កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ I-TIC (CAMBODIA) CO., LDT. សហការជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង ធ្វើការផ្សព្វផ្សាយកម្មវិធីប្រកួតប្រជែងសំណេរ “អនាគតកម្ពុជា” ថ្នាក់ជាតិលើកទី៣ ឆ្នាំ២០១៧ ដល់សិស្សថ្នាក់ទី១១ ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា ក្រោមប្រធានបទ “តើត្រូវធ្វើយ៉ាងណាដើម្បីលើកកម្ពស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក”?។ កម្មវិធីនេះ ពិតជាមានអត្ថប្រយោជន៍ និងសារៈសំខាន់ដល់សិស្សានុសិស្សគ្រប់ៗរូប ព្រោះតែងសេចក្ដី ឬសំណេរ គឺជាមេរៀនដ៏សំខាន់ដែលសិស្សម្នាក់ៗត្រូវតែចេះ និងមាននៅក្នុងខ្លួន ហើយពិសេសជាងនេះទៀតនោះ គឺជួយជំរុញវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា។ លើសពីនេះទៀតសិស្សថ្នាក់ទី១២ នឹងមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយវិញ្ញាសាតែងសេចក្តីតែងតែមានរាល់ៗឆ្នាំ ហេតុនេះពួកគេគួរតែចូលរួមក្នុងកម្មវិធីនេះ ដើម្បីទទួលបានបទពិសោធ និងពង្រឹងសមត្ថភាពឱ្យកាន់តែល្អប្រសើរ។ កម្មវិធីប្រកួតប្រជែងសំណេរអនាគតកម្ពុជាត្រូវបានបង្កើតឡើងដោយក្រដាស SUPREME ក្នុងអំឡុងឆ្នាំ២០១៥។ នេះជាលើកទី៣ហើយ ដែលក្រដាស SUPREME រៀបចំកម្មវិធីប្រកួតប្រជែងសំណេរអនាគតកម្ពុជាថ្នាក់ជាតិ ក្រោមប្រធានបទ “តើត្រូវធ្វើយ៉ាងណាដើម្បីលើកកម្ពស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក”?
បើតាមកញ្ញា Allegra Calderaro ជនជាតិអាមេរិកាំង និងជាវាគ្មិននៅក្នុងកម្មវិធីនោះ បានបង្ហើបពីលក្ខនិ្តកៈក្នុងការចូលរួមថា បេក្ខជនដែលមានសិទ្ធិប្រឡងប្រជែងនោះ ត្រូវមានអាយុពី១៧ ដល់២៤ឆ្នាំ និងមានសញ្ជាតិខ្មែរ។ លើសពីនេះ រាល់សំណេរនីមួយៗរបស់បេក្ខជន ត្រូវជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយពុំចម្លងពីគេ ឬរំលោភកម្មសិទ្ធិបញ្ញាបុគ្គលណាម្នាក់ឡើយ។
វាគ្មិនរូបនេះបញ្ជាក់បន្ថែមថា បេក្ខជនដែលមានសមត្ថភាពដណ្ដើមជ័យលាភីលេខ១ គឺទទួលបានថវិកា ៣,០០០,០០០រៀល រីឯលេខ២ ទទួលបាន ១,២០០,០០០រៀល និងលេខ៣ ទទួលបាន ៦០០,០០០រៀល និងរង្វាន់លើកទឹកចិត្ត៤០០,០០០រៀល ១០រង្វាន់ថែមទៀត។ បេក្ខជនត្រូវសរសេរតែងសេចក្ដីឱ្យបាន៥០០ពាក្យ និងព្រីននៅលើក្រដាស SUPREME A4 ហើយថតចម្លងចំនួន៤ច្បាប់ ដោយប្រើប្រាស់តែក្រដាស SUPREME A4 ប៉ុណ្ណោះ។ មួយទៀតសោត បេក្ខជនត្រូវដាក់ច្បាប់ដើម និងច្បាប់ថតចម្លងចំនួន៤ច្បាប់ ចូលក្នុងប្រអប់ដែលទទួលសំណេរនៅជិតបេក្ខជន។ សូមបញ្ជាក់ថា SUPREME A4 ឈប់ទទួលសំណេរនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ និងប្រកាសលទ្ធផលនៅខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕