អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “តើបច្ចេកវិទ្យាវ៉ែនតាវៃឆ្លាតអាចជួយដល់វិស័យសុខាភិបាលយ៉ាងដូចម្ដេច?”
អត្ថបទដកស្រង់ដោយ : ផែង ស្រីណាង
បច្ចេកវិទ្យាបានក្លាយជាផ្នែកដ៏សំខាន់មួយក្នុងវិស័យសុខាភិបាល ដោយសារតែសង្គមបច្ចុប្បន្នកំពុងតែពឹងផ្អែកលើបច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិកជាជំនួយស្ទើរគ្រប់ផ្នែកនៃជីវិតមនុស្ស។ មួយវិញទៀត ដោយសារតែកូវីដ-១៩ បានវាយលុកទូទាំងពិភពលោក តួនាទីរបស់បច្ចេកវិទ្យាកាន់តែមានសារៈសំខាន់។ ការប្រើប្រាស់ ឬគ្រប់គ្រងឯកសារ និងទិន្ន័យនានា អាចដំណើរការបាននៅលើទូរសព្ទដៃ ឬឧបករណ៍មួយចំនួនដែលបំពាក់លើរាងកាយមនុស្ស ដូចជានាឡិកាវៃឆ្លាត
ឬវ៉ែនតាវៃឆ្លាតជាដើម។

តើវ៉ែនតាវៃឆ្លាតជាអ្វី?
វ៉ែនតាវៃឆ្លាត ជាវ៉ែនតាដែលអាចបង្ហាញ និងទាញយកព័ត៌មាន ដែលនាំឱ្យអ្នកពាក់វ៉ែនតានេះមើល និងបញ្ជារូបភាពបានតាមរយៈវ៉ែនតាផ្ទាល់បានតែម្ដង ដោយមិនត្រូវការឧបករណ៍ឆ្លាតវៃផ្សេងទៀតដូចជា កុំព្យូទ័រនោះទេ។ តើវ៉ែនតាវៃឆ្លាតអាចជួយដល់វិស័យសុខាភិបាលបានយ៉ាងដូចម្ដេច? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់វាក្នុងវិស័យសុខាភិបាល៖
១. ជួយសម្រួលដល់ការហ្វឹកហាត់ផ្នែកវេជ្ជសាស្ត្រ : បច្ចេកវិទ្យាបង្ហាញរូបភាពសប្បនិម្មិតទំនើបៗដូចជា Augmented Reality Virtual Reality និង Extended Reality ត្រូវបានបំពាក់លើវ៉ែនតាវៃឆ្លាត អាចជួយសម្រួលដល់ការអនុវត្ត ឬហ្វឹកហាត់ជំនាញផ្នែកវេជ្ជសាស្ត្របានយ៉ាងល្អ។
២. បង្កើនប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ : បច្ចេកវិទ្យានេះអាចជួយដល់ការធ្វើរោគវិនិច្ឆ័យ ដោយសារវ៉ែនតាប្រភេទនេះអាចរក្សាទុក និងផ្ញើព័ត៌មានអំពីអាការៈសុខភាពរបស់អ្នកជំងឺ ដែលអ្នកជំងឺអាចផ្ញើទៅវេជ្ជបណ្ឌិតបានដោយមិនតម្រូវឱ្យធ្វើការណាត់ជួបផ្ទាល់។
៣. ជួយដល់ការវះកាត់ : ការប្រើវ៉ែនតាវៃឆ្លាតអាចផ្ដល់នូវភាពងាយស្រួល និងប្រសិទ្ធភាពដល់គ្រូពេទ្យវះកាត់ ដោយសារគ្រូពេទ្យអាចមើលឃើញព័ត៌មានសំខាន់ៗបានច្បាស់នៅទីកន្លែងដែលមិនអាចប្រើ កុំព្យូទ័របាន។
៤. ប្រឆាំងជំងឺកូវីដ-១៩ : វាមានអត្ថប្រយោជន៍ដល់ការប្រឆាំងការឆ្លងជំងឺកូវីដ-១៩ ឬមានគ្រោះថ្នាក់ដល់ជីវិតដោយសារកូវីដ-១៩។ តួនាទីពិសេសរបស់វា គឺការតាមដានបម្រែបម្រួលនៃកម្រិតអុកស៊ីសែន និងចង្វាក់បេះដូងបាន ដើម្បីបញ្ចៀសហានិភ័យដល់ជនរងគ្រោះ។ សមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យដោយអ្នកជំងឺផ្ទាល់ អនុញ្ញាតឱ្យអ្នកជំងឺកាត់បន្ថយការជួបគ្រូពេទ្យ ឬចេញក្រៅច្រើនក្នុងសម័យកូវីដ- ១៩។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://pethyoeung.com/blog/347