កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំការពិសោធមុខវិជ្ជាជីវវិទ្យា ក្រោមប្រធានបទ “ការពិនិត្យមើលកោសិការុក្ខជាតិ” ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ ដែលដឹកនាំពិសោធដោយលោកគ្រូ អ៊ុក ឯកកុម្ភៈ គ្រូបង្រៀនមុខវិជ្ជាជីវវិទ្យា។
លោកគ្រូបានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន បានដឹងអំពីដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធន៍សម្រាប់ពិសោធទៅលើការពិនិត្យទម្រង់រូបផ្គុំរបស់ផ្កា និងពិនិត្យគ្រាប់លំអង ដោយការប្រើប្រាស់មីក្រូទស្សន៍។ បន្តមកទៀត លោកគ្រូក៏បានបង្ហាញអំពីសម្ភារពិសោធនមានដូចជា ផ្កា ស្លឹករុក្ខជាតិ តង្កៀប កន្ត្រៃ ស្កុត បន្ទះឡាម ក្រដាសជូត និងមីក្រូទស្សន៍ជាដើម។ ក្រោយពីលោកគ្រូបានបង្ហាញអំពីសម្ភារសម្រាប់ពិសោធរួចមក លោកគ្រូក៏បានបង្ហាញពីទ្រឹស្តីមេរៀនយ៉ាងលម្អិតទាក់ទងនឹងដំណើរការនៃការពិសោធ ដោយបែងចែកសិស្សជាក្រុមដោយក្នុងមួយក្រុមមានសមាជិក០៣នាក់ ទៅ០៤នាក់នៅតាមក្រុមនីមួយៗ ហើយក៏បានដឹកនាំសិស្សតាមក្រុមនីមួយៗអនុវត្តជាក់ស្តែង ដោយមានការជួយណែនាំបន្ថែមក្នុងក្រុមនីមួយៗ។ ហើយជាលទ្ធផលសិស្សានុសិស្សទទួលបានចំណេះដឹងដូចជា៖
- ចេះពិនិត្យទម្រង់រូបរាងរបស់កោសិការុក្ខជាតិ។
- ចេះពីរបៀបប្រើប្រាស់ឧបករណ៍មីក្រូទស្សន៍។
- អនុវត្តការពិសោធដើម្បីផ្សារភ្ជាប់ទៅនឹងទ្រឹស្តីមេរៀនដែលបានសិក្សាក្នុងថ្នាក់កន្លងមក។
- សិស្សានុសិស្សយល់ដឹងពីវត្ថុបំណង ជាពិសេសលទ្ធផលនៃការពិសោធ។
- សិស្សានុសិស្សអនុវត្តជាក់ស្តែង ចេះបង្កើនការប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវលើការងាររបស់ខ្លួន។
- សិស្សចេះរួបរួមសាមគ្គី សហការក្នុងការធ្វើពិសោធឱ្យកាន់តែមានប្រសិទ្ធភាព។