កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធមុខវិជ្ជាជីវវិទ្យាក្រោមប្រធានបទ “ការផលិតគំរូប្រព័ន្ធចង្វាក់ដង្ហើម” ជូនដល់សិស្សានុសិស្សថ្នាក់ទី៨ នៅបន្ទប់៦០២ អគារ គួច លៀងហួរ នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យ កណ្តាល) ដែលដឹកនាំពិសោធដោយអ្នកគ្រូ វ៉ែន សិទ្ធិដា គ្រូបង្រៀនមុខវិជ្ជាជីវវិទ្យា ។
ក្នុងការពិសោធលើប្រធានបទនេះ អ្នកគ្រូ បានលើកយកចំណុចសំខាន់ៗ នៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្ស ដើម្បីឱ្យសិស្សបានយល់ដឹងពីគោលបំណងនៃមេរៀនដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ផលិតគំរូប្រដាប់ដង្ហើម។ លើសពីនេះ អ្នកគ្រូបានបង្ហាញពីសម្ភារពិសោធមានដូចជា ដបទឹកសុទ្ធ ថង់ប្លាស្ទិច ប៉េងប៉ោង បំពង់ប៊ឺត កន្ត្រៃ ស្កត់ថ្លា និងកាំបិតជាដើម។ បន្ទាប់ពីបានបានណែនាំពីសម្ភារពិសោធរួចរាល់ អ្នកគ្រូ បានចាប់ផ្តើមបង្ហាញពីរបៀបផលិតគំរូប្រដាប់ដង្ហើម ជាដំបូងអ្នកគ្រូបានយកបំពង់ប៊ឺតមួយដើមកាត់ត្រង់កដើម្បីឱ្យមានចន្លោះ និងបានយកបំពង់ប៊ឺតមួយទៀតតែកាត់ឱ្យរាងខ្លី ដើម្បីដាក់ស៊កចូលឱ្យមានរាងជាចំពាមកៅស៊ូ រួចហើយក៏យកស្កត់មករុំដើម្បីកុំឱ្យមានខ្យល់លេចចេញតាមប្រឡោះណាមួយ។ បន្ទាប់មក សិស្សានុសិស្សតាមក្រុមនីមួយៗក៏បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់អ្នកគ្រូ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។