អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ការប្រែប្រួលអាកាសធាតុ ជះឥទ្ធិពលលើសុខភាពយ៉ាងណា?”
អត្ថបទដកស្រង់ដោយ : អ៊ី ប៊ុនលី
ប្លាស្ទិក ខ្យល់ពុលគីមី ជីវសាស្ត្រ លេចជំងឺថ្មី … សកម្មភាពរបស់មនុស្សបាននិងកំពុងបំផ្លាញប្រព័ន្ធអេកូសាស្ត្រ ជីវចម្រុះខ្លាំងណាស់ និងធ្វើឱ្យអាកាសធាតុប្រែប្រួល ហើយសកម្មភាពនេះ កំពុងតែវាយបកមកលើសុខភាពរបស់មនុស្សវិញ។ តើការប្រែប្រួលអាកាសធាតុជះឥទ្ធិពលយ៉ាងណាខ្លះដល់សុខភាព ?
ក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានទាញសញ្ញាអាសន្នតាមរយៈរបាយការណ៍ជាបន្តបន្ទាប់អំពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ។ ផ្ទាំងទឹកកករលាយ ទឹកមហាសមុទ្រឡើងកម្ពស់ គំរាមត្របាក់តំបន់ឆ្នេរទំនាប ព្យុះភ្លៀងកំណាចលែងមាន រដូវទឹកជំនន់កាន់តែធំ ភាពរាំងស្ងួតកាន់តែញឹកញាប់ សីតុណ្ហភាពឡើងក្តៅហួសហេតុ កំហែងជីវិតជីវចម្រុះឱ្យប្រឈមនឹងការផុតរលត់ … ទាំងនេះជាផលវិបាកនៃការប្រែប្រួលអាកាសធាតុ បើតាមអ្នកជំនាញគឺបណ្តាលមកពីកំណើនឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាសបញ្ចេញដោយស្នាដៃមនុស្សតាមរយៈការប្រើចំហេះផូស៊ីល (ធ្យូងថ្ម ឧស្ម័ន ប្រេងកាត …)។ ការឡើងកម្តៅអាកាសធាតុនេះ បានធ្វើឱ្យបរិស្ថានប្រែប្រួលយ៉ាងខ្លាំង និងអាចជះឥទ្ធិពលធ្ងន់ធ្ងរ និងដោយផ្ទាល់លើសុខភាពរបស់មនុស្ស។ តំបន់មានហានិភ័យខ្ពស់ជាងគេគឺ តំបន់ទំនាបជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្ទឥណ្ឌា និងតំបន់អាហ្វ្រិកសាហារ៉ា។ បើតាមអង្គការសុខភាពពិភពលោក ការប្រែប្រួលអាកាសធាតុជាភ្នាក់ងារសម្លាប់ជីវិតមនុស្សយ៉ាងហោច១៥ម៉ឺននាក់ក្នុងមួយឆ្នាំៗ និងឡើងដល់ទ្វេដងនៅឆ្នាំ២០៣០។
តើការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់សុខភាពយ៉ាងណា?

ការប្រែប្រួលអាកាសធាតុ ជំរុញឱ្យមានការប្រែប្រួលជាខ្សែបន្តបន្ទាប់គ្នា តាំងពីការលេចពូជសត្វរុក្ខជាតិថ្មី ទៅការប្តូរផ្លាស់ឥរិយាបថដែលនាំផលរំខានដោយមិនផ្ទាល់ដល់មនុស្សគ្រប់រូប។ ជាក់ស្តែងការឡើងកម្តៅអាកាសធាតុ អាចសម្រួលឱ្យមានលេច និងការរីកសាយភាយពួកមីក្រុប រុក្ខជាតិ និងសត្វចង្រៃ ដែលអាចជាប្រភពនាំឱ្យមានជំងឺអាឡែកហ្ស៊ី ជំងឺពុល ឬជំងឺឆ្លង។ អ្នកស្រីវេជ្ជបណ្ឌិត Sesé៖ “ការប្រែប្រួលអាកាសធាតុច្បាស់ណាស់ថាជាកត្តានាំជំងឺកាន់ងាយធ្ងន់ធ្ងរ តែវាក៏ជាកត្តាដើមហេតុនាំកើតមានជំងឺថ្មី។ គេដឹងថា ខ្យល់ពុលបានធ្វើឱ្យមានមនុស្សធ្លាក់ខ្លួនកើតអាល់ឡែកហ្ស៊ីកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ហើយគេដឹងទៀតថា ខ្យល់ពុលអាចបង្កើនកម្លាំងវីរុស បង្កើនសមត្ថភាពចម្លងរបស់វីរុស។ ដូច្នេះ កត្តាបរិស្ថានខ្លះ ជាដើមហេតុនាំឱ្យលេចឡើងនូវជំងឺថ្មីៗ។” ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងដែលមានភ្នាក់ងារចម្លងជាសត្វ កំពុងស្ថិតក្នុងការតាមដានជា ពិសេស។ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រក៏បានរាប់ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុថា ជាភ្នាក់ងារចម្លងជំងឺបង្កឡើងដោយមេរោគដែរ ព្រោះការឡើងកម្តៅអាកាសធាតុ សម្រួល និងពន្លឿនការលូតលាស់របស់ភ្នាក់ងារបង្កជំងឺ ឧទាហរណ៍សត្វមូសខ្លា ដែលជាភ្នាក់ងារបង្កជំងឺគ្រុនឈាមគ្រុនឈីក និងហ្ស៊ីកា។ បើតាមអង្គការសុខភាពពិភពលោក ការឡើងកម្តៅអាកាសធាតុ២ទៅ៣អង្សា នឹងបង្កើនអត្រាមនុស្សកើតជំងឺគ្រុនចាញ់៥% ហើយមនុស្សយ៉ាងហោច២ពាន់លាននាក់ត្រូវរស់ប្រឈមនឹងគ្រោះកើតជំងឺគ្រុនឈាម នៅឆ្នាំ២០៨០។ ការឡើងកម្តៅខ្យល់បរិយាកាស ជះឥទ្ធិពលដោយផ្ទាល់ទៅលើសុខភាពមនុស្ស ដោយត្រូវប្រឈមនឹងជំងឺក្តៅខ្លួនញយៗ និងជំងឺសរសៃឈាមបេះដូង ឬផ្លូវដង្ហើម ដែលអាចជំរុញឱ្យអត្រាមរណៈឡើងខ្ពស់លើសធម្មតា។ ការសិក្សារបស់អាជ្ញាធរសុខាភិបាលបារាំងទើបបានចេញផ្សាយរបាយការណ៍ថ្មីមួយបញ្ជាក់អំពីកំណើនគួរឱ្យកត់សម្គាល់នៃអត្រាមរណៈដោយហេតុអាកាសធាតុក្តៅខ្លាំង៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.rfi.fr/km