កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ អ្នកគ្រូ លឹម សុធាវី គ្រូបង្រៀនមុខវិជ្ជា គីមីវិទ្យា បាននាំសិស្សានុសិស្សថ្នាក់ទី៨ ធ្វើពិសោធន៍អំពី ការបំភាយឧស្ម័នអ៊ីដ្រូសែន ជូនដល់សិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅបន្ទប់ពិសោធ ។
នៅក្នុងសកម្មភាពពិសោធន៍នោះ អ្នកគ្រូ លឹម សុធាវី បានលើកយកចំណុចសំខាន់ៗនៃ ខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ពីគោលបំណងនៃមេរៀន ដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធទៅលើប្រតិកម្ម ការបំភាយឧស្ម័នអ៊ីដ្រូសែន។ លើសពីនេះ អ្នកគ្រូ លឹម សុធាវី បានបង្ហាញពីសម្ភារពិសោធនានា ដូចជា កែងបាឡុង កែងប៉េស៊ែរ ប៉េងប៉ោង ស្រោមដៃ
អាវពិសោធន៍ ទៀន ដែកកេះ ឈើតូចវែង និងសារធាតុគីមីមានដូចជា កំទេចអាលុយមីញ៉ូម(Al) និង អាស៊ីតក្លរីទ្រិច(HCl)។ ការលើកបង្ហាញបែបនេះ គឺអ្នកគ្រូចង់បង្ហាញពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបានបង្ហាញឱ្យសិស្សស្គាល់ពីសម្ភារនានាសម្រាប់យកទៅពិសោធបានកាន់តែច្បាស់ ហើយក៏ដើម្បីឱ្យសិស្សបានសិក្សាស្វែងយល់អំពីរបៀបពិសោធទៅលើប្រតិកម្មបំភាយឧស្ម័នអ៊ីដ្រូសែន ។ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុម ដើម្បីពិសោធដោយផ្ទាល់ទៅលើប្រតិកម្មការបំភាយឧស្ម័នអ៊ីដ្រូសែន ។
អ្នកគ្រូ លឹម សុធាវី គ្រូជំនាញគីមីវិទ្យា បានលើកឡើងថា ការពិសោធនាពេលនេះសំដៅដល់ការស្វែងរកឱ្យឃើញការពិតតាមទ្រឹស្ដីមេរៀន ហើយការពិសោធសម្រាប់ថ្នាក់ចំណេះទូទៅ ពុំមែនធ្វើស៊ីជម្រៅខ្លាំងដូចអ្នកជំនាញនោះទេ តែអាចចាត់ទុកថា ពិសោធរកអ្វីដែលមាននៅក្នុងទ្រឹស្ដីមេរៀន។ អ្នកគ្រូបានបន្តថា មុខវិជ្ជាវិទ្យាសាស្រ្តមិនត្រឹមតែមានខ្លឹមសារផ្សារភ្ជាប់នឹងការ អនុវត្តទៅតាមទ្រឹស្ដីមេរៀនប៉ុណ្ណោះទេ តែក៏ជាតម្រូវការនៃចំណេះដឹង ដែលសិស្សានុសិស្សកំពុងទាមទារក្នុងការរៀនសូត្រផងដែរ ហើយអ្វីរឹតតែពិសេសជាងនេះទៅទៀតនោះ ពិសោធន៍អាចជាផ្នែកដ៏សំខាន់មួយទាក់ទាញចំណាប់អារម្មណ៍សិស្សានុសិស្សឱ្យចូលចិត្តរៀនសូត្រ។
ការពិសោធនេះ បានបង្ហាញឱ្យឃើញពីប្រតិកម្មបំភាយឧស្ម័នអ៊ីដ្រូសែន ហើយ សិស្សានុសិស្សបានលើកឡើងជាសំណួរសួរទៅកាន់អ្នកគ្រូ ហើយអ្នកគ្រូក៏បានពន្យល់បន្ថែម
ទៀតដល់សិស្សានុសិស្សអំពីទ្រឹស្តីល្អៗ ព្រមទាំងវិធីសាស្រ្តពិសោធផងដែរ។
ជាលទ្ធផលអ្នកគ្រូ បានពន្យល់សិស្សានុសិស្សអំពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបង្ហាញអំពីលទ្ធផលនៃការពិសោធជូនដល់សិស្សានុសិស្សយ៉ាងក្បោះក្បាយ និងស៊ីជម្រៅបំផុត ហើយសិស្សានុសិស្សបានចូលរួមសហការគ្នាពិសោធជាលក្ខណៈក្រុមបានយ៉ាងល្អប្រសើរទៅលើប្រធានបទ។សមាជិកនីមួយៗនៃក្រុមពិសោធមានស្មារតីសហការ និងជួយពន្យល់ណែនាំគ្នាទៅវិញទៅមកដើម្បីឱ្យ បានស្វែងយល់ និងចេះពីរបៀបពិសោធឱ្យបានគ្រប់គ្នា។