អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “តើឧបករណ៍តភ្ជាប់ និងឧបករណ៍ឆ្លាតមានលក្ខណៈខុសគ្នាដូចម្ដេចខ្លះ?”
អត្ថបទដកស្រង់ដោយ : តាប់ សោភ័ណ្ឌ
#MJQE #AmericanInterconSchool
ការវិវត្ដនៃបច្ចេកវិទ្យាបានធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនូវរបៀបដែលមនុស្សប្រកបការងារ សិក្សារៀនសូត្រ ធ្វើអាជីវកម្ម និងទំនាក់ទំនងជាដើម។ ជាក់ស្ដែង ឧបករណ៍ភ្ជាប់ (Connected Device) ត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់តភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងទៀតបានកាន់តែងាយស្រួល។ បន្ទាប់មកទៀត ការបង្កើតនូវឧបករណ៍ឆ្លាតកាន់តែផ្ដល់នូវភាពងាយស្រួលបន្ថែមដល់អ្នកប្រើប្រាស់ ព្រោះវាអាចសម្រេចចិត្ដដោយផ្អែកលើទិន្នន័យ ដែលធ្វើឱ្យប្រតិបត្ដិការកាន់តែមានប្រសិទ្ធភាព។ ខាងក្រោមជាលក្ខណៈខុសគ្នាមួយចំនួននៃឧបករណ៍តភ្ជាប់ និងឧបករណ៍ឆ្លាត៖
ទាំងឧបករណ៍តភ្ជាប់ និងឧបករណ៍ឆ្លាតអាចភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងទៀតតាមរយៈអ៊ីនធឺណេត Bluetooth ឬខ្សែ USB ប៉ុន្ដែឧបករណ៍ឆ្លាតមួយចំនួនអាចដំណើរការមុខងារខ្លះបានដោយមិនត្រូវការអ៊ីនធឺណេត។ ជាឧទាហរណ៍ នៅពេលមានបញ្ហាអ៊ីនធឺណេត អ្នកប្រើប្រាស់នៅតែអាចបញ្ជា អំពូលភ្លើងឆ្លាត Philip Hue ពីចម្ងាយតាមរយៈកម្មវិធីទូរសព្ទបាននៅពេលពួកគេនៅក្នុងផ្ទះ ឬ ការិយាល័យ។ ប៉ុន្ដែអ្នកប្រើប្រាស់មិនអាចបញ្ជាពីចម្ងាយបានទេ នៅពេលពួកគេមិននៅផ្ទះ ឬការិយាល័យ ហើយមុខងារបញ្ជាដោយសំឡេង (Voice Command) ក៏មិនអាចដំណើរការបាន ដែរ។
ឧបករណ៍តភ្ជាប់អាចបំពេញមុខងារត្រឹមតែទទួល និងបញ្ជូនព័ត៌មានប៉ុណ្ណោះ ប៉ុន្ដែឧបករណ៍ឆ្លាតមិនត្រឹមតែទទួល និងបញ្ជូនព័ត៌មានប៉ុណ្ណោះទេ វាអាចបំពេញការងារនានាដោយស្វ័យប្រវត្ដិ និងអាចបញ្ជាពីចម្ងាយ ថែមទាំងអាចប្រមូល និងវិភាគទិន្នន័យដែលទទួលបាន ដើម្បីស្វែងយល់ និងព្យាករណ៍ពីតម្រូវការរបស់អ្នកប្រើប្រាស់ផងដែរ។ ជាឧទាហរណ៍ អំពូលលើតុធម្មតាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្ដូរពន្លឺតាមតម្រូវការ និងអាចឱ្យអ្នកប្រើប្រាស់សាកទូរសព្ទបានតាមរយៈខ្សែ USB ប៉ុន្ដែអំពូលលើតុឆ្លាតមានមុខងារជាច្រើនទៀតដូចជា បំពាក់ប្រតិទិន និងនាឡិការោទ៍ និងអាចបញ្ជាបានតាមរយៈការបញ្ជាដោយសំឡេង (Voice Command)។ លើសពីនេះទៅទៀត អំពូលលើតុឆ្លាត ដូចជា Peak Smart Lamp ក៏បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដាក់នូវកាលវិភាគដើម្បីអាចឱ្យឧបករណ៍ឆ្លាតនេះរម្លឹកពួកគេតាមរយៈការផ្ញើសារកម្មវិធីទូរសព្ទផងដែរ។
លក្ខណៈខុសគ្នាចុងក្រោយ គឺឧបករណ៍តភ្ជាប់អាចដំណើរការមុខងារតែមួយប៉ុណ្ណោះ ប៉ុន្ដែឧបករណ៍ឆ្លាតអាចដំណើរការមុខងារជាច្រើនបាន។ ជាក់ស្ដែងទូរសព្ទឆ្លាតអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូប សំឡេង និងវីដេអូ លេងហ្គេម រុករក (Browsing) ប្រើប្រាស់ម៉ាស៊ីនគិតលេខ ដាក់ម៉ោងរោទ៍ និងប្រើប្រាស់បណ្ដាញសង្គមជាដើម ប៉ុន្ដែឧបករណ៍តភ្ជាប់ដូចជាឧបករណ៍បំពងសំឡេង និងម៉ាស៊ីនថតរូបអាចដំណើរការមុខងារតែមួយមុខប៉ុណ្ណោះ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
តើឧបករណ៍តភ្ជាប់និងឧបករណ៍ឆ្លាតមានលក្ខណៈខុសគ្នាដូចម្ដេចខ្លះ? – វិទ្យុវាយោ – VAYO FM Radio