អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “តើអ្នកគួរប្រើពាក្យសម្តីបែបណាទៅកាន់អ្នកជំងឺបាក់ទឹកចិត្ត?”
អត្ថបទដកស្រង់ដោយ : ឥន សូហ្វីយ៉ា
បច្ចុប្បន្ន ជំងឺបាក់ទឹកចិត្តបានកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំង មិនថាអ្នកជាអ្នកណា ជាអ្នកមាន អ្នកក្រ ក្មេង ចាស់ ប្រុស ឬស្រីនោះឡើយ។ ជួនកាល ជំងឺនេះអាចកំពុងស្ថិតនៅជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់របស់អ្នកទៀតផង។ ប្រាកដណាស់អ្នកពិតជាចង់ជួយពួកគេឱ្យចៀសផុតពីឃាតករលាក់មុខនេះ ប៉ុន្តែពេលខ្លះអ្នកមិនដឹងថាគួរត្រូវនិយាយអ្វីទៅកាន់ពួកគេបែបណានោះឡើយ។ ហេតុនេះ ប្រសិន បើអ្នកមិនប្រាកដថាត្រូវនិយាយអ្វី សូមព្យាយាមប្រើឃ្លាទាំងនេះដើម្បីបង្ហាញការគាំទ្ររបស់អ្នកដល់ពួកគេ៖

ជាពាក្យសម្តីដែលងាយនិយាយ ហើយថែមទាំងមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងចំពោះពួកគាត់ ដោយហេតុថាឃ្លានេះហាក់ដូចជាបានជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនិងគាត់។ អ្នកដែលមានជំងឺបាក់ទឹកចិត្តតែងមានអារម្មណ៍ឯកការ គ្មានអ្នកកំដរ គ្មានអ្នកដែលអាចទុកចិត្តបានដើម្បីនិយាយប្រាប់អំពីបញ្ហាដែលកំពុងប្រឈមរាល់ថ្ងៃ។ ដូច្នេះ អ្នកអាចជួយពួកគេតាមរយៈសកម្មភាពតូចតាចប្រចាំថ្ងៃមានដូចជាចាប់ផ្តើមសន្ទនាគ្នារាល់ថ្ងៃ ដើរលេងជាមួយគ្នា ណាត់គ្នាមើលកុន ឬអាចជូនគាត់ទៅជួបគ្រូពេទ្យជាដើម។
២. នេះមិនមែនជាកំហុសអ្នកទេ :
អនុញ្ញាតឱ្យមនុស្សជាទីស្រលាញ់របស់អ្នកបានដឹងថា ពួកគេមិនគួរត្រូវបានស្តីបន្ទោសឡើយ ព្រោះការពិតជំងឺបាក់ទឹកចិត្តមិនមែនជាជម្រើស។ វាមិនមែនជាជំងឺដែលត្រូវបានចម្លងដូចជំងឺផ្តាសាយឡើយ ផ្ទុយមកវិញមនុស្សភាគច្រើនដែលមានជំងឺបាក់ទឹកចិត្តមានអារម្មណ៍ថា ពួកគេបានធ្វើអ្វីមួយខុសឆ្គងដែលបណ្តាលឱ្យមានជំងឺនេះ។ ការប្រាស្រ័យទាក់ទងដោយក្ដីស្រលាញ់ដែលកើតចេញការយល់ដឹងរបស់អ្នកចំពោះបញ្ហានេះពិតជាអាចជួយពួកគេកាត់បន្ថយការស្តីបន្ទោសខ្លួនឯង និងអាចឈានដល់ការបំបាត់អារម្មណ៍ខុសឆ្គងមួយនេះផងដែរ។
៣. ខ្ញុំពិតជាចង់ទៅជាមួយអ្នក :
ជំងឺបាក់ទឹកចិត្តអាចបណ្តាលឱ្យអស់កម្លាំង ល្ហិតល្ហៃយល់ថាខ្លួនគ្មានតម្លៃ មានកំហុសឆ្គង និងពិបាកផ្ចង់អារម្មណ៍។ រោគសញ្ញាទាំងនេះជ្រៀតជ្រែកទៅដល់ទម្លាប់ប្រចាំថ្ងៃនៃផែនការព្យាបាលរបស់ពួកគេដូចជា ការណាត់ជួបវេជ្ជបណ្ឌិត ការប្រើប្រាស់ថ្នាំ ធ្វើលំហាត់ប្រាណ ឬផែនការនៃការព្យាបាលជាដើម។ រោគសញ្ញានៃជំងឺបាក់ទឹកចិត្តក៏អាចធ្វើឱ្យអ្នកជំងឺផ្ទាល់មានអារម្មណ៍ថាបានដាក់បន្ទុកលើមនុស្សដែលពួកគេស្រលាញ់ផងដែរ។ ហេតុនេះដំណោះស្រាយដែលអ្នកអាចជួយមនុស្សជាទីស្រលាញ់អ្នកបាន គឺ ណាត់ជួបគ្រូពេទ្យ និងកំដរពួកគាត់ទៅជាមួយគ្នា។ ការធ្វើបែបនេះកាន់តែធ្វើឱ្យពួកគេមានអារម្មណ៍កក់ក្តៅមិននៅដាច់តែឯង និងយល់ថាមានមនុស្សកំពុងយកចិត្តទុកដាក់ចំពោះពួកគេពិតប្រាកដមែន។
៤. តើខ្ញុំអាចជួយអ្នកបានតាមវិធីណា?
វាជាសំណួរមួយដ៏ល្អដើម្បីសួរមនុស្សជាទីស្រលាញ់របស់អ្នកថា តើអ្នកអាចជួយពួកគេបានអ្វីខ្លះ? ការងារដែលអ្នកអាចជួយបានគឺអាចជាការងារប្រចាំថ្ងៃមានដូចជា ការបោកគក់ ការថែទាំសត្វចិញ្ចឹម ការសម្អាតផ្ទះ។ ទង្វើនេះអាចបង្ហាញថា អ្នកចង់ឱ្យមនុស្សជាទីស្រលាញ់របស់អ្នកមានអារម្មណ៍ថាបានទទួលការគាំទ្រ និងថែទាំក្នុងអំឡុងពេលព្យាបាល។ ការជួយកិច្ចការតូចៗបែបនេះប្រហែលជាមិនសូវសំខាន់ទេ ប៉ុន្តែវាក៏ជាកត្តាជំរុញដល់ការចូលរួមក្នុងផែនការព្យាបាលផងដែរ។
៥. មិននិយាយអ្វីទាំងអស់ ជាកាដូដ៏អស្ចារ្យសម្រាប់ពួកគេ :
ជួនកាលភាពស្ងៀមស្ងាត់ពិតជាទង្វើល្អបំផុតដែលអ្នកអាចធ្វើបាន គឺគ្រាន់តែបង្ហាញវត្តមានរបស់អ្នកនៅក្បែរពួកគេដោយមិនចាំបាច់និយាយអ្វីទាំងអស់ ប៉ុន្តែធ្វើជាអ្នកស្តាប់ដ៏ល្អ ឬគ្រាន់តែបង្ហាញការយកចិត្តទុកដាក់តាមរយៈកាយវិការយកចិត្តទុកដាក់ដោយគិតចាប់ពីការធ្វើរឿងតូចតាចឡើងទៅ។
ដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.healthtime.tips/km/library/article/1946