អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ការអប់រំមនុស្សដោយព្រះធម៌”
អត្ថបទដកស្រង់ដោយ : សូ សារុំ
ការអប់រំមនុស្សដោយព្រះធម៌រមែងធ្វើឱ្យមនុស្សមានជីវិតល្អបរិសុទ្ធ មានឥស្សរភាពលើតណ្ហា មានសេចក្តីសុខក្នុងតួជីវិតខ្លួនឯង។ មនុស្សកើតមកហើយត្រូវមានការសិក្សា ព្រោះមនុស្សជាសត្វដែលត្រូវសិក្សា ឬជាសត្វដែលត្រូវហ្វឹកហាត់អប់រំ បើមិនហ្វឹកហាត់សិក្សាអប់រំទេ មនុស្សមិនអាចល្អទៅបានឡើយ ហើយជីវិតដ៏ប្រសើរដែលបុណ្យបានតាក់តែងមក ក៏ត្រូវអស់ទៅវិញដោយឥតប្រយោជន៍ នេះជារឿង ធម្មជាតិរបស់មនុស្ស។
មនុស្សផ្សេងអំពីសត្វតិរច្ឆាន គឺនៅត្រង់មនុស្សជាសត្វវិសេស អាចហ្វឹកហាត់អប់រំឱ្យមានការចម្រើនរហូតដល់ថ្នាក់ទេវតាឥន្ទព្រហ្មគោរពបូជា។ គុណធម៌ដែលមានក្នុងមនុស្ស មិនមានគុណធម៌ណាមួយដែលកើតមានឯងៗនោះឡើយ គឺសុទ្ធតែជាលទ្ធផលនៃការអប់រំចម្រើនទាំងអស់។ កាលបើធម្មជាតិរបស់មនុស្សមានសភាពយ៉ាងនេះ មនុស្សយើងមិនគួរគប្បីមានសេចក្តីប្រមាទសោះឡើយ គួរយកការសិក្សាអប់រំជាគោលសំខាន់សម្រាប់ទូន្មានជាប្រចាំក្នុងជីវិតប្រចាំថ្ងៃ មិនថាតែវ័យក្មេង វ័យកណ្តាល ឬវ័យចាស់នោះទេ គឺគ្រប់វ័យទាំងអស់ឱ្យតែនៅមានអវិជ្ជា និងតណ្ហា។ ធ្វើជាមនុស្សមិនត្រូវបញ្ចប់ការសិក្សាដោយត្រឹមតែបាននូវការ
ចេះដឹងក្នុងមុខវិជ្ជាជីវៈ បុណ្ណឹងទេ គឺត្រូវហ្វឹកហាត់អប់រំនូវចំណេះដឹងឱ្យក្រៃលែងឡើងថែមទៀត ព្រោះសេចក្តីប្រសើររបស់មនុស្សដែលមានរហូតដល់អស់អវិជ្ជា និងតណ្ហាជាប្រភពនៃសេចក្តីទុក្ខសោកនោះ គឺស្ថិតនៅលើការសិក្សាអប់រំហ្វឹកហាត់រឿយៗហ្នឹងឯង នេះជាសេចក្តីសំខាន់ពិសេសនៃជីវិតមនុស្ស។

ការដែលមិនបោះបង់នូវជីវិតឱ្យផុតអំពីការសិក្សាអប់រំ ព្រោះមាននូវស្មារតីចងចាំថា «ជីវិតកាន់តែប្រសើរឡើង កាន់តែភ្លឺស្វាងឡើង ដោយសារការអប់រំនេះឯង»។ ដរាបណាដែលនៅមិនទាន់បានជាព្រះអរហន្តទេ គ្រប់គ្នាត្រូវនៅក្នុងការសិក្សារហូតអស់ជីវិត ព្រោះហេតុនេះហើយបានជាបុគ្គលដែលបដិបត្តិតាមព្រះពុទ្ធសាសនា មានការចម្រើននូវគុណធម៌ បានសម្រេចជាសោតាបន្ន ជាសកទាគាមី និងជាអនាគាមី ដែលហៅថា ព្រះអរិយៈ បុគ្គល៣ពួកនេះហៅម៉្យាងទៀតថា ព្រះសេក្ខបុគ្គល គឺជាបុគ្គលដែលនៅមានការសិក្សា។ សូម្បីដល់ថ្នាក់ជាព្រះអរិយបុគ្គលយ៉ាងនេះហើយក៏ដោយ ក៏នៅតែមានការសិក្សា លុះត្រាតែបានសម្រេចជាព្រះអរហន្ត ទើបហៅថាព្រះអសេក្ខបុគ្គល គឺបុគ្គលគ្មានការសិក្សាហ្វឹកហាត់ដើម្បី កំចាត់នូវភាពសៅហ្មងពីសន្តានទៀតឡើយ ព្រោះសេចក្តីសៅហ្មងទាំងអស់ត្រូវបានលះផ្តាច់ដោយអរហត្តមគ្គទៅហើយ។ នេះឯងជាការសិក្សាអប់រំឱ្យបានសម្រេចដល់ទីបញ្ចប់ ដែលជីវិតមនុស្សត្រូវបានបញ្ចប់ទុក្ខកង្វល់ក្នុងវដ្តសង្សារ ជាសារៈដ៏សំខាន់នៃជីវិត និងដែលជីវិតមនុស្សអាចទទួលបាន។ ដំណើរជីវិតតាមគោលព្រះពុទ្ធសាសនា គឺជាជីវិតស្ថិតនៅក្នុងការសិក្សាអប់រំដោយសេចក្តីមិនប្រមាទអស់កាលជានិច្ច។
សូមមនុស្សទាំងឡាយ សម្លឹងមើលជីវិតខ្លួនឯង និងជីវិតអ្នកដទៃក្នុងនិមិត្តមួយដែលត្រូវមានសម្ព័ន្ធជាមួយនឹងការសិក្សាអប់រំ ព្រោះមនុស្សជាសត្វវិសេសដែលត្រូវទទួលកាហ្វឹកហាត់ ហើយអាចហ្វឹកហាត់បានរហូតដល់ពេលហៀបនឹងស្លាប់ និងរហូតដល់បានជាមនុស្សបរិសុទ្ធ គឺព្រះអរហន្ត៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
– ស្រង់ចេញពីសៀវភៅ ពរ៤ប្រការ របស់អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ដោយ៥០០០ឆ្នាំ