នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧ កន្លងនេះ គឺជាលើកទី១០៩ ហើយ នៃដំណើរទស្សកិច្ចសិក្សារបស់សិស្សានុសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ហៅកាត់ថា AIS ។ នៅក្នុងដំណើរនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្សានុសិស្សទាំងបីសាខា និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិក ។
ដំណើរទស្សនកិច្ចសិក្សានេះ ឆ្ពោះទៅកាន់រមណីយដ្ឋានភ្នំប្រសិទ្ធិ៍ និងភ្នំរាប រួចបន្តទៅកាន់ស្រុកអង្គស្នួល និងស្រុកពញាឮ ខេត្តកណ្ដាល ព្រមទាំងយក សម្ភារសិក្សា និងចំណីអាហារមួយចំនួនទៅចែកដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាតាប្រាបផងដែរ។ ជុំវិញមូលហេតុដែលសាលាជ្រើសរើសយកទីតាំងទាំងនេះជាគោលដៅនៃទស្សនកិច្ចសិក្សា គឺដោយសារនៅទីនេះមានប្រាសាទបុរាណមួយឈ្មោះប្រាសាទ ស្រីគ្រប់លក្ខណ៍ ដែលកសាងឡើងតាំងពីសតវត្សទី៧ ដើម្បីឱ្យសិស្សបានដឹងពីប្រវត្តិខ្លះៗរបស់ប្រាសាទនេះ និងរូងភ្នំមួយទៀតដែលស្ថិតនៅក្រោមប្រាសាទ។ ម្យ៉ាងក៏ដើម្បីឱ្យសិស្សបានស្គាល់ និងចេះយកចិត្តទុកដាក់អភិរក្សថែរក្សាការពារសម្បត្តិវប្បធម៌ជាតិដែរ។ ក្រៅពីនេះ ដោយសារទីនេះមានបរិយាកាសល្អ ដែលជា ឱកាសឱ្យសិស្សអាចស្រូបយកខ្យល់បរិសុទ្ធ និងលំហែកម្សាន្តយ៉ាងសប្បាយរីករាយទៀតផង។ សាលាតែងតែរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សគ្រប់កម្រិត ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមពីលើអ្វីដែលបានរៀននៅក្នុងថ្នាក់ ឈ្វេងយល់បន្ថែមពីសង្គម ពង្រីកចំណេះទូទៅ ជ្រួតជ្រាបពីជីវភាពរស់នៅរបស់ប្រជាជនក្រៅទីក្រុង និងស្គាល់ទីតាំង ភូមិសាស្ត្រសំខាន់ៗនៅក្នុងប្រទេសកម្ពុជាជាដើម។ ក្រៅពីនោះ ការធ្វើដំណើរទស្សនកិច្ចសិក្សារួមគ្នា ក៏ជាឱកាសមួយដែលជួយឱ្យសិស្សានុសិស្សចេះសាមគ្គីគ្នា សហការ ស្រឡាញ់គ្នា និងជួយគ្នាទៅវិញទៅមក ដោយគ្មានការរើសអើងដែរ។