អត្ថបទដកស្រង់ដោយ : ផែង ស្រីណាង
#MJQE#AmericanInterconSchool
កោះស្ដេច គឺជាកោះដ៏ធំមួយស្ថិតក្នុងស្រុកគីរីសាគរ ខេត្តកោះកុង។ បច្ចុប្បន្នកោះស្ដេច ក៏ជាទីកន្លែងកំពុងពេញនិយម និងទាក់ទាញចិត្តភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកទស្សនាកម្សាន្តពីមួយថ្ងៃទៅមួយថ្ងៃច្រើនជាហូរហែផងដែរ ព្រោះថាកោះមួយនេះវាមានទីតាំងភូមិសាស្រ្តល្អ បរិយាកាសបរិសុទ្ធ និងសម្បូរកន្លែងលេងកម្សាន្តច្រើនមិនខ្វះនោះឡើយ។ ចំពោះរឿងទីកន្លែងកម្សាន្តនៅទីនេះមិនចាំបាច់ភ័យនោះទេ សម្រាប់កន្លែងលេងកម្សាន្តប្រាកដជាមានមិនខ្វះ! ហើយម្យ៉ាងទៀត សម្រាប់អ្នកដែលចង់ទៅលេងកោះស្ដេច តែមិនទាន់ដឹងថាគួរត្រូវធ្វើអីខ្លះទើបសប្បាយពេលដែលបានទៅដល់? ដូច្នេះថ្ងៃនេះ ខ្ញុំនឹងនាំអារម្មណ៍ណែនាំអ្នកទាំងអស់គ្នាមកស្គាល់ទីតាំងទាំងនេះដូចខាងក្រោម៖
១. ដើរមើលពីការរស់នៅរបស់អ្នកភូមិនៅលើកោះនេះ :
ប្រជាជនរស់នៅទីនោះមានភាពរួសរាយណាស់ ពិសេសរបត់ជីវិតរបស់ពួកគាត់នៅទីនោះក៏មានភាពជឿនលឿនណាស់ដែរ ដោយនៅក្នុងភូមិ មានផ្សារ មានកន្លែងលក់របស់របរផ្សេងៗ និងមានតូបលក់ចំណីអាហារសម្រាប់ញ៉ាំមិនខ្វះនោះឡើយ។
២. ជិះទូកមើលទេសភាពជុំវិញកោះ និងស្ទូចត្រី :
បន្ទាប់ពីដើរលេងកម្សាន្តតាមភូមិអស់ចិត្តហើយ បើយើងចង់ជិះទូកទៅមើលទេសភាព ក៏អាចរកជួលទូកគេបានដែរ ប្រសិនបើយើងមានពេលគ្រប់គ្រាន់ ពិសេសបើបានទៅមើលផ្កាថ្ម និងស្ទូចត្រីថែមទៀតនោះ លោកអ្នកនឹងទទួលអារម្មណ៍ប្លែកថ្មីមួយបែបទៀត។
៣. ទៅកម្សាន្តឆ្នេរដូង :
ទីនេះគឺជាឆ្នេរដ៏ស្អាតនៅលើកោះស្ដេចនេះ តែទឹកនៅទីនោះរាងជ្រៅបន្តិច ប្រសិនបើយើងចង់ងូតទឹកលេង អាចនៅត្រឹមទឹករាក់ៗបានហើយ។
៤. ទៅលេងពយបារាំង :
ទីនេះជាកន្លែងលាក់ខ្លួនមួយដែលមានឆ្នេរខ្សាច់តូចល្មម និងមានដើមដូងជាច្រើនដុះព្រោងព្រាត និងមានស្ពានឈើលយចូលទៅលើមាត់សមុទ្របង្កើតបានជាប្លង់ថតរូបយ៉ាងស្អាតតែម្ដង ហើយនៅទីនេះយើងគួរទៅលេងពេលថ្ងៃ និងជិតរសៀលដើម្បីមើលថ្ងៃលិចយ៉ាងស្រស់ស្អាត។
៥. ទៅលេងកោះស្មាច់ :
កោះនេះ មានទីតាំងនៅជិតនឹងកោះស្ដេចដែរ ហើយទីនេះក៏ជាកន្លែងដ៏ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍បំផុត ព្រោះវាមានឆ្នេរខ្សាច់ធំទូលាយ ងាយស្រួលសម្រាប់ការងូតទឹកកម្សាន្ត។
៦. ទៅលេងកោះរីករាយ ឬកោះខ្មោច :
ចេញពីកោះស្មាច់តែបន្តិចប៉ុណ្ណោះ យើងនឹងមកដល់ឆ្នេរមួយនេះ ហើយទីនេះក៏ជាកន្លែងល្អសម្រាប់មើលផ្កាថ្មផងដែរ។