កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធមុខវិជ្ជាជីវវិទ្យាក្រោមប្រធានបទ “ការសង្កេតម៉ាក្រូម៉ូលេគុល” ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ។ នៅបន្ទប់៦០២ អគារ គួច លៀងហួរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ដែលដឹកនាំពិសោធដោយអ្នកគ្រូ ម៉ែន ភក្ដី គ្រូបង្រៀនមុខវិជ្ជាជីវវិទ្យា ។
នៅក្នុងការពិសោធនោះដែរ អ្នកគ្រូ ម៉ែន ភក្ដី បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារ មេរៀនការញែកម៉ាក្រូម៉ូលេគុល ADN មកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីលក្ខណៈបណ្ដុំ ម៉ាក្រូម៉ូលេគុល ADN នៅក្នុងផ្លែប៉េងប៉ោះ ចេកណាំវ៉ា និងស្ដូប៊ីរី ហើយអ្នកគ្រូក៏បានរៀបរាប់ពីសម្ភារសម្រាប់យកមកធ្វើការពិសោធរួមមាន ប៉េងប៉ោះ ស្ដ្រប៊ឺរី ចេកណាំវ៉ា ជើងទម្រ បំពងសាក កែបប៊ែស៊ែ កែវជ័រថ្លា ពីប៉ែត ជ្រុញ កូនកាំបិត ថងប្លាស្ទិក អំបិល សាប៊ូ អាល់កុល កូនស្លាបព្រាកាហ្វេ និង ក្រដាសជូតមាត់។ បន្ទាប់ពីអ្នកគ្រូបានបង្ហាញពីសម្ភារដែលត្រូវយកមកធ្វើពិសោធរួមមក អ្នកគ្រូបានពន្យល់ពីរបៀបធ្វើពិសោធទៅតាមដំណាក់កាលនីមួយៗយ៉ាងក្បោះក្បាយ។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុម ដែលក្នុង០១ក្រុមមានសមាជិកចំនួន០៤នាក់ ទៅ០៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការពិនិត្យមើលពីលក្ខណៈ ការញែកម៉ាក្រូម៉ូលេគុល ADNដើម្បីផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលសិស្សានុសិស្សកំពុងសិក្សា និងដើម្បីឱ្យពួកគាត់ឆាប់ចាប់បាននូវខ្លឹមសារនៃមេរៀនដែលផ្សារភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។