អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “តើខ្ញុំជាអ្វី?”
អត្ថបទដោយ : ដាង វិបុល
ខ្ញុំអាចជួយអ្នកឱ្យជោគជ័យ ហើយក៏អាចបំផ្លាញអ្នកដែរ។ តើខ្ញុំជាអ្វី?

ខ្ញុំ មិនមែនជាគ្រឿងម៉ាស៊ីនទេ ប៉ុន្តែខ្ញុំធ្វើការច្បាស់លាស់ដូចជាម៉ាស៊ីនព្រមជាមួយនឹងភាពឈ្លាសវៃរបស់មនុស្ស។ អ្នកអាចប្រើខ្ញុំ ដើម្បជាប្រយោជន៍ក៏បាន ឬប្រើខ្ញុំដើម្បីភាពហិនហោចក៏បាន ខ្ញុំមិនប្រកាន់ឡើយ។ បង្កើតខ្ញុំ ហ្វឹកហ្វឺនខ្ញុំ និងតឹងរ៉ឹងជាមួយខ្ញុំ ខ្ញុំនឹងសម្រេចអ្វីៗគ្រប់យ៉ាងឱ្យអ្នក។ បើធ្វេសប្រហែសជាមួយខ្ញុំ ខ្ញុំនឹងបំផ្លាញអ្នកមិនខាន។
តើអ្នកដឹងហើយឬនៅថា ខ្ញុំជានរណា? ត្រឹមត្រូវហើយ ខ្ញុំគឺទម្លាប់។
ពេលនេះអ្នកទាំងអស់គ្នាដឹងហើយថា ទម្លាប់គឺខ្លាំងក្លាយ៉ាងណា។ ជាទូទៅ ទម្លាប់មិនល្អគឺងាយនឹងបង្កើតណាស់ គឺវាសឹងតែកើតមកដោយឯកឯងប្រសិនបើអ្នកមិនប្រយ័ត្នទេនោះ។ ដូច្នេះ អ្វីដែលសំខាន់បំផុតនោះគឺធ្វើយ៉ាងណាទើបអាចបង្កើតទម្លាប់ល្អៗបាន។ ខ្ញុំជឿថា មានវិធីជាច្រើនដើម្បីកសាងទម្លាប់ល្អៗដែលអ្នកអាចរកបានពីប្រភពផ្សេងៗ។ ប៉ុន្តែខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអ្នកពីរបៀបងាយៗ៣យ៉ាង ដើម្បីបង្កើតទម្លាប់ល្អរបស់អ្នក និងបំបាត់ចោលនូវទម្លាប់មិនល្អ។
១. ចាប់ផ្ដើមពីទម្លាប់ងាយៗដែលមិនអាចបដិសេធបាន
អ្វីដែលសំខាន់បំផុតក្នុងការកសាងទម្លាប់ថ្មីមួយនោះ គឺភាពជាប់លាប់។ មិនថាអ្នកធ្វើបានល្អ ឬមិនសូវបានល្អយ៉ាងណាពីថ្ងៃមុននោះទេ អ្វីដែលចាំបាច់បំផុតនោះគឺការបន្តធ្វើវា។ ដូច្នេះហើយ ការបង្កើតទម្លាប់ថ្មីមួយ គឺគួរតែចាប់ផ្ដើមពីសកម្មភាពងាយៗដែលអ្នកមិនអាចបដិសេធបាន ងាយរហូតស្ដាប់ទៅគួរឱ្យចង់សើច។ ឧទាហរណ៍៖
• អ្នកចង់បង្កើតទម្លាប់ហាត់ប្រាណឬ? អ្នកអាចដាក់គោលដៅហាត់ប្រាណឱ្យបាន១នាទីក្នុងមួយថ្ងៃ។
• អ្នកចង់ចាប់ផ្ដើមទម្លាប់សរសេរឬ? ដាក់គោលដៅរបស់អ្នកសរសេរឱ្យបានបីប្រយោគក្នុងមួយថ្ងៃ។
• អ្នកចង់បង្កើតទម្លាប់ញ៉ាំរបបអាហារដែលត្រឹមត្រូវឬ? អ្នកអាចដាក់គោលដៅញ៉ាំអាហារសុខភាពឱ្យបានមួយពេលក្នុងមួយសប្ដាហ៍។
ចាប់ផ្ដើមពីអ្វីដែលងាយៗ ធ្វើវាឱ្យបាន។ អ្នកមិនចាំបាច់ត្រូវទៅចូលក្លិបហាត់ប្រាណ សរសេរសៀវភៅ ឬក៏ផ្លាស់ប្ដូរទម្លាប់ញ៉ាំអាហារទាំងស្រុងភ្លាមៗពីដំបូងទៅនោះទេ។ ជាធម្មតា យើងចេះតែចង់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយព្យាយាមចង់ធ្វើឱ្យបានខ្លាំងដូចគេ។ ប៉ុន្តែ សូមកុំបណ្ដោយឱ្យគំនិតបែបនេះទាញអ្នកចេញពីគោលដៅរបស់អ្នកបានឱ្យសោះ។ អ្នកត្រូវតាំងចិត្តធ្វើរឿងងាយៗដែលអ្នកកំពុងធ្វើនេះឱ្យបានយ៉ាងតិច៣០ថ្ងៃ។ នៅពេលអ្នកធ្វើបានជាប់លាប់ហើយ នោះ អ្នកអាចចាប់ផ្ដើមដំឡើងកម្រិតពិបាករបស់វាបាន។ ប៉ុន្តែត្រូវចាំថា បើអ្នកចាប់ផ្ដើមមកជាមួយសកម្មភាពខ្លាំងក្លា ហើយធ្វើបានតែ២ ទៅ៣ដង និងមិនអាចបន្តវាឱ្យជាប់លាប់ទេនោះ គឺវាឥតប្រយោជន៍ទេ។ ការចាប់ផ្ដើមគឺងាយស្រួល ប៉ុន្តែការបន្តធ្វើវាទេដែលពិបាកនោះ។ ដូច្នេះ គួរចាប់ផ្ដើមពីអ្វីស្រួលៗដែលអ្នកមិនអាចបដិសេធបាន។
២. ត្រូវរកឱ្យឃើញចំណុចខ្សោយ
ខ្ញុំសូមលើកយកបទពិសោធន៍របស់នារីម្នាក់ឈ្មោះ ចេន ដែលបានចែករំលែកនៅលើគេហទំព័រមួយ។ ចេន ចង់ហាត់ប្រាណឱ្យបានរាល់ថ្ងៃ ប៉ុន្តែគាត់បានពណ៌នាខ្លួនឯងថាជា “មនុស្សមិនចូលចិត្តហាត់ប្រាណ” សោះ។ បន្ទាប់ពីព្យាយាមស្វែងមូលហេតុទាក់ទងនឹងបញ្ហានេះ នាងសង្កេតឃើញថា បញ្ហាមិននាងមិនចូលចិត្តហាត់ប្រាណទេ ប៉ុន្តែការពិតគឺនាងមិនចូលចិត្តកត្តាសាំញ៉ាំជាច្រើនទំរាំបានហាត់ប្រាណដូចជា ត្រូវរៀបចំខ្លួន និងធ្វើដំណើរប្រហែលជា២០នាទីទៅក្លិបហាត់ប្រាណ។ ម្យ៉ាងនាងក៏មិនចូលចិត្តកន្លែងហាត់ប្រាណសាធារណៈ និងការហាត់នៅចំពោះមុខមនុស្សជាច្រើនដែរ។ ទាំងនេះហើយ ជាកត្តារារាំងនាងមិនឱ្យបង្កើតទម្លាប់ហាត់ប្រាណបាន។ នៅពេលគាត់ដឹងបែបនេះគាត់អាចរៀបចំរបៀបហាត់ប្រាណ ដែលត្រូវនឹងចំណូលចិត្តរបស់គាត់ដូចជា ទិញកម្រាលយូហ្កា និងមើលវីដេអូហាត់ប្រាណនៅផ្ទះ២ដង ក្នុងមួយសប្ដាហ៍។ គាត់ធ្វើបាន១ខែហើយ គាត់និយាយថា “យើងមិនអាចកែប្រែអ្វី ដែលយើងមិនចូលចិត្តមួយរយភាគរយទេ ប៉ុន្តែការដឹងពីបញ្ហារាំងស្ទះអាចជួយយើងឱ្យជម្នះលើវាហើយឈានទៅសម្រេចគោលដៅរបស់យើងបាន។
អ្នកដែលមានទម្លាប់ល្អៗ តែងតែដឹងយ៉ាងច្បាស់ពីអ្វីដែលព្យាយាមរារាំងពួកគេ។ អ្នកអាចនឹងគិតថា អ្នកជា “មនុស្សមិនចូលចិត្តហាត់ប្រាណ” ឬ “មនុស្សដែលអត់សណ្ដាប់ធ្នាប់” ឬ “មនុស្សដែលចូលចិត្តញ៉ាំផ្អែម”។ ជាទូទៅ អ្នកមិនមែនកំណត់ថាត្រូវតែបែបនេះនោះទេ ជាជាងនឹងដាក់កំណត់ខ្លួនឯងថា ជាមនុស្សយ៉ាងនេះ ឬយ៉ាងនោះ អ្នកគួរតែបំបែកវាទៅបំណែកតូចៗ ហើយរកឱ្យឃើញថាអ្វីដែលជាកត្តារារាំងអ្នកមិនឱ្យបន្តធ្វើសកម្មភាពដែលអ្នកចង់ធ្វើបាន។
៣. ត្រៀមពេលបរាជ័យ
ការកសាងទម្លាប់ល្អមិនមែនជារឿងងាយទេ ដូច្នេះកុំរំពឹងថាអ្វីៗនឹងដើរទៅដោយរលូនតាមដែលយើងចង់បាន។ ត្រូវចងចាំថា ទំរាំចេះដើរយើងដួលរាប់មិនអស់។ អ្នកត្រូវរៀន កុំវាយតម្លៃខ្លួនឯង ឬមានអារម្មណ៍ខូចចិត្តពេលអ្នកបង្កកំហុស ផ្ទុយទៅវិញ ត្រូវព្យាយាមរៀបចំផែនការធ្វើយ៉ាងណាក្រោកឡើងវិញឱ្យបានឆាប់។ យុទ្ធសាស្ត្រមួយចំនួននេះប្រហែលជាអាចជួយអ្នកបាន៖
• ដាក់កាលវិភាគជាជាងថ្ងៃកំណត់។
• កុំខ្វល់ពីទំហំនៃកិច្ចការ ហើយផ្ដោតលើភាពជាប់លាប់ជាមុនសិន។
• យកឃ្លានេះជាបាវចនារបស់អ្នក “កុំខានជាលើកទីពីរ”។
សូមចាំថា ការធ្វើមិនបានជាប់លាប់មិនធ្វើឱ្យអ្នកក្លាយជាមនុស្សបរាជ័យនោះទេ។ វាគ្រាន់តែធ្វើឱ្យក្លាយជាមនុស្សធម្មតា។ អ្វីដែលធ្វើឱ្យមនុស្សពូកែខុសពីគេ គឺនៅត្រង់ថាពួកគេដួល ហើយអាចក្រោកឡើងវិញបានយ៉ាងឆាប់រហ័ស៕
ដកស្រង់ចេញពី៖ The 7 Habits of Highly Effective Teens by Sean Covey