អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “ការអានសៀវភៅជាផ្នែកមួយនៃការកម្សាន្ត”
អត្ថបទដកស្រង់ដោយ : គាក ម៉ាណែត
#MJQE #AmericanInterconSchool
សៀវភៅជាឃ្លាំងបញ្ញា ដែលអ្នកនិពន្ធ អ្នកប្រាជ្ញ និងបុគ្គលល្បីៗបានចងក្រងឡើង ដើម្បីណែនាំមនុស្សឱ្យបណ្តុះសតិប្រាជ្ញា និងការយល់ដឹងរឹតតែទូលំទូលាយ។ ការអានច្រើនអាចធ្វើឱ្យមនុស្សទទួលនូវគំនិតល្អៗជាច្រើនសម្រាប់ស្រង់យកមកគិតពិចារណា ហើយយកមកប្រើប្រាស់ជាប្រយោជន៍ដល់ការរស់នៅ ឆ្ពោះទៅរកសេចក្ដីចម្រើន ភាពដុះដាល ភ្លឺស្វាងក្នុងជីវិត ជាពិសេសជាងនេះទៅទៀតនោះគឺជាផ្នែកដ៏សំខាន់ក្នុងការកម្សាន្តផងដែរ។
សៀវភៅក៏អាចប្រើជាការអានកម្សាន្តនៅពេលទំនេរ បំបាត់ភាពតានតឹង ទុក្ខកង្វល់ក៏ព្រោះតែសៀវភៅបានរួមបញ្ជូលនូវស្នាដៃសិល្បៈ ដោយមានទាំងអត្ថន័យ អត្ថរស អត្ថរូប ដែលជួយបំពេរអារម្មណ៍អ្នកអានឱ្យលន្លង់លន្លោចទៅតាមស្នាដៃរបស់អ្នកនិពន្ធ។ ពាក្យពេចន៍ ឃ្លាប្រយោគ ពីរោះណែងណង ល្គាយល្គង និងវិធីសាស្រ្តតែងនិពន្ធប្រកបដោយទេពកោសល្យ អាចធ្វើឱ្យអ្នកអានចាប់អារម្មណ៍លង់ជាមួយនឹងខ្លឹមសារ ឬដំណើររឿង ជួនកាលគ្រាន់តែអានក៏អាចផ្ទុះជាសំណើច សប្បាយចិត្ត ឬបញ្ចេញនូវស្នាមញញឹម ដូចជាសៀវភៅ ប្រលោមលោក កំណាព្យ ចម្រៀង សិល្បៈ ដែលមានច្រើនជម្រើស ច្រើនរសជាតិសម្រាប់អ្នកអាន។
នេះជាការចូលរួមចំណែកមួយក្នុងការលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស ក៏ដូចជាសាធារណៈជនគួរតែយកចិត្តទុកដាក់ និងងាកមកកាន់សៀវភៅអានដើម្បីទាញយកផលចំណេញធ្វើឱ្យយើងទទួលបាននូវទស្សនៈវិស័យវែងឆ្ងាយ ការគិតបានជ្រាលជ្រៅ ដំណោះស្រាយបញ្ហាប្រកបដោយសីលបញ្ញា សមាធិ ញ៉ាំងឱ្យជោគជ័យក្នុងដំណើរជីវិត ព្រមទាំងអាចកម្សាន្តអារម្មណ៍ផងដែរ។