កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីចាប់ឆ្នោតបែងចែកពូលការប្រកួតកីឡាបាល់ទាត់សិស្សជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់១១ ប្រចាំឆ្នាំ២០១៨ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានការចូលរួមពីសំណាក់សិស្សានុសិស្សដែលជាកីឡាករតំណាងក្រុមបាល់ទាត់ដែលបានចុះឈ្មោះចូលរួមប្រកួតប្រមាណជា៤០នាក់ នៅបន្ទប់១៣០១ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។ នាឱកាសនោះដែរ ចាងហ្វាង ជាង ប៊ុនលី បានមានប្រសាសន៍ថា តាមរយៈការប្រកួតកីឡានេះនឹងបង្កើតឱកាសដល់សិស្សានុសិស្សដែលជាកីឡាករបានស្គាល់មិត្តភក្តិថ្មីៗមានចំណងមិត្តភាព សាមគ្គីភាព ស្មារតីកីឡា ទំនួលខុសត្រូវខ្ពស់ និងបច្ចេកទេសថ្មីៗក្នុងកីឡានេះ។ ចាងហ្វាងក៏បានលើកឡើងទៀតដែរថា បាល់ទាត់អាចធ្វើឱ្យកីឡាករលេចចេញនូវចរិតពិតរបស់ខ្លួន ហើយតាមរយៈនោះ លោកគ្រូ អ្នកគ្រូដែលជាគណៈកម្មការរៀបចំការប្រកួត អាចអប់រំណែនាំអត្តចរិត អាកប្បកិរិយា និងភាពខុសឆ្គងទាំងឡាយរបស់ពួកគេឱ្យក្លាយទៅជាកីឡាករល្អម្នាក់ឡើងវិញ។ បន្ទាប់មកទៀតលោក សែម ពេជ្រ នាយកផ្នែកកីឡា បានពន្យល់ណែនាំពីលក្ខន្តិកៈនៃការប្រកួត ច្បាប់ វិន័យ និងកាលបរិច្ឆេទនៃការប្រកួតដល់ក្រុមកីឡាករទាំងអស់ដែលបានចូលរួម។ លោកក៏បានបញ្ជាក់បន្ថែមថា សម្រាប់ការប្រកួតក្របខណ្ឌខ គណៈកម្មការនឹងជូនដំណឹងនៅពេលក្រោយ។ ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅតារាងបាល់ទាត់ K11 ហើយការប្រកួតឆ្នាំនេះគឺយកតាមច្បាប់ពុទ្ធសាល១០០%។
ចែករំលែកអត្ថបទនេះ