អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “ការយល់ដឹងអំពីជំងឺឫសដូងបាត”
អត្ថបទដោយ : សោម ចាន់ណា

ជំងឺឫសដូងបាត គឺជារោគសញ្ញាទាំងឡាយណា ដែលកើតឡើងដោយសារការខូចខាត ឬការប៉ះពាល់ទៅលើសរសៃឈាមឫសដូងបាតនេះ។ រោគសញ្ញាទាំងនោះមានដូចជា បន្ទោបង់លាមកមានឈាម ឈឺរន្ធគូថ មានដុំប៉ោងនៅរន្ធគូថ និងមានដុំសាច់លៀនចេញចូលនៅពេលបន្ទោបង់។ រោគសញ្ញាផ្សេងៗដូចជា ឈឺចង្កេះ ឈឺឆ្អឹង សន្លាក់ ឈឺក្បាល ស្កូវសក់ មិនមែនរោគសញ្ញានៃជំងឺឫសដូងបាតទេ។
មូលហេតុនៃជំងឺឫសដូងបាត៖ មូលហេតុពិតប្រាកដដែលនាំឱ្យមានបញ្ហាឫសដូងបាត នៅមិនទាន់រកឃើញច្បាស់លាស់នៅឡើយ រហូតមកដល់បច្ចុប្បន្ននេះ។ ប៉ុន្តែ គេអាចរកឃើញកក្តាមួយចំនួនដែលជំរុញឱ្យមានបញ្ហាឫសដូងបាតដូចជា៖
• ការពិបាកក្នុងការបន្ទោបង់លាមក ទាំងការទល់លាមក (ការបន្ទោងបង់រយៈពេលយូរ ការ បន្ទោបង់លាមកមិនទៀងទាត់ និងការប្រឹងខ្លាំងនៅពេលបន្ទោបង់ម្តងៗ) ការរាករូសរ៉ាំរ៉ៃជាការជំរុញឱ្យមានបញ្ហាឫសដូងបាត។
• ការបរិភោគអាហារមិនមានតុល្យភាព ការបរិភោគទឹកប្រចាំថ្ងៃមិនគ្រប់គ្រាន់ ការបរិភោគបន្លែ ផ្លែឈើមិនគ្រប់គ្រាន់ និងបរិភោគសាច់ច្រើនពេកអាចធ្វើឱ្យពិបាកក្នុងការបន្ទោបង់ នឹងធ្វើឱ្យមានបញ្ហាឫសដូងបាត។
• ការផឹកស្រាច្រើន ការបរិភោគគ្រឿងហិរ ការផឹកកាហ្វេច្រើន ស្ត្រេសខ្លាំង ដេកមិនលក់ អាចធ្វើឱ្យមានបញ្ហាឫសដូងខាងក្រៅ។
• ស្រ្តីមានផ្ទៃពោះជិតសម្រាល និងក្រោយការសម្រាលកូនរួច ស្ត្រីកំពុងមករដូវ។
បញ្ហាឫសដូងបាតខាងក្រៅ៖ បញ្ហាឫសដូងបាតខាងក្រៅ ច្រើនកើតមានភ្លាមៗស្តែងឡើងដោយការឈឺគូថភ្លាមៗ និងមានដុំប៉ោងនៅរន្ធគូថរយៈពេលពីរបីថ្ងៃ ឬពីរបីសប្តាហ៍ដោយសារមានដុំកំណកឈាមនៅក្នុងឫដូងខាងក្រៅ។ វាអាចធ្វើទុក្ខលាប់ចុះឡើងច្រើនលើកច្រើនសាក៏មាន។ បញ្ហានេះជាទូទៅ គឺវាធូរស្រាលទៅវិញ ដោយឯកឯងដោយមិនចាំបាច់ព្យាបាលនោះទេ។ ការព្យាបាលដោយថ្នាំ និងការព្យាបាលដោយចោះ យកឈាមកកចេញគឺធ្វើក្នុងគោលបំណងកាត់បន្ថយរយៈពេលវិវត្តរបស់វា។ ចំណែកការព្យាបាល ដោយការវះកាត់គឺធ្វើក្នុងគោលបំណងយកឫសដូងបាតចេញឱ្យអស់ និងលែងមានការធ្វើទុក្ខបែបនេះទៀត។
បញ្ហាឫសដូងបាតខាងក្នុង៖ រោគសញ្ញានៃបញ្ហាឫសដូងបាតខាងក្នុងគឺ៖
• ការហូរឈាមនៅពេលបន្ទោបង់ និងក្រោយពេលបន្ទោបង់ភ្លាមៗ ជាឈាមក្រហមច្រាលក្នុងបង្គន់ ឬស្រក់តក់ៗមកតែម្តង។
• ការមានសាច់លៀនចេញមកនៅពេលប្រឹងបន្ទោបង់ហើយចូល ឬមិនចូលទៅវិញទាំងស្រុងក្រោយពេលបន្ទោបង់រួច ពេលខ្លះចាំបាច់យកដៃរុញចូលទៅវិញ ឬពេលខ្លះទោះបី រុញទៅវិញក៏មិនចូល ហើយឡើងហើមឈឺម្តងម្កាលនៅពេលពិបាកបន្ទោបង់ម្តងៗ។
• ការមានកំណកឈាមកកនៅឫសដូងខាងក្នុង ដែលធ្វើឱ្យមានការឈឺចាប់ ខ្លាំងកើតមានដោយកម្រ។
ផលវិបាកនៃជំងឺឫសដូងបាត៖
• ជំងឺឫសដូងបាតមិនវិវត្តទៅជាជំងឺមហារីកគូថនោះទេ ទោះជាក្នុងដំណាក់កាលណាក៏ដោយ។
• ជំងឺឫសដូងបាតដែលស្តែងឡើងជារោគសញ្ញាធ្លាក់ឈាមញឹកញាប់ នៅពេលបន្ទោបង់អាចបណ្តាលឱ្យមានបញ្ហាស្លេកស្លាំងខ្វះគ្រាប់ឈាម និងអាចបណ្តាលឱ្យគ្រោះថ្នាក់បាន បើធ្វើការព្យាបាលមិនទាន់ពេល។ តែមុននឹងគិតថា ការហូរឈាមនេះបណ្តាលមកពីបញ្ហាឫសដូងបាត ចាំបាច់ត្រូវធ្វើការ ឆ្លុះពោះវៀនធំជាមុនសិន ឬបើចាំបាច់ត្រូវឆ្លុះទាំងក្រពះទៀត ដើម្បីរកមូលហេតុផ្សេងៗនៃការហូរឈាមនេះ។
• ដើម្បីបញ្ជាក់ថា រោគសញ្ញាដែលកើតមានដូចជា បន្ទោបង់មានឈាម មានដុំសាច់ចម្លែកនៅរន្ធបាត ឬឈឺគូថ ត្រូវមកជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឯកទេសជំងឺរន្ធបាត និងប្លោកលាមក ដើម្បីទទួលការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងការព្យាបាលបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
• បញ្ហាផ្សេងៗនៅរន្ធបាត មិនមែនសុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតនោះទេ។
• ជំងឺមហារីកនៅរន្ធបាត និងជំងឺឫសដូងបាតគឺជាជំងឺពីរផ្សេងគ្នានៅតំបន់រន្ធបាត មិនមានទំនាក់ទំនងគ្នានោះទេ។
• នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ មិនមានជំនាញឯកទេសឫសដូងបាតបង្រៀននោះទេ គឺមានតែជំនាញឯកទេសជំងឺរន្ធបាត និងប្លោកលាមក ដែលភាសាបារាំង គេហៅថា Spéciallité de colo-proctologie ឬហៅឱ្យខ្លីថា Proctologue ដែលជាឯកទេសមួយ ស្ថិតនៅក្នុងមែកធាង នៃឯកទេសជំងឺថ្លើម ក្រពះ និងពោះវៀននោះឯង។
ឯកសារយោង និងពិគ្រោះ :
វេជ្ជបណ្ឌិត ផៃ សុភា ឯកទេសជំងឺរន្ធបាត និងប្លោកលាមក
Facebook: Sopher Phay