អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “តើយើងគួរទិញចំណីអាហារស្រស់ៗពិសាដើម្បីសុខភាព ឬទិញអាហារបំប៉នសុខភាព?”
អត្ថបទដកស្រង់ដោយ : ខាត់ សុធា
#MJQE #AmericanInterconSchool
បច្ចុប្បន្ននេះមានការផ្សព្វផ្សាយលក់អាហារបំប៉ននៅលើបណ្ដាញទំនាក់ទំនងសង្គមយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនោះមានប្រជាជនខ្មែរជាច្រើននាក់ ជាពិសេសយុវវ័យបានចំណាយលុយទិញផលិតផលអាហារបំប៉នសុខភាពទាំងនោះយកទៅទទួលទាន ដោយរំពឹងថានឹងទទួលបានលទ្ធផលល្អពីអាហារបំប៉នទាំងនោះដូចការផ្សព្វផ្សាយរបស់អ្នកលក់។
ជុំវិញបញ្ហាខាងលើនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជំនាញផ្នែកអប់រំសុខភាពទូទៅ និងសុខភាពសាធារណៈ បានលើកឡើងថា ប្រជាជនខ្មែរមិនគួរចំណាយលុយទិញអាហារបំប៉នសុខភាពទេ ព្រោះអាហារបំប៉នសុខភាពទាំងនោះ មិនត្រឹមតែពុំមានប្រសិទ្ធភាពចំពោះសុខភាពឡើយ តែថែមទាំងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពទៀតផង។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា សតវត្សរ៍ទី២១ទៅហើយ តែប្រជាជនខ្មែរមួយចំនួននៅតែខ្វះការពិចារណា នៅតែចាញ់បោកអ្នកលក់ផលិតផលអាហារបំប៉នសុខភាព។ ហេតុអ្វីចូលចិត្តឱ្យគេឆ្លៀតឱកាសបោកប្រាស់លុយកាក់ម្ល៉េះ? អាហារបំប៉នសុខភាពគេផ្សព្វផ្សាយលក់នោះ គ្មានផលល្អចំពោះសុខភាពទេ វាអាចធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
បើយោងតាមការណែនាំរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត បាននិយាយថា ប្រជាជនខ្មែរដែលចូលចិត្តទិញផលិតផលអាហារបំប៉នសុខភាព គួរតែទុកលុយទាំងនោះទិញចំណីអាហារស្រស់ៗដែលមានជីវជាតិគ្រប់គ្រាន់ពិសា ហើយគួរតែយកលុយទាំងនោះទៅទិញថ្នាំពេទ្យដែលមានគុណភាពលេប ទើបមានសុខភាពល្អ មិនប៉ះពាល់សុខភាពនៅថ្ងៃក្រោយ។ បើសន្សំលុយទុកទិញតែអាហារបំប៉នសុខភាព តែមិនហ៊ានទិញចំណីអាហារឆ្ងាញ់ៗ ចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់យកមកពិសាឱ្យពេញលក្ខណៈទេ តើមានសុខភាពល្អមកពីណា?
សូមបញ្ជាក់ជូនដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ដោយអះអាងថា អាហារបំប៉នសុខភាព ឬផលិតផលបំប៉នសុខភាពមិនអាចជំនួសចំណីអាហារដែលយើងបរិភោគប្រចាំថ្ងៃបានទេ និងគ្មានប្រសិទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យ បង្ការ ឬព្យាបាលជំងឺដូចជា ជំងឺមហារីក ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម…បានឡើយ។ ផ្ទុយទៅវិញផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមួយចំនួនអាចបង្កឱ្យមានហានិភ័យចំពោះសុខភាព និងជួនកាលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.interconrooster.com/%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%97%E1%9E%B6%E1%9E%96/5783?fbclid=IwAR1ruj5_yrMtTLTMZNaT4T4gpbWmPhZvGhzHo7-8EoF9u0lABVrLuTkGq1g