កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី៣ និងទី៦ និងគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា និងផែនដីវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខាប្រមាណជា១០០នាក់ ធ្វើដំណើរចុះកម្មសិក្សានៅសារមន្ទីរជាតិ ដែលស្ថិតនៅរាជធានីភ្នំពេញ។នៅពេលធ្វើដំណើរទៅដល់សារមន្ទីរជាតិ គណៈគ្រប់គ្រងបានដឹកនាំលោកគ្រូ អ្នកគ្រូចូលទៅក្នុងបរិវេណសារមន្ទីរជាតិ ហើយមគ្គទេសក៍ប្រចាំការនៅទីនោះក៏បានបង្ហាញពីប្រភេទចម្លាក់ ក្បូរក្បាច់រចនា អាយុកាល ប្រវត្តិសាស្ត្រ និងឈ្មោះផ្សេងៗរបស់ចម្លាក់នីមួយៗ ជាពិសេសបានធ្វើការបង្ហាញប្រាប់អំពីមរតកស្នាដៃ ដែលដូនតាខ្មែរបានបន្សល់ទុកមករហូតមកដល់បច្ចុប្បន្ន។ បន្ថែមលើនេះទៅទៀត មគ្គទេសក៍បានរៀបរាប់ និងបង្ហាញពីសម័យកាលនីមួយៗនៃការកសាងប្រាសាទ ក៏ដូចជាចម្លាក់ជូនដល់លោកគ្រូ អ្នកគ្រូបានយ៉ាងក្បោះក្បាយ និងស៊ីជម្រៅផងដែរ។ក្រោយពីចុះកម្មសិក្សានៅសារមន្ទីរជាតិទាំងមូលចប់សព្វគ្រប់ហើយ គណៈគ្រប់គ្រងបានដឹកនាំលោកគ្រូ អ្នកគ្រូធ្វើដំណើរត្រឡប់មកកាន់ាសាលារៀនវិញ ហើយលោកគ្រូ អ្នកគ្រូទាំងអស់បានថតរូបអនុស្សាវរីយ៍ និងធ្វើដំណើរត្រឡប់មកដល់សាលារៀនវិញប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ។ លោកគ្រូ អ្នកគ្រូបានស្គាល់ បានយល់ដឹងកាន់ស៊ីជម្រៅអំពីចម្លាក់សាសនានានា ចម្លាក់ក្បូរក្បាច់ រចនាបថផ្សេងៗក្នុងការកសាងចម្លាក់ប្រាសាទជាដើម ហើយលោកគ្រូ អ្នកគ្រូបានស្រូបយកនូវខ្យល់អាកាសបរិសុទ្ធធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងបានមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាត ផ្សេងៗនៅទីនោះ ដែលបរិយាកាសទាំងអស់នេះធ្វើឱ្យលោកគ្រូ អ្នកគ្រូអាចបំបាត់អស់ភាពនឿយហត់ និងបង្កជាភាពសប្បាយរីករាយ។
ចែករំលែកអត្ថបទនេះ