២៥ ខែកុម្ភៈ ឆ្នាំ២០១៧
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានប្រារឰកម្មវិធីប្រកួតចំណេះ ដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច លើកទី៥ វគ្គផ្តាច់ព្រ័ត្រ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ដែលមានការអញ្ជើញចូលរួមពីសំណាក់សិស្សានុសិស្ស ទាំង៣សាខានៅសាលប្រជុំ គួច ផល នៃអគារ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ កម្មវិធីនេះធ្វើឡើងដើម្បីជំរុញឱ្យសិស្សានុសិស្សឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ និងកាន់តែពូកែជាងមុនលើមុខវិជ្ជាភូមិវិទ្យា និងផែនដីវិទ្យា និងបង្កើនចំណេះដឹងលើភូមិសាស្រ្តជាតិកាន់តែទូលំទូលាយ ជាពិសេសគឺជំរុញលើកស្ទួយវិស័យទេសចរណ៍ ដែលកំពុងមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះសិស្សនឹងទទួលបាននូវចំណេះដឹងរាប់ពាន់សំណួរក្នុងរយៈពេលដ៏ខ្លី តាមការចូលរួមការប្រកួតប្រជែងចំណេះដឹងភូមិសាស្រ្តជាតិនេះ ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះសិស្សានុសិស្សបាន សិក្សាស្វែងយល់ និងចង់ចាំមេរៀនភូមិវិទ្យា និងផែនដីវិទ្យា រហូតដល់ជាង១.០០០ សំណួរបានយ៉ាងច្បាស់ លាស់ លើសពីនេះទៅទៀត គឺផ្តល់អាហារូបករណ៍ដល់សិស្សពូកែដែលទទួលជ័យលាភី។ ជ័យលាភីជាប់លេខ១ ទទួលបានអាហារូបករណ៍សិក្សា ១០០% ១ឆ្នាំសិក្សា ពានរង្វាន់ មេដាយមាសបណ្ណសរសើរ កាដូ និងបាច់ផ្កា។ ជ័យលាភីជាប់លេខ២ ទទួលបានអាហារូបករណ៍សិក្សា ៧៥% ១ឆ្នាំសិក្សា មេដាយប្រាក់ បណ្ណសរសើរ និងកាដូ។ ជ័យលាភីជាប់លេខ៣ ទទួលបានអាហារូបករណ៍សិក្សា ៥០% ១ឆ្នាំសិក្សា មេដាយសំរឹទ្ធ បណ្ណសរសើរ និងកាដូ។ សាលាក៏បានផ្ដល់រង្វាន់អនុស្សាវរីយ៍ដល់សិស្សានុសិស្សទទួលបានចំណាត់ថ្នាក់ពីលេខ៤ ដល់លេខ១១ ផងដែរ៕