កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការហ្វឹកហាត់រាំរបាំគោះអង្រែជូនដល់សិស្សានុសិស្សថ្នាក់ទី១០ “ក” នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) វេនព្រឹក និងរសៀលប្រមនៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ដែលដឹកនាំកម្មវិធីដោយអ្នកគ្រូ ងួន សេដ្ឋា។នៅក្នុងការហ្វឹកហាត់របាំនេះ អ្នកគ្រូ ងួន សេដ្ឋា បានធ្វើបទបង្ហាញទាក់ទងដំណើរការនៃការហ្វឹកហាត់របាំគោះអង្រែ ដោយអ្នកគ្រូបានបង្ហាញពីរូបភាពវីដេអូដែលមានសិល្បករសម្តែងរបាំគោះអង្រែយ៉ាងរស់រវើកជូនដល់ប្អូនៗសិស្សានុសិស្សបានទស្សនា។ បន្ថែមពីនេះ អ្នកគ្រូក៏បានបង្ហាញពីរបៀបហាត់រាំរបាំគោះអង្រែជូនដល់សិស្សានុសិស្ស ដោយដំបូងឡើយ អ្នកគ្រូ ងួន សេដ្ឋា បានរៀបចំសិស្សឱ្យមានអ្នកកាន់អង្រែ និងអ្នករាំ តែមុននឹងឱ្យសិស្សហាត់រាំ អ្នកគ្រូបានរាំរបាំគោះអង្រែជូនដល់សិស្សទស្សនាជាមុនសិន ទើបឱ្យសិស្សហ្វឹកហាត់តាមក្រោយ ហើយក្នុងឱកាសនេះដែរ អ្នកគ្រូក៏បានបើកទូលាយឱ្យសិស្សសួរសំណួរទាក់ទងនឹងរបៀបហាត់របាំឱ្យបានល្អផងដែរ។បន្ទាប់មក សិស្សានុសិស្សទាំងអស់បានចាប់ផ្តើមហាត់របាំម្តងម្នាក់ៗ ព្រមជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពដោយមានការពន្យល់ និងណែនាំបន្ថែមពីអ្នកគ្រូ ងួន សេដ្ឋា ដែលជាគ្រូដឹកនាំកម្មវិធីនេះ។ នៅក្នុងសកម្មភាពហ្វឹកហាត់របាំនេះ សិស្សានុសិស្សទាំងអស់បានព្យាយាមខិតខំប្រឹងប្រែងហាត់រាំម្តងម្នាក់ៗ រហូតទាល់តែហាត់បានសម្រេចជោគជ័យទាំងអស់គ្នា។ ក្រោមរូបភាពហ្វឹកហាត់របាំនេះ គឺក្នុងគោលបំណងដើម្បីអភិរក្ស និងលើកស្ទួយសិល្បៈមរតកខ្មែរបុរាណឱ្យនៅគង់វង្សតទៅ និងដើម្បីផ្សព្វផ្សាយឱ្យមហាជនទាំងអស់បានស្គាល់ពីមរតកសិល្បៈ វប្បធម៌ខ្មែរឱ្យបានទូលំទូលាយ។ មិនតែប៉ុណ្ណោះ សកម្មភាពបង្ហាត់បង្រៀននេះ គឺជាការបញ្រ្ជាបចំណេះដឹងស្តីអំពីសិល្បៈវប្បធម៌ខ្មែរទៅក្នុងផ្នត់គំនិតរបស់កូនខ្មែរគ្រប់រូប ដើម្បីឱ្យកូនខ្មែរមានទឹកចិត្តជួយអភិរក្សមរតកដូនតាខ្មែរឱ្យនៅគង់វង្ស និងល្បីសុះសាយទូទាំងសាកលលោក។ ក្រោយពីអ្នកគ្រូ ងួន សេដ្ឋា បានធ្វើបទបង្ហាញចប់ អ្នកគ្រូក៏បានលើកជាសំណួរសួរទៅកាន់ ប្អូនៗសិស្សានុសិស្សដើម្បីបញ្រ្ជាបចំណេះដឹងដល់ពួកគាត់។ សិស្សានុសិស្សទាំងអស់បាន ត្រៀមសម្ភារ និងឧបករណ៍សម្តែងផ្សេងៗនៅក្នុងការសម្តែងរបាំគោះអង្រែនេះ។ ជាចុងបញ្ចប់ អ្នកគ្រូ ងួន សេដ្ឋា បានលើកឡើងថាការហ្វឹកហាត់របាំគោះអង្រែនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះថាមនុស្សគ្រប់រូបមិនថានៅក្នុងមជ្ឈដ្ឋានណាក៏ដោយ ក៏ត្រូវតែយល់ដឹងពីសិល្បៈវប្បធម៌របស់ជាតិខ្លួនដែរ ព្រោះថាមនុស្សម្នាក់ៗរស់នៅ គឺដាច់ខាតត្រូវតែស្គាល់ខ្លួនឯងឱ្យបានច្បាស់ បើមិនដូច្នេះទេច្បាស់ជាការរស់នៅឥតតម្លៃ និងរស់នៅមិនចុះសម្រុងនឹងសង្គមរស់នៅជាក់ជាមិនខាន។ កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង ខិតខំពង្រឹង និងខិតខំបណ្តុះបណ្តាលសិស្សានុសិស្សគ្រប់ជំនាន់ក្នុងបុព្វហេតុដើម្បីជួយលើកស្ទួយមរតកសិល្បៈវប្បធម៌ជាតិឱ្យគង់វង្ស និងសុះសាយតរៀងទៅ។
ចែករំលែកអត្ថបទនេះ