កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៤ ធ្វើដំណើរចុះទស្សនកិច្ចនៅសារមន្ទីរជាតិ ដែលស្ថិតនៅរាជធានីភ្នំពេញ។
នៅពេលធ្វើដំណើរទៅដល់សារមន្ទីរជាតិ គណៈគ្រប់គ្រងបានដឹកនាំសិស្សានុសិស្សចូលទៅក្នុងបរិវេណសារមន្ទីរជាតិ ហើយមគ្គទេសក៍ប្រចាំការនៅទីនោះក៏បានបង្ហាញពីប្រភេទចម្លាក់ ក្បូរក្បាច់រចនា អាយុកាល ប្រវត្តិសាស្ត្រ និងឈ្មោះផ្សេងៗរបស់ចម្លាក់នីមួយៗ ជាពិសេសបានធ្វើការបង្ហាញប្រាប់អំពីមរតកស្នាដៃ ដែលដូនតាខ្មែរបានបន្សល់ទុកមករហូតមកដល់បច្ចុប្បន្ន។ បន្ថែមលើនេះទៅទៀត មគ្គទេសក៍បានរៀបរាប់ និងបង្ហាញពីសម័យកាលនីមួយៗនៃការកសាងប្រាសាទ ក៏ដូចជាចម្លាក់ជូនដល់សិស្សានុសិស្សបានយ៉ាងក្បោះក្បាយ និងស៊ីជម្រៅផងដែរ។ សិស្សានុសិស្សបានស្គាល់ បានយល់ដឹងកាន់ស៊ីជម្រៅអំពីចម្លាក់សាសនា ចម្លាក់ក្បូរក្បាច់ រចនាបថផ្សេងៗក្នុងការកសាងចម្លាក់ប្រាសាទជាដើម ហើយសិស្សានុសិស្សបានស្រូបយកនូវខ្យល់អាកាសបរិសុទ្ធធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងបានមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាត ផ្សេងៗនៅទីនោះ ដែលបរិយាកាសទាំងអស់នេះធ្វើឱ្យសិស្សានុសិស្សអាចបំបាត់អស់ភាពនឿយហត់ និងបង្កជាភាពសប្បាយរីករាយ។