កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ ម៉ែន ភក្តី គ្រូបង្រៀនមុខវិជ្ជា ជីវវិទ្យា បានបង្រៀនមុខវិជ្ជាជីវវិទ្យាលើមេរៀន “វះកាត់សំណុំខួរក្បាលជ្រូក ” ជូនដល់សិស្សានុសិស្សថ្នាក់ ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។ នៅក្នុងសកម្មភាពបង្រៀននោះ អ្នកគ្រូបានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន ដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធទៅលើការវះកាត់សំណុំខួរក្បាលជ្រូក។ លើសពីនេះ អ្នកគ្រូ បានបង្ហាញពីសម្ភារពិសោធនានាដូចជា ខួរជ្រូក កាំបិត ជ្រុញ ថាស ដង្កៀប។
ការលើកបង្ហាញបែបនេះ គឺអ្នកគ្រូចង់បង្ហាញពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបានបង្ហាញឱ្យសិស្សស្គាល់ពីសម្ភារនានាសម្រាប់យកទៅពិសោធបានកាន់តែច្បាស់ ហើយក៏ដើម្បីឱ្យសិស្សបានសិក្សាស្វែងយល់អំពីរបៀបពិសោធទៅលើការវះកាត់សំណុំខួរក្បាលជ្រូក។
ក្រោយពីបានពិសោធរួចរាល់ សិស្សានុសិស្សបានលើកឡើងជាសំណួរសួរទៅកាន់អ្នកគ្រូ ហើយអ្នកគ្រូក៏បានពន្យល់បន្ថែមទៀតដល់សិស្សានុសិស្សអំពីទ្រឹស្តីល្អៗ ព្រមទាំងវិធីសាស្រ្តពិសោធផងដែរ។
ជាចុងក្រោយ អ្នកគ្រូ បានពន្យល់សិស្សានុសិស្សអំពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបង្ហាញអំពីលទ្ធផលនៃការពិសោធជូនដល់សិស្សានុសិស្សយ៉ាងក្បោះក្បាយ និងស៊ីជម្រៅបំផុត ហើយសិស្សានុសិស្សបានចូលរួមសហការគ្នាពិសោធជាលក្ខណៈក្រុមបានយ៉ាងល្អប្រសើរទៅលើប្រធានបទ វះកាត់សំណុំខួរជ្រូក។ សមាជិកនីមួយៗនៃក្រុមពិសោធមានស្មារតីសហការ និងជួយពន្យល់ណែនាំគ្នាទៅវិញទៅមកដើម្បីឱ្យបានស្វែងយល់ និងចេះពីរបៀបពិសោធឱ្យបានគ្រប់គ្នា។ ក្រោយពីពិសោធចប់សព្វគ្រប់សិស្សានុសិស្សមានភាពសប្បាយរីករាយ ដោយបានស្វែងយល់ពីទ្រឹស្តីមេរៀន ព្រមទាំងអនុវត្តពិសោធបានយ៉ាងល្អ ហើយក៏បានថតរូប អនុស្សាវរីយ៍ជាមួយគ្នាក្នុងបរិយាកាសរីករាយ។