អ្នកឧកញ៉ាមានសញ្ជាតិខ្មែរ-អាមេរិក ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត ជនស្នេហាជាតិ និងជាសហគ្រិនមួយរូប។ បច្ចុប្បន្ន គាត់ត្រូវគេស្គាល់ថាជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងមានបុត្រសម្ពន្ធគឺ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) ហើយលោកមានឯកទេសផ្នែក អប់រំ និងការអភិវឌ្ឍសហគមន៍ផងដែរ។ បច្ចុប្បន្ន អ្នកឧកញ៉ាមានតំណែងជា សមាជិកទីប្រឹក្សា និងជាសហអនុប្រធានក្រុមការងារផ្នែកអប់រំ នៃសភាពាណិជ្ជកម្មកម្ពុជា ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្រ្តីកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព សមាជិកស្ថាបនិក និងទីប្រឹក្សា នៃក្លិបអ្នកវិនិយោគកម្ពុជា ទីប្រឹក្សាក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ប្រធានស្ថាបនិកកិត្តិយស នៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងចាងហ្វាងនៃអឹម ជេ ឃ្យូ មេឌា ណេតវើក (MJQ Media Network) និងស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ អ្នកឧកញ៉ា បានសិក្សានៅសាកលវិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ បន្ទាប់មក លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្រ្តទូទៅ។ ក្នុងឆ្នាំ២០០៧ អ្នកឧកញ៉ា ទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ ពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក។ អ្នកឧកញ៉ា បានធ្វើការជាសាស្ត្រាចារ្យវិទ្យាសាស្រ្ត បង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រស្តីពីរូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងទីក្រុង Los Angeles រដ្ឋ California មុនពេលដែលអ្នកឧកញ៉ាវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០២ ក្នុងនាមជាពេទ្យស្ម័គ្រចិត្ត មានតួនាទីជាទីប្រឹក្សាយោបល់នៃគម្រោង សមាហរណកម្មការគ្រប់គ្រងជំងឺកុមារ (Integrated Management of Childhood Illness, IMCI) និងសុខភាពសាធារណៈរបស់អង្គការ ដៃគូដើម្បីអភិវឌ្ឍន៍ “Partners for Development” ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ ក្រោយមក អ្នកឧកញ៉ាបានកាន់តំណែងជាសាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៃមហាវិទ្យាល័យ គណិតសាស្រ្ត វិទ្យាសាស្រ្ត និងវិស្វកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ ហើយលោកក៏ទទួលបានការតែងតាំងជា ស្ថាបនិកព្រឹទ្ធបុរស អនុប្រធានគណៈកម្មការអប់រំ និងក៏ជាសាស្រ្តាចារ្យ ផ្នែកសុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា មុនពេលលោកបង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នាឆ្នាំ២០០៥។ ពានរង្វាន់កិត្តិយសចុងក្រោយ ដែលលោកទទួលបាន មានដូចខាងក្រោម៖ ស្នាដៃសៀវភៅ ស្នាដៃនិពន្ធដោយអ្នកដទៃ លោក គួច អាឡិច ជាមន្ត្រីទំនាក់ទំនងមូលនិធិ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ លោក គួច អាឡិច កើតនៅក្នុងឆ្នាំ ១៩៦៧ នៅទីរួមខេត្តបាត់ដំបង ប្រទេសកម្ពុជា។ ក្រោយមកគាត់បានទៅរស់នៅ និងបញ្ចាប់ការសិក្សានៅសហរដ្ឋអាមេរិក។ សព្វថ្ងៃលោករស់នៅ និងបម្រើការងារនៅឯសហរដ្ឋអាមេរិក។ លោក គួច អាឡិច មានបទពិសោធជាច្រើនដូចជា អ្នកគ្រប់គ្រងរោងចក្រសម្លៀកបំពាក់ មជ្ឈមណ្ឌលទិញទំនិញ និងហាងលក់ទំនិញផ្សេងៗ ។ នៅក្នុងឆ្នាំ១៩៨៩ លោក គួច អាឡិច បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Trade Technical College នៅទីក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ លោកមានអាជ្ញាបណ្ណអ្នកគ្រប់គ្រងផ្នែកចំណីអាហារអាជីព ដែលទទួលស្គាល់ដោយ National Assessment Institutes ក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សព្វថ្ងៃគាត់គឺជាម្ចាស់ហាង 99 Cent Outlet និងហាងលក់ទំនិញរាយ នៅក្នុងទីក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ មុនពេលចូលបម្រើការក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោក គួច អាឡិច ធ្លាប់បម្រើការជាអ្នកឯកទេសផ្នែកកែច្នៃមាសរបស់ក្រុមហ៊ុន Chain and Cham Co., Ltd នៅក្នុងទីក្រុងឡូសអានជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ១៩៩១ លោកបានបង្កើតអាជីវកម្មផ្ទាល់ខ្លួនរួមមាន A & Q Fashion, Donut King, Super Mercado San Carlos, Daily Donut និង 99 Cent Outlet។ មិនត្រឹមតែប៉ុននោះ គាត់ក៏ជាសហម្ចាស់កម្មសិទ្ធហាងជាច្រើនរួមមាន House Of donuts និង S & A One Dollar Store ក្នុងសហរដ្ឋអាមេរិក។ ក្រៅពីនេះ លោកក៏ជាសមាជិកនៃគណៈកម្មការសភាគណបក្សសាធារណរដ្ឋ នៃរដ្ឋវ៉ាស៊ីងតុន ឌីសី សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ២០០៦ និងជាសមាជិកនៃសភាពាណិជ្ជកម្មរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ១៩៩៣ មក។ លោក គួច ផល គឺជាមន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ ជាកូនច្បងក្នុងចំណោមបងប្អូនប្រាំបីនាក់ លោក គួច ផល កើតនៅខែមេសា ឆ្នាំ១៩៦៤ ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ ដូចជាប្រជាជនកម្ពុជាដទៃទៀតដែរ លោក គួច ផល បានឆ្លងកាត់កុមារភាព និងយុវភាពក្នុងរបប ប៉ុល ពត មុនពេលដែលលោក និងក្រុមគ្រួសារបានទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ១៩៨៤។ មុនពេលដែលលោកចាកចេញទៅសហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ១៩៨៤ លោក គួច ផល ធ្លាប់ប្រកបរបរអាជីវកម្ម ក៏ដូចជាធ្វើការ និងការងារស័្មគ្រចិត្តជាច្រើន។ នៅពេលដែលកំពុងសិក្សានៅវិទ្យាល័យក្នុងខេត្តបាត់ដំបង លោក គួច ផល បានបង្កើតអាជីវកម្មមួយ គឺការនាំទំនិញចូលមកពីប្រទេសថៃមកលក់នៅស្រុកកំណើត និងរាជធានីភ្នំពេញ។ ក្រោយមកទៀត នៅជំរុំជនភៀសខ្លួន ខាវអីដាង នៅក្នុងខែឧសភា ឆ្នាំ១៩៨២ លោកបានធ្វើការនៅមណ្ឌលជួយសង្គ្រោះអន្តរជាតិ (International Rescue Center, IRC) ជាជំនួយការមន្ទីរពិសោធន៍ផ្នែកវិភាគទឹកនោម ប៉ារ៉ាស៊ីតវិទ្យា និងមីក្រូទស្សន៍។ លោកធ្វើការនៅមណ្ឌលជួយសង្គ្រោះអន្តរជាតិរហូតដល់ខែមេសា ឆ្នាំ១៩៨៣ ហើយក្នុងខែមេសាដដែលនោះដែរ លោកទទួលបានការងាររបស់រដ្ឋាភិបាលអាមេរិក ជាអ្នកបកប្រែភាសារបស់ទីភ្នាក់ងារអ្នកស័្មគ្រចិត្ត (JVA) រយៈពេលប្រាំមួយខែ។ នៅក្នុងខែតុលា ឆ្នាំ១៩៨៣ គ្រួសារបស់លោក ផល គួច បានជាប់ការសម្ភាសទៅរស់នៅសហរដ្ឋអាមេរិក និងបានផ្ទេរមករស់នៅជំរុំបណ្ដោះអាសន្នឈុនបុរីប្រហែលពីរសប្ដាហ៍ មុនពេលដែលផ្ទេរទៅកាន់ជំរុំជនភៀសខ្លួនក្នុងប្រទេសហ្វីលីពីន ដែលមានឈ្មោះថា PNRC Philippine Refugee Center។ រយៈពេលប្រាំមួយខែនៅជំរុំជនភៀសខ្លួនសាអាន បាត៉ាអាន ប្រទេសហ្វីលីពីន លោកបានធ្វើការងារស្ម័គ្រចិត្តជាគ្រូបង្រៀនភាសាអង់គ្លេស និងអ្នកបកប្រែតម្រង់ទិសវប្បធម៌សម្រាប់ជនភៀសខ្លួនថ្មី ជាតួនាទីមួយដែលគេគោរពរាប់អានបំផុតក្នុងជំរំជនភៀសខ្លួន ។ ក្រោយពីបានមករស់នៅទឹកដីសហរដ្ឋអាមេរិក លោក គួច ផល បានសិក្សានៅមហាវិទ្យាល័យ Sourhland College ក្នុងក្រុងឡូសអានជឺឡេស និងបញ្ចប់ការសិក្សា ទទួលបានសញ្ញាបត្រ លេខាធិការផ្នែកច្បាប់ក្នុងឆ្នាំ១៩៨៥។ លោក ផល គួច បានប្រឡងជាប់សញ្ញាបត្រដែលមានតម្លៃស្មើសញ្ញាបត្រវិទ្យាល័យក្នុងខែកញ្ញា ឆ្នាំ១៩៨៥ និងបន្តការសិក្សានៅមហាវិទ្យាល័យ Los Angeles Trade College និងបានបញ្ចប់បរិញ្ញាបត្ររងផ្នែកបច្ចេកវិទ្យាវិស្វកម្មអេឡិចត្រូនិចនៅក្នុងខែមិថុនា ឆ្នាំ១៩៨៧។ ក្រោយបញ្ចប់ការសិក្សា លោក គួច ផល បានធ្វើការជាអ្នកបច្ចេកទេសផ្នែកអេឡិចត្រូនិកក្នុងក្រុមហ៊ុន Q-tech Corporation។ ក្រោយមក នៅក្នុងខែមិថុនា ឆ្នាំ១៩៨៩ លោកក៏បានផ្លាស់ប្តូរទៅធ្វើការនៅក្រុមហ៊ុន Teledyne Control ជាអ្នកធ្វើតេស្ត និងជួសជុលទិន្នន័យហោះហើរ និងប្រអប់ខ្មៅទាំងអស់រយៈពេលប្រាំឆ្នាំ មុនពេលចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនក្នុងឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន ប៉ុន្តែលោក ផល គួច បានបន្តធ្វើការនៅក្រុមហ៊ុន Teledyne Control រហូតដល់ឆ្នាំ១៩៩៤៕ លោក ចូវ វុទ្ធី គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ លោក ចូវ វុទ្ធី កើតនៅឆ្នាំ ១៩៦៥ ក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា។ លោកបានប្ដូរទីលំនៅទៅរស់នៅសហរដ្ឋអាមេរិក បានធំធាត់ឡើងក៏ដូចជាបានសិក្សានៅទីនោះ។ លោកបានបញ្ចប់ថ្នាក់ទី៧ នៅសាលាមជ្ឈិម ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៧៥ និងបានបន្តការសិក្សាដោយបានបញ្ចប់សញ្ញាបត្រពី Truman Community College រដ្ឋឈីកាហ្គោ សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៨៣។ ក្រៅពីជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ចាប់តាំងពីឆ្នាំ ២០១៧ មក លោក ចូវ វុទ្ធី ក៏ជាសហម្ចាស់កម្មសិទ្ធនៃ 98 Cent+ Outlet ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០០៥ និងក៏ជាម្ចាស់កម្មសិទ្ធនៃ Royal Donuts ក្នុងរដ្ឋកាលីហ្វ័រញ៉ា ចាប់តាំងពីឆ្នាំ១៩៩៥។ លោកក៏ធ្លាប់ធ្វើជាម្ចាស់រោងចក្រសម្លៀកបំពាក់ A & Q និងក៏ធ្លាប់ធ្វើជាអ្នកច្នៃពេជ្រចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៤ និងជាអ្នកច្នៃពេជ្រនៅក្រុមហ៊ុន Goldsmith at ORO America Co., ក្នុងក្រុងឡូសអានជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩១។ លោក ចូវ វុទ្ធី ចេះប្រើប្រាស់ភាសាអង់គ្លេស និងខ្មែរយ៉ាងស្ទាត់ជំនាញ។ លោកក៏អាចនិយាយភាសាចិន និងអេស្ប៉ាញបានផងដែរ។ លោកជំទាវ អ៉ឹង លីហុង គឺជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូប នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់តាំងពីឆ្នាំ ២០០៥ ហើយក៏ជាប្រធានគ្រប់គ្រងទូទៅនៃការិយាល័យកិច្ចការវប្បធម៌ចាប់តាំងពីឆ្នាំ ២០០៤ មក។ លោកជំទាវ អ៊ឹង លីហុង កើតនៅឆ្នាំ ១៩៧៩ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ លោកជំទាវបានរស់នៅធំធាត់ឡើង និងបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសាលារៀនចិន ទួន ហ្វា ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៩៧។ បច្ចុប្បន្ននេះ លោកជំទាវកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា។ មុនពេលទទួលបានតួនាទីបច្ចុប្បន្ន លោកជំទាវ អ៊ឹង លីហុង គឺជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Camtrade Corporation Ltd. (Nissan) ក្នុងប្រទេសកម្ពុជា អំឡុងឆ្នាំ ១៩៩៩-២០០៤ និងក៏ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អំឡុងឆ្នាំ ២០០៥-២០១៤។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
លោក គួច អាឡិច
ក្រុមប្រឹក្សាភិបាល
លោក គួច ផល
ក្រុមប្រឹក្សាភិបាល
លោក ចូវ វុទ្ធី
ក្រុមប្រឹក្សាភិបាល
លោកជំទាវ អ៉ឹង លីហុង
ក្រុមប្រឹក្សាភិបាល