បូរ​បែប​ សាលារៀន​អន្តរទ្វីប​ ​អាមេរិកាំង​ បាន​បង្កើត​នូវ​ការ​បណ្តុះបណ្តាល​បន្ថែម​ទៀត​តាម​រយៈ​​សិក្ខាសាលា​អប់រំ​ទូទៅ​ដល់​សិស្សានុសិស្ស​ជាមួយ​វា​គ្មិន​ល្បី​ៗខាងក្នុង​ និង​ខាងក្រៅ​ដែល​មក​ពី​​ស្ថានទូត​ ក្រសួង​ ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​នា​នា​ក្រោម​ប្រ​ធា​បបទ​ខុស​ៗគ្នា​ដែល​ទាក់ទង​នឹង​ការអប់រំ​ទូទៅ​ បញ្ហា​សង្គម​ វប្បធម៌​ សុខភាព​ បច្ចេកវិទ្យា​ សហគមន៍​ និង​ព័ត៌មាន​សំ​ខាន់​ៗផ្សេង​ៗនៃ​ការសិក្សា​ជាដើម​។ តាមរយៈ​កម្មវិធី​នេះ​ កូន​ៗនឹង​ទទួល​បាន​ពុទ្ធិ​ជា​លក្ខណៈ​សកល​ដែល​មានប្រយោជន៍​សម្រាប់​ការសិក្សា​ និង​ការរស់​នៅ​របស់​ពួកគេ​​នា​ពេល​បច្ចុប្បន្ន​ និង​ដើម្បី​ក្លាយ​ខ្លួន​ជា​បញ្ញវន្ត និង​ប្រជាពលរដ្ឋ​ប្រកប​ដោយសក្តានុពល​សម្រាប់​សង្គមជាតិ​ និង​ពិភពលោក​នា​ថ្ងៃ​អនាគត​។

កម្មវិធីដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំ

កម្មវិធី​ដំណើរ​ទស្សនកិច្ច​សិក្សា​ប្រចាំឆ្នាំ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដឹកនាំ​សិស្សានុសិស្ស​តាម​កម្រិត​ថ្នាក់​នី​មួយ​ៗធ្វើការ​សិក្សា​ ស្រាវជ្រាវ​ ស្វែងយល់​ បណ្តុះ​នូវ​ការយល់​ដឹង​ សកម្មភាព​មនុស្សធម៌​ និង​ការ​ ផ្តល់​តម្លៃ​ឱ្យ​បាន​ទូលំទូលាយ​តាមរយៈ​ការ​ធ្វើទស្សនកិច្ច​នៅ​តាម​តំបន់​រមណីដ្ឋាន​វប្បធម៌​ ប្រវត្តិសាស្ត្រ​ ធម្មជាតិ​ កសិកម្ម​ និង​ជីវភាពរស់នៅ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ដោយ​ផ្សាភ្ជាប់​ជាមួយ​កម្មវិធី​សិក្សា​របស់​ពួកគាត់​នៅក្នុង​ថ្នាក់រៀន​។ ជាមួយគ្នា​នេះ​ដែរ​ វា​ជា​ឱកាស​រួម​មួយ​នៃ​ការ​លំ​ហែ និង​កសាង​មិត្តភាព​យ៉ាង​ជិតស្និទ្ធ​រវាង​ពួកគាត់បន្ទាប់ពី​ធ្វើការ​សិក្សា​នៅក្នុង​សាលា​ពេញ​មួយឆ្នាំ​។

កម្មវិធីពិសោធ

ដើម្បី​ធ្វើ​ឱ្យ​គុណភាព​អប់រំ​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ស្របតាម​ស្តង់ដារ​ជា​កម្រិត​សកល​ បន្ទប់​ពិសោធ​ដែល​បំពាក់​ទៅ​ដោយ​សម្ភារ​ និង​ឧបករណ៍​ទំនើប​សម្រាប់​កម្មវីធី​ពិសោធ​ជាពិសេស​លើ​មុខវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ​( រូបវិទ្យា​ គីមីវិទ្យា​ ជីវវិទ្យា​ ផែនដីវិទ្យា​…) ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​សិស្សានុសិស្ស​ធ្វើការ​ពិសោធ​ សិក្សា​ ស្រាវជ្រាវ​ និង​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​អំពី​បាតុភូត​ ចលនា​ ប្រតិកម្ម​ ឬលក្ខណៈ​នៃ​វត្ថុ​ អង្គធាតុ​ រូបធាតុ​ រុក្ខជាតិ​ និង​ធម្មជាតិ​ដើម្បី​ឱ្យ​ពួកគេ​យល់​កាន់តែ​ច្បាស់​ និង​មានចំណេះ​ដឹង​រឹង​មាំជា​កម្រិត​សកល​ស្របតាម​គុណភាព​អប់រំ​នៃ​ប្រទេស​ជឿនលឿន​នានា​ដោយ​ផ្សាភ្ជាប់​ជាមួយ​ការសិក្សា​មេរៀន​នៃ​មុខ​វិ​ជ្ជា​ផ្សេង​ៗដែល​ពួកគាត់​សិក្សា​នៅក្នុង​ថ្នាក់​។

កម្មវិធីសិក្សាស្វែងយល់ខាងក្រៅ

កម្មវិធី​នេះ​ជា​កម្មវិធី​សិក្សា​បន្ថែម​ ដោយ​ដឹក​នាំ​កូន​ៗចូលរួម​ក្នុង​សិក្ខាសាលា​ ការ​បណ្តុះបណ្តាល​ ឬទស្សនកិច្ច​សិក្សា​នៅ​តាម​ស្ថានទូត​ មណ្ឌល​វប្បធម៌​ ទេសចរ​ សហគ្រាស​ ឬក្រុម​ហ៊ុន​ធំៗ​ក្នុង​គោលបំណង​បណ្តុះ​ និង​ពង្រីក​នូវ​វិសាលភាព​ចំណេះ​បន្ថែម​លើវ​ប្ប​ធម៌​ ប្រវត្តិសាស្ត្រ​ សង្គម​ ការគ្រប់គ្រង​ បច្ចេកវិជ្ជា​ លក្ខណៈ​អាជីវកម្ម​ ចំណេះដឹង​ថ្មី​ដែល​ទាក់ទង​នឹង​ការសិក្សា​ និង​ជំនាញ​ទន់​ (soft​ skills​) ផ្សេង​ៗដើម្បី​ឱ្យ​ពួកគាត់​ត្រៀមខ្លួន​ក្លាយជា​បញ្ញវន្ត និង​ធនធាន​ប្រកប​ដោយសក្តានុពល​សម្រាប់​សង្គម​ និង​ពិភពលោក​នា​ពេល​អនាគត​។