អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “គ្រាន់តែញ៉ាំផ្លែឈើ២ដងក្នុង១ថ្ងៃ ជួយកាត់បន្ថយទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាព”
អត្ថបទដកស្រង់ដោយ : អ៊ាក គារី
#MJQE #AmericanInterconSchool
ពិតណាស់ដូចដែលយើងបានដឹងស្រាប់ហើយថា ទឹកនោមផ្អែមគឺជាជំងឺមួយប្រភេទដែលកើតឡើង ដោយសារតែអ្នកជំងឺមានផ្ទុកជាតិស្ករច្រើនពេកក្នុងឈាមរបស់ពួកគេ ហើយនេះជាបញ្ហាសុខភាពដ៏ធំមួយសម្រាប់យើងគ្រប់គ្នាផងដែរ។ បើយោងទៅតាមការសិក្សាស្រាវជ្រាវមួយដែលចេញផ្សាយនៅលើ ទស្សនាវដ្តី Clinical Endocrinology & Metabolism មនុស្សប្រមាណជា៤៦៣លាននាក់នៅទូទាំងពិភពលោក បានកំពុងតែរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមនៅក្នុងឆ្នាំ២០១៩ ហើយនៅត្រឹមឆ្នាំ ២០៤៥ ចំនួននេះត្រូវបានរំពឹងទុកថានឹងកើនដល់៧០០លាននាក់។ បើតាមការសិក្សាដដែលមនុស្ស ប្រមាណជា៣៧៤នាក់ កំពុងតែស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមកម្រិត២ដែលជា បញ្ហាទូទៅនៃជំងឺនេះ។
ដើមហេតុនៃការកើតជំងឺទឹកនោមផ្អែម និងរោគសញ្ញា :
ទឹកនោមផ្អែមកម្រិត១ កើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់យើងដែលជាប្រព័ន្ធប្រឆាំងនឹងការ បង្កជំងឺនានាក្នុងរាងកាយធ្វើការវាយប្រហារ និងកម្ចាត់សារធាតុអាំងស៊ុយលីន។ ក្រុមអ្នកវិទ្យាសាស្ត្រ គិតថាកម្រិត១នេះ គឺបង្កឡើងដោយហ្សេន បញ្ហាបរិស្ថាន និងវីរុសនានា។ ដោយឡែកដើមហេតុដ៏ចម្បងនៃការនាំឱ្យកើតជំងឹទឹកនោមផ្អែមកម្រិត២ គឺទាក់ទងនឹងរបបអាហារ និងរបៀបរបបរស់នៅប្រចាំ ថ្ងៃរបស់យើង។ រោគសញ្ញានៃការកើតជំងឺទឹកនោមផ្អែមរួមមាន ស្រេកទឹក និងនោមញឹក មានអារម្មណ៍ ឃ្លានជាងមុន អស់កម្លាំង ស្រវាំងភ្នែក ហើមប្រអប់ជើង និងដៃ មិនងាយសះរបួស និងស្រកទម្ងន់ជាដើម ។
ដំណោះស្រាយជាមួយនឹងការមានរបបអាហារល្អ និងការមានទម្លាប់ញ៉ាំផ្លែឈើ :
ដោយសារតែជំងឺទឹកនោមផ្អែមភាគច្រើនកើតឡើងដោយសារតែរបបអាហារ និងរបៀបរបបរស់នៅ ប្រចាំថ្ងៃរបស់យើង។ ការមានរបបអាហារប្រកបដោយសុខភាពល្អ ពិតជាសំខាន់ណាស់ក្នុងការគេចឱ្យផុតពីការកើតជំងឺទឹកនោមផ្អែម។ ជាមួយគ្នានេះ បើយោងទៅតាមការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយក្នុងទស្សនាវដ្តី Clinical Endocrinology & Metabolism អ្នកដែលបរិភោគផ្លែឈើទាំងមូល (មិន មែនចម្រាញ់យកទឹក ឬទឹកផ្លែឈើ) ឱ្យបាន២ពេលក្នុង១ថ្ងៃ មានកម្រិតនៃការប្រឈមមុខនឹងការកើត ជំងឺទឹកនោមផ្អែមកម្រិត២ តិចជាងរហូតដល់ទៅ៣៦% ធៀបទៅនឹងអ្នកមិនញាំផ្លែឈើតិចជាង១លើក ក្នុង១ថ្ងៃ។
ការរកឃើញ និងភស្តុតាងរបស់លោកស្រី វេជ្ជបណ្ឌិត Nicola Bondonno :
លោកស្រី Nicola Bondonno វេជ្ជបណ្ឌិត នៅវិទ្យាស្ថានស្រាវជ្រាវចំណីអាហារ នៃសាកលវិទ្យាល័យ Edith Cowan ក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលី មានប្រសាសន៍ទាក់ទងនឹងករណីសិក្សា ដែលលោកស្រីបានរកឃើញ និងចេញផ្សាយក្នុងទស្សនាវដ្តី Clinical Endocrinology & Metabolism ថា យើងបានឃើញថាអ្នកដែលបានបរិភោគផ្លែឈើ២លើកក្នុង១ថ្ងៃ មានកម្រិតនៃការកើតជំងឺទឹកនោម ផ្អែមកម្រិត២ ទាបជាងអ្នកបានញាំផ្លែឈើតិចជាង២លើកក្នុងមួយថ្ងៃ រហូតដល់ទៅ៣៦% ក្នុងរយៈពេល៥ឆ្នាំបន្ទាប់។ ការរកឃើញនេះបង្ហាញថា របបអាហារប្រកបដោយសុខភាព និងរបៀបរបបរស់នៅល្អ ក្នុងនោះរាប់បញ្ចូលទាំងការបរិភោគផ្លែឈើជាប្រចាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងកាត់ បន្ថយការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមរបស់អ្នក។
វិធីសាស្ត្រផ្សេងទៀតក្នុងការកាត់បន្ថយ ការកើតជំងឺទឹកនោមផ្អែម :
ក្រៅពីការបរិភោគផ្លែឈើជាប្រចាំ លោកអ្នកគួរតែកាត់បន្ថយការបរិភោគផ្អែម ធ្វើលំហាត់ប្រាណជា ទៀងទាត់ ញ៉ាំទឹកឱ្យបានច្រើន សម្រកទម្ងន់បើអ្នកឡើងទម្ងន់ខ្លាំង ឈប់ជក់បារី បរិភោគអាហារដែលមានសារធាតុសរសៃ និងវីតាមីន D ជាដើម។ បើអ្នកមានចំណុចណាមួយគួរឱ្យសង្ស័យ អ្នកគួរតែជួបគ្រូពេទ្យដើម្បីពិនិត្យ ឬអាចធ្វើការពិនិត្យសុខភាពជាប្រចាំ ដើម្បីធានាថាលោកអ្នកនៅតែមានសុខភាពល្អ និងមិនប្រឈមមុខនឹងជំងឺគ្រោះថ្នាក់នានា៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.manulife.com.kh/km/insights/eating-fruit-twice-a-day-helps-reduce-diabetes.html