កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធក្រោមប្រធានបទ “អគ្គិសនីវិភាគទឹក (បំលែងដោយអគ្គិសនី)” ជូនដល់ សិស្សថ្នាក់ទី៧ ដែលបានដឹកនាំដោយលោកគ្រូ នូ ស្រីស្រស់ ដែលជាគ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា និងលោកគ្រូជំនួយការបន្ទប់ពិសោធ។
ក្នុងការពិសោធលើប្រធានបទនោះដែរ លោកគ្រូ បានលើកយកនូវចំណុចសំខាន់ៗ នៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សឱ្យកាន់តែយល់ច្បាស់ពីការបំបែកម៉ូលេគុល ទឹកដោយចរន្តអគ្គិសនី និងដំណើរការនៃការពិសោធពីមួយដំណាក់កាលទៅមួយដំណាក់កាលតាម រយៈការពិសោធជាក់ស្តែងនៅក្នុងបន្ទប់ពិសោធ។ បន្ទាប់មក លោកគ្រូបានបង្ហាញពីសម្ភារដែលត្រូវ យកមកធ្វើពិសោធមានដូចជា ខ្សែចម្លងអគ្គិសនី ខ្មៅដៃ ថ្មពិល ចានជ័រ ដង្កៀប និងម្សៅ Baking Soda ជាដើម។ បន្ទាប់ពីបានបង្ហាញពីសម្ភារសម្រាប់ធ្វើពិសោធរួចរាល់មក លោកគ្រូក៏បានបង្ហាញ ពីទ្រឹស្តីមេរៀនយ៉ាងលម្អិត ដែលទាក់ទងទៅនឹងដំណើរការនៃការពិសោធដល់សិស្សឱ្យដឹងគ្រង់ៗគ្នា ដើម្បីឱ្យការពិសោធទទួលបានលទ្ធផលល្អប្រសើរ។ សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធ ជាក់ស្តែងដោយមានការណែនាំពីលោកគ្រូ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវ វត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។