កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកកិច្ចប្រជុំតម្រង់ទិសពីដំណើរទស្សនកិច្ចសិក្សានៅខេត្តសៀមរាប លើកទី១០៨ នៅសាលប្រជុំ សូវ ហុងគុយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង សម្រាប់សិស្សថ្នាក់ទី១២ទាំងអស់។ទស្សនកិច្ចសិក្សាលើកនេះ គឺមានរយៈពេល៤ថ្ងៃ ពោលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ដោយថ្ងៃទី១ នឹងចេញដំណើរពីភ្នំពេញ នៅព្រឹកព្រលឹម ឆ្ពោះកាត់តាមខេត្តកំពង់ធំ ដោយឆៀងចូលទស្សនារមណីយដ្ឋាន និងប្រាសាទសម្បូរព្រៃគុក ព្រមទាំងចែកអំណោយសម្បុរធម៌ដល់សិស្សានុសិស្ស សាលាបឋមសិក្សាមហរ ជាង៣០០នាក់ ផងដែរ ទើបបន្តដំណើរទៅទស្សនាកសិដ្ឋានចិញ្ចឹមដង្កូវនាងថែមទៀត។នៅរសៀលថ្ងៃដដែល ទើបបន្តដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីសម្រាកនៅទីនោះ។ នៅព្រឹកថ្ងៃទី២ នឹងចេញដំណើរទៅទស្សនាប្រាសាទអង្គរតូច លុះពេលរសៀលទៅទស្សនាសប្បកម្មអង្គរ និងផ្សាររាត្រី។ ដោយឡែកថ្ងៃទី៣ នៅម៉ោង៨ព្រឹក បន្ដដំណើរទៅកាន់តំបន់ប្រវត្តិសាស្ត្រជាច្រើនទៀតដូចជា ប្រាសាទអង្គរធំ ប្រាសាទតាព្រហ្ម និងរសៀលឆ្ពោះទៅទស្សនាទន្លេអុំ ប្រាសាទបក្សីចាំក្រុង និងប្រាសាទបាខែងជាដើម។ នៅថ្ងៃទី៤ ដែលជាថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ចសិក្សានេះ ពោលនៅព្រឹកម៉ោង៨ នឹងចេញទៅព្រះអង្គចេក ព្រះអង្គចម សារមន្ទីរ Angkor Panorama និងវេលារសៀលវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ។ សិស្សានុសិស្សដែលចូលរួមដំណើរទស្សនកិច្ចនេះ មិនត្រូវអនុញ្ញាតដូចជាពាក់នូវគ្រឿងអលង្ការមានតម្លៃ នាំជាមួយនូវគ្រឿងស្រវឹង អាវុធជាតិផ្ទុះ និងហាមលេងល្បែងស៊ីសងគ្រប់ប្រភេទ។
ចែករំលែកអត្ថបទនេះ