កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកំាង បានរៀបចំកម្មវិធីប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៧ វគ្គជម្រុះជុំទី១។ កម្មវិធីនេះសម្រាប់សិស្សថ្នាក់ទី៧ដល់ថ្នាក់ទី១២ដើម្បី ជំរុញស្មារតីសិស្សានុសិស្សឱ្យចូលចិត្តការអានសៀវភៅឱ្យបានច្រើន ដើម្បីលើកកម្ពស់ស្វ័យសិក្សា លើកកម្ពស់ការអានសៀវភៅជាការកម្សាន្តផ្លូវអារម្មណ៍ ដើម្បីទទួលបានចំណេះដឹង បង្កើននូវគំនិតទូលំទូលាយ ដឹងពីព័ត៌មាននៅជុំវិញខ្លួន យល់ដឹងពីពិភពលោកបានកាន់តែច្បាស់ ហើយធ្វើឱ្យពួកគេចេះពីវិធីសាស្ត្រក្នុងការអាន ការលើកដាក់សំឡេងត្រូវតាមឃ្លាប្រយោគ និងអានបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ហើយបេក្ខជនដែលជាប់វគ្គជម្រុះនឹងចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ សាលប្រជុំ ផលគួច អគារសាលារៀន អន្តរទ្វីប អាមេរិកំាង សាខាទួលគោក។ បេក្ខជនជ័យលាភីលើការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរនៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៧ លេខ១ នឹងទទួលបានពានរង្វាន់១ អាហារូបករណ៍រៀនមិនបង់ថ្លៃ១០០% មេដាយមាស បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។ រីឯលេខ២ អាហារូបករណ៍៧៥% មេដាយប្រាក់ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ និងលេខ៣ ទទួលអាហារូបករណ៍៥០% មេដាយសរឹទ្ធិ បណ្ណសរសើរ និងវត្ថុអនុស្សារីយ៍។
ចែករំលែកអត្ថបទនេះ