កាលពីថ្ងៃ២៤ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ មានកិច្ចប្រជុំសមាជិកគណៈកម្មការទូទៅ លើកទី៧៤ ក្រោមអធិបតីភាពរបស់ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងប្រធាន នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ។ ភាពច្បាស់លាស់ក្នុងចក្ខុវិស័យ រចនាសម្ព័ន្ធក្រុមហ៊ុន ព្រមទាំងមានគណៈគ្រប់គ្រង និងបុគ្គលិកពោរពេញដោយសមត្ថភាព រួមផ្សំនឹងការរីកចម្រើនផ្នែកហិរញ្ញវត្ថុ ស្ថាបនិកនៃវិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង ដែលត្រូវមហាជនប្រសិទ្ធនាមថាជាសេដ្ឋីចិត្តធម៌ និងជាធុរជនឆ្នើម ផ្នែកវិស័យអប់រំឯកជន ដែលកំពុងមានប្រជាប្រិយភាព និងឈានមុខគេនៅកម្ពុជាមួយរូបផងនោះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គ្រោងនឹងបោះទុនវិនិយោគលើវិស័យអប់រំបន្ថែមទៀតគឺត្រូវពង្រីកបន្ថែម៥សាខាទៀតនៅកចុងឆ្នាំ២០១៧ ដល់២០២០ បន្ថែមលើសាខាដែលបច្ចុប្បន្នមាន៣សាខារួចហើយនោះ។ ម្យ៉ាងទៀតដោយសារមើលឃើញពីវិសាលភាពនៃសាលារៀនឯកជនកូនកាត់មួយនេះពោរពេញដោយថាមពល មានភាពរីកចម្រើននិងវិវឌ្ឍឥតឈប់ឈរ កំណើនសិស្សចេះតែកើនឡើងជាលំដាប់ពីមួយឆ្នាំសិក្សាទៅមួយឆ្នាំសិក្សា និងដោយទទួលបានទំនុកចិត្តពីសិស្សានុសិស្ស ក៏ដូចជាអ្នកអាណាព្យាបាល និងមាតាបិតាសិស្ស បូករួមនឹងទទួលបានការកោតសរសើរពីមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ ថាជាសាលាដែលមានស្នាដៃល្អប្រសើរលើផ្នែកការងារគ្រប់គ្រង រដ្ឋបាល បរិស្ថាន និងបច្ចេកទេសបង្រៀន ផងនោះ ទើបជាហេតុជំរុញឱ្យលោកមានកម្លាំងចិត្តគ្រប់គ្រាន់ដើម្បីបោះទុនវិនិយោគបន្ថែម៥សាខា គឺស្ថិតនៅតំបន់ផ្លូវម៉ៃដា តំបន់ជ្រោយចង្វា តំបន់ទឹកថ្លា តំបន់ទួលសង្កែ និងតំបន់ច្បារអំពៅ។ វិស័យអប់រំដ៏ពិតប្រាកដនិងត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះ និងជាគន្លឹះដ៏ល្អប្រសើរដើម្បីអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ។ បើគ្មានការអប់រំដ៏ពិតប្រាកដ និងត្រឹមត្រូវស្របតាមបទដ្ឋាននោះទេ នោះអ្នកសិក្សាក៏មិនអាចទទួលបានចំណេះដឹងពិតប្រាកដដែរ។ ដោយឡែកចំពោះកម្មវិធីសិក្សាវិញ លោកនឹងពង្រីកបន្ថែមទៅលើកម្មវិធីសិក្សាផ្ដោតជាសំខាន់ទៅលើបទដ្ឋានសិក្សាជាសកលបែបទំនើប ស្របតាមគោលការអប់រំជាតិ និងអន្ដរជាតិ ដែលប្រទេសមាន ការអភិវឌ្ឍផ្នែកវិស័យអប់រំបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
អត្ថបទ និងរូបភាពដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ