អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “តើយើងគួរទទួលទានអាហារ ហួសពេលកំណត់ ដែរឬទេ?”
អត្ថបទដកស្រង់ដោយ : ផេង ឧត្តម
ការបរិភោគមានរបៀប គឺជាការបរិភោគត្រឹមត្រូវ មានកម្រិត និងមានគុណភាព មានពេលមានវេលា។ ការបរិភោគបែបនេះមិនត្រឹមតែអាចកាត់បន្ថយភាពខ្ជះខ្ជាយ និងការខាតបង់ថវិកា កាត់បន្ថយសំរាមបំពុលបរិយាកាសទេ តែថែមទាំងនាំឱ្យមានសុខភាពល្អទៀត។

របៀបសរសេរដឺឡេ ប្រាប់អំពីរយៈពេលប្រើប្រាស់មានពីរបែប៖
ទីមួយគឺ ជាការបញ្ជាក់អំពីរយៈពេលអប្បបរិមា ដែលគេអាចទទួលទានអាហារនោះបាន ដោយសរសេរថា Best Before ឬត្រូវជាភាសាបារាំងថា (DDM) A consommer de preference avant le និងអាចបកប្រែជាភាសាខ្មែរ ថា “គួរបរិភោគឱ្យបានមុនថ្ងៃទី…” ហួសថ្ងៃខែឆ្នាំសរសេរលើកញ្ចប់ ឬប្រអប់ហើយផលិតផលអាហារនោះអាចបាត់បង់គុណភាពខ្លះ តែគេនៅអាចទទួលទានបាន ដោយគ្មានប៉ះពាល់ដល់សុខភាពឡើយ។
ទីពីរ ជាការបញ្ជាក់អំពីរយៈពេលអតិបរិមាដែលត្រូវបរិភោគអាហារនោះ។ ក្នុងករណីនេះគេសរសេរលើកញ្ចប់ថា Use by ឬ (DLC) A consommer jusqu’au … ដែលត្រូវជាភាសាខ្មែរថា អាចបរិភោគត្រឹមថ្ងៃទី … ក្រោយថ្ងៃខែកំណត់នេះ គឺហួសពេល គេលែងអាចបរិភោគអាហារនេះបានហើយ។ បើហ៊ានទទួលទាន គេអាចនឹងមានគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាព។
ក្រៅអំពីត្រូវមើលដឺឡេ សូមអ្នកប្រើប្រាស់គ្រប់រូប ចេះសម្គាល់មើលសំបកក្រៅរបស់វាផង។ ប្រើប្រអប់ម្ហូបខូចខាតខ្លាំង បើគ្រឿងកំប៉ុង កំពិត ឬប៉ោង អ្នកមិនគួរបរិភោគអាហារក្នុងនោះទេ បើទោះបីជាមិនទានហួសដឺឡេក៏ដោយ ព្រោះផលិតផលអាហារនោះអាចមានឆ្លងមេរោគ និងអាចធ្វើឱ្យយើងពុលបាន។ ជាតិពុលក្នុងអាហារកំប៉ុង ឬប្រអប់ប្រភេទ Botulisme អាចបង្កឱ្យមានអាការៈពុលធ្ងន់ធ្ងរ ដល់ខ្វិនខូចចលនាសាច់ដុំ និងស្លាប់បាន។
អាហារបង្កក៖
ចំពោះអាហារបង្កកវិញ ហួសពេលក៏អាចបរិភោគបាន ប៉ុន្តែសូមកុំយកអាហារបង្កករលាយហើយ ទៅដាក់កកវិញឱ្យសោះ។ យកអាហារបង្កក ទៅដាក់ឱ្យកកឡើងវិញ ជាការសម្រួលឱ្យបាក់តេរីរីកសាយភាពកាន់តែស្រួល និងក្លាយទៅអាហារដ៏គ្រោះថ្នាក់សម្រាប់សុខភាព ប្រសិនបើបាក់តេរីនៅក្នុងអាហារនោះជាភ្នាក់ងារបង្ករោគ ដោយអាចធ្វើឱ្យយើងពុលអាហារធ្ងន់ធ្ងរបាន។
នៅពេលយើងយកបន្លែផ្លែឈើ ត្រីសាច់ ទៅដាក់បង្កក ភាពត្រជាក់បានបំផ្លាញកោសិការបស់អាហារនោះច្រើន ឬតិចទៅតាមប្រភេទ។ ចំណែកមេរោគ បាក់តេរី ខ្លះមិនងាប់ក្នុងទឹកកកទេ វាគ្រាន់តែផ្អាកនិងឈប់រីកលូតលាស់តែប៉ុណ្ណោះ។ បាក់តេរីនៅរស់ខ្លះ កាន់តែបានឱកាសពង្រីកខ្លួនផង ព្រោះគ្មានបាក់តេរីផ្សេងតតាំងផង កោសិកាដទៃក៏ក្រាបអស់ទៀត។ នៅពេលយើងយកអាហារបង្កក មកទុកឱ្យរលាយនៅផ្នែកខាងក្រៅនៅក្នុងទូរត្រជាក់ធម្មតា បាក់តេរីត្រូវក្តៅក៏ចាប់ពង្រីកខ្លួនឡើងវិញ និងលឿនជាមុនខ្លាំង។ ប្រសិនបើអាហារមួយមានផ្ទុកបាក់តេរី ដែលរីកសាយភាយរាល់២០នាទី ហើយយកចេញមកទុកនៅខាងក្រៅបីម៉ោង រួចយកទៅដាក់ទូរកកវិញបីម៉ោងបានកករឹង អាហារនោះនឹងមានបាក់តេរី១០២៤ដងច្រើនជាងចំនួនដើម។ បង្កកហើយរំលាយ រួចបង្កកវិញ កាន់តែញយ កាន់តែមានបាក់តេរីច្រើន។ ថ្វីបើប្រភេទបាក់តេរីខ្លះ គ្មានចំនួនច្រើនគ្រប់គ្រាន់នឹងបង្កអាការៈពុលអាហារមែន តែបាក់តេរីខ្លះជាតំណាងគ្រោះខ្លាំងណាស់។ ហេតុដូច្នេះហើយបានជាអ្នកជំនាញតែងតែនាំកុំឱ្យអ្នកប្រើប្រាស់យកអាហារបង្កករលាយ ហើយដាក់ចូលទូរបង្កកវិញ៕
អត្ថបទដកស្រង់ចេញពី៖ វិទ្យុបារាំង RFI