កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានប្រារឰកម្មវិធីការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៤ វគ្គផ្តាច់ព្រ័ត្រ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ដែលមានការអញ្ជើញចូលរួមពីសំណាក់សិស្សានុសិស្សទាំង៣សាខានៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។
ក្នុងវគ្គផ្តាច់ព្រ័ត្រចែកជាបីដំណាក់កាល ដែលដំណាក់កាលទី១ មានបេក្ខជនជាប់វគ្គជុំទី១ មានបានមកប្រកួតប្រជែងគ្នាយ៉ាងសកម្ម និងស្វិតស្វាញបំផុតដោយឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រិតពីសំណាក់គណៈមេប្រយោគដែលជាលោកគ្រូ អ្នកគ្រូមុខវិជ្ជាភាសាខ្មែរ។ ដំណាក់កាលទី២ មានបេក្ខជនជាប់ចំណាត់ថ្នាក់ដែលត្រូវឆ្លងទៅវគ្គផ្តាច់ព្រ័ត្រ។
នៅចុងបញ្ចប់នៃការប្រកួតគណៈមេប្រយោគបានរកឃើញជ័យលាភីជាប់ចំណាត់ថ្នាក់ចំនួន៣រូប ក្នុងចំណោមបេក្ខជន និងបេក្ខនារីថ្នាក់ទី៧ ដល់ទី១២ ក្នុងនោះជ័យលាភីលេខ១ បានទៅលើសិស្សឈ្មោះ គង់ សុពុទ្ធីកា ថ្នាក់ទី១២ ̏ ឃ ̋ រៀននៅសាខាទួលគោក (ការិយាល័យកណ្តាល) ជ័យលាភីលេខ២ បានទៅលើសិស្សឈ្មោះ នូវ ប៊ុណ្ណារក្សសត្យា ថ្នាក់ទី១១ “ ង ” និងជ័យលាភីលេខ៣ បានទៅលើសិស្សឈ្មោះ ស្រី សិទ្ធីតា ថ្នាក់ទី១២ ̏ ឃ ̋ រៀននៅសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ដែលពួកគេទាំង៣នាក់សុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់លើចំណេះដឹងក្នុងការអាន និងតែងអត្ថបទភាសាខ្មែរ ជាពិសេសមានភាពក្លាហាន និងមានទំនុកចិត្ដលើខ្លួនឯង។
ឆ្លើយតបទៅនឹងសមិទ្ធផលនេះ សាលារៀនបានប្រគល់រង្វាន់ដល់ជ័យលាភី ៖
- ជ័យលាភីជាប់លេខ១ ទទួលបានអាហារូបករណ៍សិក្សា ១០០% ពេញឆ្នាំសិក្សា ពានរង្វាន់ មេដាយមាស បណ្ណសរសើរ កាដូ និងបាច់ផ្កា។
- ជ័យលាភីជាប់លេខ២ ទទួលបានអាហារូបករណ៍សិក្សា ៧៥% ពេញឆ្នាំសិក្សា មេដាយប្រាក់ បណ្ណសរសើរ និងកាដូ។
- ជ័យលាភីជាប់លេខ៣ ទទួលបានអាហារូបករណ៍សិក្សា ៥០% ពេញឆ្នាំសិក្សា មេដាយសំរឹទ្ធ បណ្ណសរសើរ និងកាដូ។