កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៨ ទៅទស្សនកិច្ចសិក្សាកសិដ្ឋានចិញ្ចឹមសត្វ និងដំណាំដាំដុះតាមបែបធម្មជាតិរបស់ប្រជាកសិករគំរូនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ដំណើរទស្សនកិច្ចសិក្សានេះគឺមានសារៈសំខាន់ក្នុងវិស័យកសិកម្មកម្ពុជា ដែលកំពុងតែប្រឈមខ្លាំងលើការប្រើប្រាស់សារធាតុពុលទៅលើបន្លែ ត្រី សាច់ ដោយមិនបានគិតពីផលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ។ សិស្សានុសិស្សទៅសិក្សាឈ្វេងយល់ពីបច្ចេកទេសចិញ្ចឹមសត្វ និងដាំបន្លែតាមបែបធម្មជាតិដោយគ្មានប្រើជីគីមីនិងថ្នាំពុលពីកសិករឆ្នើមនៅកសិដ្ឋានចិញ្ចឹមសត្វ និងចម្ការបន្លែនេះ។ បន្ថែមពីនេះទៀតមានការចែករំលែកពីបទពិសោធចិញ្ចឹមសត្វ និងដាំបន្លែធម្មជាតិដល់សិស្សានុសិស្សពីម្ចាស់កសិដ្ឋាន ពីបច្ចេកទេស និងគំនិតច្នៃប្រឌិតប្លែកៗក្នុងដាំបន្លែនិងចិញ្ចឹមសត្វដោយគ្មានប្រើប្រាស់សារធាតុគីមី តែទទួលទិន្នផលបានខ្ពស់ដែលមានលក្ខណៈខុសប្លែកឆ្ងាយពីប្រជាកសិករទូទៅ។ ទស្សនកិច្ចសិក្សាលើកនេះ ធ្វើឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗលើផ្នែកកសិកម្ម ហើយថែមទាំងបានកម្សាន្តសប្បាយជាមួយនឹងមិត្តភក្តិទៀតផង ដែលជាឱកាសមួយជួយឱ្យខួរក្បាលស្រស់ស្រាយ កាត់បន្ថយភាពស្មុគស្មាញពីការសិក្សា ជាពិសេសក៏បានធ្វើឱ្យចំណងមិត្តភាពរបស់ពួកគេកាន់តែរឹងមាំថែមទៀតផងដែរ តាមរយៈការញ៉ាំអាហារជុំគ្នា ការពិភាក្សាក្រុម និងការលេងល្បែងកម្សាន្តនានា។ បន្ទាប់មកបាននាំសម្ភារសិក្សាមួយចំនួនយកទៅចែកសិស្សសាលាបឋមសិក្សាចមពលប្រមាណជាង៣រយនាក់ផងដែរ៕
ចែករំលែកអត្ថបទនេះ