អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍កីឡា
ក្រោមប្រធានបទ “ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣”
អត្ថបទដោយ : សំ សក្កដា

ដើម្បីឈានទៅសម្រេចជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួនក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ តើព្រះរាជាណាចក្រកម្ពុជាបានត្រៀមអ្វីខ្លះ ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពអត្តពលិក ថវិកាជាតិ? ហើយតើអ្នកណាខ្លះ ស្ថាប័នណាខ្លះ ដែលជាបង្អែកដ៏រឹងមាំក្នុងដំណើរបាញ់ឆ្ពោះទៅរៀបចំការប្រកួតកីឡាដ៏ធំប្រចាំតំបន់មួយនេះ?
ការទទួលបានជោគជ័យក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ គឺត្រូវមានផែនការមេច្បាស់លាស់ក្នុងការកសាងនូវ ហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពអត្តពលិក និងថវិកាក្នុងការជំរុញដល់ដំណើរការនៃការរៀបចំនេះ។ បើតាមមន្រ្ដីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ បានឱ្យដឹងថា «ផែនការមេឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣» (២០១៦-២០២៣) គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់បំផុតក្នុងការគូសវាសតួនាទី ភារកិច្ច ចក្ខុវិស័យ គោលបំណងគ្រប់ទម្រង់ទាំងអស់ ក្នុងដំណើរទទួលរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា ដោយត្រូវបានអនុម័តពីគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ។
សូមជម្រាបជូនថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលត្រូវបានគេស្គាល់ថាស៊ីហ្គេម (SEA Games) គឺជាព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះដែលមានការចូលរួមពីសំណាក់បណ្តាប្រទេសទាំង១១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសហព័ន្ធកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ក្រោមការត្រួតពិនិត្យពីគណៈកម្មការអូឡាំពិកអន្តរជាតិហៅកាត់ថា (IOC) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីហៅកាត់ថា (OCA)។ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមការប្រកួតអនុតំបន់ទាំង៥របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលក្នុងនោះមានដូចជា ការប្រកួតកីឡាអាស៊ីកណ្តាល កីឡាអាស៊ីខាងកើត កីឡាអាស៊ីខាងត្បូង និងកីឡាអាស៊ីខាងលិច។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖