កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ តាន់ ថានី គ្រូបង្រៀនមុខវិជ្ជា ជីវវិទ្យា បានរៀបចំឱ្យសិស្សានុសិស្សពិសោធស្តីពី “ការសង្ដេតមើលទម្រង់គ្រាប់ភ្នែកនៃថនិកសត្វ (គ្រាប់ភ្នែកគោ) ” ជូនដល់សិស្សានុសិស្សថ្នាក់ ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។ នៅក្នុងសកម្មភាពបង្រៀននោះ អ្នកគ្រូ បានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន ដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធទៅលើការវះកាត់គ្រាប់ភ្នែកគោ ។ ការលើកបង្ហាញបែបនេះ គឺអ្នកគ្រូចង់បង្ហាញពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបានបង្ហាញឱ្យសិស្សស្គាល់ពីសម្ភារនានាសម្រាប់យកទៅពិសោធបានកាន់តែច្បាស់ ហើយក៏ដើម្បីឱ្យសិស្សបានសិក្សាស្វែងយល់អំពីរបៀបពិសោធទៅលើការ ការសង្កេតមើលទម្រង់គ្រាប់ភ្នែកនៃថ្នាក់ថនិកសត្វ ។
សមាជិកនីមួយៗនៃក្រុមពិសោធមានស្មារតីសហការ និងជួយពន្យល់ណែនាំគ្នាទៅវិញទៅមកដើម្បីឱ្យបានស្វែងយល់ និងចេះពីរបៀបពិសោធឱ្យបានគ្រប់គ្នា។ ក្រោយពីពិសោធចប់សព្វគ្រប់សិស្សានុសិស្សមានភាពសប្បាយរីករាយ ដោយបានស្វែងយល់ពីទ្រឹស្តីមេរៀន ព្រមទាំងអនុវត្តពិសោធបានយ៉ាងល្អ ហើយក៏បានថតរូប អនុស្សាវរីយ៍ជាមួយគ្នាក្នុងបរិយាកាសរីករាយ។