អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ជនជាតិដើមភាគតិចទំពួននៅតែបន្តរក្សាប្រពៃណីត្បាញក្រណាត់”
អត្ថបទដកស្រង់ដោយ : សែម ពេជ្រ
#MJQE #AmericanInterconSchool
ស្ត្រីជនជាតិដើមភាគតិចទំពួនរស់នៅខេត្តរតនគីរី មកទល់នឹងបច្ចុប្បន្ននៅតែបន្តរក្សាប្រពៃណីត្បាញក្រណាត់ធ្វើពីអំបោះដើម្បីកែច្នៃជាសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗប្រចាំថ្ងៃ។ មុខរបរត្បាញក្រណាត់នេះ មានតាំងពីយូរណាស់មកហើយ។ ដោយការត្បាញក្រណាត់ពីដើម បងប្អូនជនជាតិដើមភាគតិចបានយកកប្បាស កី និងប្រើវិធីជ្រលក់ស្លឹករុក្ខជាតិឱ្យអំបោះក្លាយជាពណ៌។ ក៏ប៉ុន្តែ វត្ថុធាតុដើមពិបាករក ទើបសព្វថ្ងៃស្ត្រីជនជាតិទំពួនបានទិញអំបោះ ដែលមានពណ៌ស្រាប់ពីផ្សារបានលុង យកមកត្បាញជាក្រណាត់ច្នៃ បានជាច្រើនមុខសម្រាប់ប្រើប្រាស់នៅក្នុងគ្រួសារ។ ក្រោយពីត្បាញរួចមួយផ្នែកខ្លះបានយកទៅលក់នៅរមណីយដ្ឋាន បឹងយក្ខឡោម ឬក៏ផ្សារបានលុង និងអ្នកបញ្ជាទិញ។ មុខរបរត្បាញក្រណាត់នេះ ក៏បានជួយលើកស្ទួយជីវភាពគ្រួសារថែមមួយកម្រិត។
ប្រពៃណីត្បាញក្រណាត់ជនជាតិដើមភាគតិចទំពួន គេមានត្រណមមិនឱ្យបុរសត្បាញក្រណាត់បានទេ។ ចាស់ៗមានជំនឿថា បើសិនជាបុរសត្បាញក្រណាត់ពេលដើរចូលព្រៃនឹងត្រូវសត្វខ្លាខាំ។ ហេតុនេះហើយបានជាគេមិនអនុញ្ញាតឱ្យបុរសមកត្បាញក្រណាត់។ ទម្លាប់មួយទៀតពេលត្បាញក្រណាត់ អ្នកភូមិជនជាតិដើមភាគតិចក៏មានពិធីសែនផងដែរ។ ពិធីសែននោះគេមិនប្រើធូបទៀនឡើយ គឺតែងតែកាប់មាន់ និងកាប់ជ្រូក យកគ្រឿងក្នុងដែលមានឈាមទៅក្រលៀសជាមួយមាត់ស្រាពាង។ ហើយយកគ្រឿងក្នុងមាន់ ឬជ្រូក ទៅដោតជាមួយឈើ រួចធ្វើពិធីសុំម្ចាស់ទឹក ម្ចាស់ដី អារក្សអ្នកតា ដើម្បីមានសុខសប្បាយដល់ក្រុមគ្រួសារ។
ពិធីសែននេះ គឺគេតែងតែធ្វើនៅពេលក្រោយត្បាញក្រណាត់រួចរាល់បានច្រើន។ នៅក្នុងពិធីសែននោះគេក៏មិនអនុញ្ញាតឱ្យអ្នកពីក្រៅចូលទៅថតក្នុងបរិវេណរៀបចំពិធីសែនបានទេ។ ក្រៅពីនេះពេលបង្ហាត់បង្រៀនដល់អ្នកជំនាន់ក្រោយក៏ត្រូវមានរៀបចំពិធីសែនផងដែរ។ ផ្ទុយពីនេះបើសិនជាត្បាញក្រណាត់យកទៅលក់ដោយមិនបានសែន គេមានជំនឿថាស្ត្រីដែលត្បាញនោះនឹងងងឹតភ្នែក។
ការអង្គុយសណ្ដូកជើងទាំងពីរទៅមុខលើកន្ទេលក្រាលផ្ទាល់ដីក្រោមផ្ទះ ជាមួយកាយវិការដៃទាំងសងខាងរស់រវើក គឺជាសកម្មភាពត្បាញក្រណាត់របស់បងប្អូនជនជាតិដើមភាគតិចទំពួនរស់នៅភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគីរី។ ទំនៀមទម្លាប់ខាងលើនេះបានបន្តរក្សារហូតមកដល់សព្វថ្ងៃ។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.rasmeinews.com/archives/661064