កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំងទាំងបីសាខា បានរៀបចំកម្មវិធីប្រកួតល្បងប្រាជ្ញាគណិតវិទ្យា ម៉េងលី ជេ. គួច លើកទី៤ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ នេះ ដើម្បីស្វែងរកជើងឯកប្រចាំឆ្នាំសិក្សាដែលមាន បេក្ខជនជាសិស្សប្រមាណ២០៥នាក់ បានចូលរួមប្រកួតក្នុងវគ្គជម្រុះជុំទី១ យ៉ាងសស្រាក់សស្រាំបំផុត។ នៅជុំទី១នេះ គណៈកម្មការទាំងបីសាខាបានកំណត់ជ្រើសយកបេក្ខជន ដែលមានសមត្ថភាពខ្ពស់បំផុតតែ១៥នាក់ប៉ុណ្ណោះ ដែលអាចចូលប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ។កម្មវិធីនេះមិនមែនសំដៅលើការប្រកួតយកចាញ់ឈ្នះទេ គឺជាកម្មវិធីបណ្តុះចំណេះ ដល់សិស្សានុសិស្សឱ្យយកចិត្តទុកដាក់លើការរៀនសូត្រ សិក្សាស្រាវជ្រាវបន្ថែមលើមេរៀនដែលលោកគ្រូអ្នកគ្រូបានបង្រៀននៅក្នុងថ្នាក់ ក៏ដូចជាពញ្ញាក់ស្មារតីសិស្សឱ្យងាកមកចាប់អារម្មណ៍ការសិក្សាដោយផ្សារភ្ជាប់ជាមួយនឹងការចេះដោះស្រាយសំណួរ ឬលំហាត់មេរៀនប្រកបដោយគុណភាពខ្ពស់ ព្រមទាំងជំរុញការអភិវឌ្ឍចំណេះដឹងលើវិស័យអប់រំដល់សិស្សផង និងដើម្បីឱ្យសិស្សានុសិស្សបានឈ្វេងយល់ពីសារៈសំខាន់នៃមុខវិជ្ជាគណិតវិទ្យាក្នុងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ហើយនៅវគ្គផ្ដាច់ព្រ័ត្រមានបេក្ខជន៣រូបដែលទទួលបានជ័យលាភី គឺជ័យលាភីលេខ១ ទទួលបានអាហារូបករណ៍១០០% ពានរង្វាន់មេដាយមាស បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ លេខ២ ទទួលអាហារូបករណ៍៧៥% មេដាយប្រាក់ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ និងលេខ៣ ទទួលបានអាហារូបករណ៍៥០% មេដាយសំរឹទ្ធ បណ្ណសរសើរ ព្រមទាំងវត្ថុអនុស្សាវរីយ៍លើកទឹកចិត្តផងដែរ។ វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតល្បងប្រាជ្ញាគណិតវិទ្យា ម៉េងលី ជេ. គួច លើកទី៤នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាកណ្ដាល៕ អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ