កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បានដាក់បង្ហាញស្នាដៃប្រកួតគូរគំនូរ និងស្នាដៃតាំងពិព័រណ៍សិស្សជាលើកទី១១ ប្រចាំឆ្នាំសិក្សា២០១៦-២០១៧ ដែលមានស្នាដៃយ៉ាងច្រើនសន្ធឹកសន្ធាប់បង្ហាញជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសាធារណជនដែលអញ្ជើញចូលរួមទស្សនា និងសិក្សាស្វែងយល់ជាច្រើនកុះករ ដែលស្ថិតក្នុងបរិវេណនៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ ការដាក់បង្ហាញស្នាដៃប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សនេះ ជាព្រឹត្តិការណ៍ដ៏ធំមួយប្រចាំ សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលត្រូវបានរៀបចំឡើងដើម្បីជាគន្លឹះដ៏សំខាន់ជំនួយដល់ការសិក្សារបស់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ និងឆ្លុះបញ្ចាំងពីសកម្មភាពសិក្សានៅក្នុងថ្នាក់ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត ជាក់ស្តែង និងជាការប្រកួតប្រជែងសមត្ថភាពមួយដែលប្រព្រឹត្តទៅដោយស្មើភាពគ្នាពីសំណាក់ប្អូនៗសិស្សានុ- សិស្សក្នុងការគូរគំនូរ និងសមិទ្ធផលស្នាដៃពិព័រណ៍ ដែលទទួលបានពីការសិក្សាដើម្បីបង្ហាញទៅដល់សាធារណជនឱ្យឃើញពីការច្នៃប្រឌិត និងបង្កើតគំនិតថ្មីៗដែលកើតចេញពីវណ្ណកម្មរូបារម្មណ៍ បច្ចេកទេស បំណិនប្រសប់ ទេពកោសល្យ ចំណេះវិជ្ជា បទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេកន្លងមកជាមួយនឹងការអភិវឌ្ឍឈានឡើងនូវប្រាជ្ញាស្មារតី និងបំណិនជីវិតពេញមួយឆ្នាំសិក្សា។ លើសពីនេះទៅទៀត ពិធីនេះបានជួយបំពេញបន្ថែម និងបង្កើននូវចំណេះវិជ្ជាថ្មីៗដល់សិស្សានុសិស្សដូចជា បច្ចេកទេសក្នុងការគូរគំនូរដ៏រស់រវើកជក់ចិត្ត សមត្ថភាពក្នុងការបង្ហាញបកស្រាយ ភាពក្លាហាន ឯករាជ្យភាព សាមគ្គីភាព ការសហការ ការដឹកនាំ ទំនាក់ទំនងការងារក្រុម និងទំនាក់ទំនងជាមួយសហគមន៍ ហើយថែមទាំងបានចែករំលែក និងផ្សព្វផ្សាយនូវចំណេះដឹង បទពិសោធន៍ល្អៗ និងបច្ចេកទេសថ្មីៗដល់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋាន និងសាធារណជនដែលអញ្ជើញមក ទស្សនាថែមទៀត។ ការដាក់តាំងបង្ហាញសកម្មភាពប្រកួតគូរគំនូរ និងពិព័រណ៍ស្នាដៃរបស់សិស្សនៅឆ្នាំនេះមានការចាប់អារម្មណ៍កាន់តែខ្លាំងពីមហាជនដែលបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ ហើយសិស្សានុសិស្សមានការសួរនាំចង្អុលបង្ហាញទៅវិញទៅមកយ៉ាងផុសផុល និងសស្រាក់សស្រាំអ៊ូអរយ៉ាង ក្រៃលែងគ្រប់មុខវិជ្ជា ទាំងផ្នែកសង្គម និងផ្នែកវិទ្យាសាស្រ្ត ការធ្វើពិសោធបែបវិទ្យាសាស្រ្ត ការបញ្ចាំងស្លាយ ការដាក់លក់នូវអាហារសប្បុរសធម៌ និងបំណិនជីវិត រួមទាំងការច្នៃប្រឌិតយកទ្រឹស្តី និងអត្ថបទមេរៀនមកបង្ហាញផ្សារភ្ជាប់ការអប់រំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កត្តាទាំងអស់នេះ បានស្តែងចេញឱ្យឃើញពីការអភិវឌ្ឍចំណេះដឹង ចំណេះធ្វើ និងប្រាជ្ញាស្មារតីរបស់សិស្សក្រោមការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់លោកគ្រូ អ្នកគ្រូគ្រប់មុខវិជ្ជា និងជាពិសេសគឺការចូលរួម និងគាំទ្រលើកទឹកចិត្តជាប្រចាំពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សផងដែរ។សាលារៀនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុនដៃគូសហការធំៗ ដែលបានចូលរួមដាក់ស្តង់ពិព័រណ៍ និងឧបត្ថម្ភលើកទឹកដល់សិស្សានុសិស្សជ័យលាភីក្នុងការប្រកួតដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅបានកាន់ តែទូលំទូលាយជោគជ័យ។