កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការ សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ ជំនាញផ្នែកវប្បធម៌ អរិយធម៌ ទាំងបីសាខា បានដឹកនាំបេក្ខជនជើងឯកប្រចាំសាខា មកចូររួមប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៤ វគ្គផ្តាច់ព្រ័ត្រ យ៉ាងស្វិតស្វាញ រហ័សរហួន និងប្រុងប្រយ័ត្ន នៅក្នុងសាលប្រជុំ សូវ ហុងគុយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ។ ជាលទ្ធផលក្នុងចំណោមបេក្ខជន១៥ក្រុម គណៈកម្មការបានរកឃើញជ័យលាភី៣ក្រុម ដែលមានសមត្ថភាពខ្ពស់ ជាប់នៅវគ្គផ្ដាច់ព្រ័ត្រនេះ។ បេក្ខជនដែលឆ្លងផុតវគ្គជម្រុះជុំទី១ និងទី២ សុទ្ធសឹងមានសក្ដានុពល សមត្ថភាព និងចំណេះដឹងខ្ពស់ ផ្នែកវប្បធម៌ អរិយធម៌ ទើបមានសិទ្ធិឡើងមកប្រកួតយ៉ាងស្វិតស្វាញនៅវគ្គផ្ដាច់ព្រ័ត្រនេះ។ តែទោះជាយ៉ាងណាគណៈកម្មការ បានស្វ័យសម្រេចយកតែជើងឯកចំណេះដឹងវប្បធម៌ អរិយធម៌ ចំនួន៣ក្រុម ស្មើនឹង៦នាក់តែប៉ុណ្ណោះ ដើម្បីជាប់ជាម្ចាស់ជ័យលាភី។ ក្នុងចំណោមបេក្ខជនទាំង៣ក្រុម ដែលមានសមត្ថភាពខ្លាំងដណ្ដើមបានពានរង្វាន់នោះរួមមាន លេខ១ បានទៅលើថ្នាក់ទី១០“ខ” យុវសិស្ស តាំង ឆាយហ៊ួត និង ម៉ម គីមសួរ រីឯលេខ២ បានទៅលើថ្នាក់ទី១០“ក” យុវសិស្ស ងី វីរៈសូឡា និង វីរៈ សីហរដ្ឋ និងលេខ៣ បានទៅលើសិស្សថ្នាក់ទី១១ “គ” គឺយុវតី ហួត គីមហ័ង និង លឹម អៀងគង់។ បេក្ខជនដែលឈរជើងនៅវគ្គផ្ដាច់ព្រ័ត្រនេះ សុទ្ធសឹងមានសមត្ថភាពខ្ពស់ ចំណេះដឹងពូកែ និងមានភាពឈ្លាសវៃ។ មិនតែប៉ុណ្ណោះ ឆ្លងតាមការប្រកួតនេះ កាន់តែធ្វើឱ្យសិស្សានុសិស្សទាំងនោះ មានភាពក្លាហាន ពូកែ មានបទពិសោធ និងបង្កើននូវចំណេះដឹងយ៉ាងសម្បូរបែបថែមទៀត។ ទោះបីជោគជ័យ និងបរាជ័យ គឺជាចំណេះដឹង និងបទពិសោធមួយដែលបង្ហាញពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន ដើម្បីបំពេញចន្លោះខ្វះខាតសម្រាប់ប្រឡងលើកក្រោយៗទៀត។ បេក្ខជនដែលមានសមត្ថភាពដណ្ដើមបានលេខ១ នៅវគ្គផ្ដាច់ព្រ័ត្រនេះ គឺទទួលបានពានរង្វាន់១ អាហារូបករណ៍រៀនមិនបង់ថ្លៃ១០០% មេដាយមាស បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។ រីឯលេខ២ អាហារូបករណ៍៧៥% មេដាយប្រាក់ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ និងលេខ៣ ទទួលអាហារូបករណ៍៥០% មេដាយសរឹទ្ធិ បណ្ណសរសើរ និងវត្ថុអនុស្សារីយ៍។ ក្រៅពីបេក្ខជនជើងឯក៣ក្រុមនេះ គណៈគ្រប់គ្រង និងគណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ផ្ដល់រង្វាន់លើកទឹកចិត្តដល់បេក្ខជនក្រុមលេខ៤ ដល់លេខ១០ផងដែរ៕
ចែករំលែកអត្ថបទនេះ