អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត
ក្រោមប្រធានបទ “កំណើនកម្តៅផែនដីបណ្តាលមកពីអ្វី”
អត្ថបទដកស្រង់ដោយ : អ៊ិន ចាន់ដេត
ឆ្លងតាមការសង្កេតរយៈពេលជាងមួយរយឆ្នាំចុងក្រោយនេះ កម្តៅផែនដីមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបញ្ហានេះគឺមិនមែនបណ្តាលមកពីការវិវត្តនៃធម្មជាតិតែមួយនោះទេ។ ទោះជាការប្រែប្រួលដំណើរនៃធម្មជាតិ ដូចជាសកម្មភាពព្រះអាទិត្យដែលជាកត្តាមួយរួមចំណែកបង្កឱ្យមានកំណើនសីតុណ្ហភាពក៏ពិតមែន ប៉ុន្តែកត្តាចម្បងដែលបង្កឱ្យមានបាតុភូតនេះកើតឡើងគឺជាសកម្មភាពមនុស្សដែលបានបង្កឱ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនក្រៃលែង។ យោងតាមក្រុមប្រឹក្សាជាតិស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ភពផែនដី ក្នុងរយៈពេលជាង១០០ឆ្នាំចុងក្រោយនេះ ផែនដីមានកម្តៅខ្ពស់ជាងពេលណាៗទាំងអស់។ ការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យដឹងថា សីតុណ្ហភាពរបស់ផែនដីបានកើនឡើងជាមធ្យមពី0,3 ទៅ 0,6អង្សាសេនៅក្នុងសតវត្សចុងក្រោយនេះ។ នេះគឺជាការកើនឡើងយ៉ាងខ្ពស់បំផុតក្នុងរយៈពេល១០០០ឆ្នាំចុងក្រោយ។ សីតុណ្ហភាពរបស់ផែនដីអាចនឹងមានការកើនឡើងពី1,4 ទៅ 5,8អង្សាសេនៅចុងសតវត្សទី២១ បើយោងទៅតាមប្រភពដដែល។ បើក្រឡេកមើលទៅអំពីតួលេខនេះ អ្នកប្រហែលជាគិតថាវាគឺជាចំនួនដ៏តិចតួចប៉ុណ្ណោះ ប៉ុន្តែតួលេខនេះវាគ្រប់គ្រាន់ក្នុងការធ្វើឱ្យអាកាសធាតុនៅលើផែនដីមានការប្រែប្រួលយ៉ាងខ្លាំង។ បញ្ហាកំណើនកម្តៅផែនដី គឺបង្កឡើងដោយកត្តាចម្បងពីរ គឺការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបន្លាស់ប្តូរសកម្មភាពរបស់ព្រះអាទិត្យដែលកើតឡើងដោយធម្មជាតិ។
ឧស្ម័នផ្ទះកញ្ចក់ :
ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបង្កឡើងដោយសកម្មភាពមនុស្សទៅក្នុងបរិយាកាសគឺជាកត្តាចម្បងបំផុតដែលបង្កឱ្យមានកំណើនកម្តៅផែនដី។ ឧស្ម័នទាំងនោះរួមមានដូចជា ឧស្ម័នកាបូនឌីអុកស៊ីត (CO2) នីត្រួសអុកស៊ីត (N2O) CFCs និងមេតាន។ ការបញ្ចេញឧស្ម័នទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់។ ដូចជានៅក្នុងកសិកម្ម គេបានប្រើប្រាស់នីត្រួសអុកស៊ីតក្នុងបរិមានយ៉ាងច្រើនតាមរយៈការប្រើប្រាស់ជី។ ការប្រើប្រាស់ប្រេងឥន្ធនៈក្នុងឧស្សាហកម្ម យានយន្ត និងឧបករណ៍ផ្សេងៗទៀតបានធ្វើឱ្យបរិមាណកាបូនឌីអុកស៊ីតមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងបរិយាកាស។ ការកាប់បំផ្លាញព្រៃឈើពីសំណាក់មនុស្សក៏ផ្តល់នូវផលប៉ះពាល់ផងដែរដល់តុល្យភាពនៃឧស្ម័នធម្មជាតិនៅក្នុងបរិយាកាស។ បរិមាណកាបូនឌីអុកស៊ីតនឹងមានការកើនឡើងនៅពេលបរិមាណព្រៃឈើមានការថយចុះ ព្រោះថាដើម ឈើគឺជាភ្នាក់ងារស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតទាំងនោះដោយបញ្ចេញមកវិញនូវអុកស៊ីសែន។
បរិមាណឧស្ម័នផ្ទះកញ្ចក់ដែលមាននៅក្នុងបរិយាកាសបានបង្កើតឱ្យមានបាតុភូតមួយគឺមានឈ្មោះថា ឥទ្ធិពលផ្ទះកញ្ចក់ (Greenhouse effect)។ ជាធម្មតា កាំរស្មីព្រះអាទិត្យបាញ់ឆ្ពោះទៅផែនដី ហើយ បន្ទាប់មកថាមពលនេះនឹងត្រឡប់ទៅក្នុងបរិយាកាសវិញ។ ប៉ុន្តែដោយសារតែវត្តមានរបស់ឧស្ម័នផ្ទះកញ្ចក់ ធ្វើឱ្យថាមពលកម្តៅព្រះអាទិត្យត្រូវបានរាំងផ្ទុបនៅផ្ទៃផែនដី ហើយមិនអាចត្រឡប់ទៅវិញបាន ដែលបាតុភូតនេះ ធ្វើឱ្យកម្តៅផែនដីកើនឡើង។ វាគឺជាការចាំបាច់ដែលរក្សាកម្តៅខ្លះនៅលើផ្ទៃផែនដីដើម្បីទ្រទ្រង់ជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិ ប៉ុន្តែសកម្មភាពមនុស្សបានធ្វើឱ្យ
តុល្យភាពធម្មជាតិមានការប្រែប្រួលដោយសារតែការរាំងផ្ទុបកម្តៅច្រើនពេកនៅលើផែនដី។

កត្តាធម្មជាតិ :
កាលពីអតីតកាល សីតុណ្ហភាពផែនដីមានការប្រែប្រួលគួរឱ្យកត់សម្គាល់ដោយមិនមានការចូលរួមពីសកម្មភាពមនុស្ស។ ការប្រែប្រួលនេះកើតឡើងបណ្តាលមកពីឥទ្ធិពលធម្មជាតិដូចជា បន្លាស់ប្តូរភាពទ្រេតរបស់ផែនដី និងបន្លាស់ប្តូរកម្រិតឧស្ម័នធម្មជាតិនៅក្នុងបរិយាកាស។ បច្ចុប្បន្ននេះ បន្លាស់ប្តូរធម្មជាតិដូចជាសកម្មភាពព្រះអាទិត្យ និងកម្រិតថាមពលព្រះអាទិត្យដែលផែនដីទទួលបានក៏ជាកត្តាមួយដែលធ្វើឱ្យផ្ទៃផែនដីកើនកម្តៅផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលពីកត្តាធម្មជាតិពិតជាមិនអាចប្រៀបផ្ទឹមនឹងឥទ្ធិពលរបស់ឧស្ម័នផ្ទះកញ្ចក់បាននោះទេ។
ផលប៉ះពាល់ :
ប្រសិនបើឥទ្ធិពលនៃកណើនកម្តៅផែនដីនៅតែបន្ត ផលប៉ះពាល់ជាច្រើននឹងកើតមានឡើង។ ផលប៉ះពាល់ទាំងនោះរួមមានដូចជា ការប្រែប្រួលនៃបរិយាកាស និងការកើនឡើងនូវនាវូសមុទ្រដោយសារតែទឹកកកនៅតំបន់ប៉ូលរលាយជាដើម។ ប្រភេទសត្វ និងរុក្ខជាតិជាច្រើននឹងមានការលំបាកក្នុងការរស់នៅក្រោមកម្តៅអាកាសធាតុបែបនេះ ដែលអាចបណ្តាលឱ្យវាទាំងនោះផុតពូជ ហើយមិនតែប៉ុណ្ណោះមនុស្ស លោកក៏អាចប្រឈមមុខនឹងជំងឺដង្កាត់ជាច្រើន។ នៅជុំវិញពិភពលោក មនុស្សជាច្រើនបានចាប់ផ្តើមយល់ដឹងអំពីផលប៉ះពាល់ ហើយពួកគេខិតខំកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតតាមរយៈការប្រើប្រាស់ប្រភពថាមពលដែលមិនបញ្ចេញឧស្ម័ននេះ ឬក៏ក្នុងបរិមាណតិចតួច។
អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖