អត្ថបទព័ត៌មានស្តីពីតំបន់ទេសចរណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ : “តំបន់អភិរក្សសត្វស្លាបសម្បូរបែបមួយកន្លែងកំពុងទាក់ទាញភ្ញៀវទេសចរ”
អត្ថបទដកស្រង់ដោយ : អ៊ុក ម៉ារីណា
តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលមួយនៅខេត្តព្រៃវែង ដែលអ្នកទេសចរអាចទស្សនាទិដ្ឋភាពសត្វស្លាបច្រើនប្រភេទយ៉ាងសប្បាយរីករាយ។ តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី ស្ថិតនៅក្នុងភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង
មានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្ត ត្រូវបានអជ្ញាធរខេត្ត និងផ្នែកពាក់ព័ន្ធប្រកាសស្នើដាក់បញ្ចូលជាតំបន់ការពារធម្មជាតិកាលពីចុងខែធ្នូ ឆ្នាំ២០១៩ ក្នុងសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការដាក់បញ្ចូលតំបន់ដីស្រែបឹងស្នេហ៍ជាតំបន់ការពារធម្មជាតិ។

ទួលព័ន្ធតាឡីត្រូវបានប្រជាពលរដ្ឋចាប់ផ្តើមចូលរួមអភិរក្សសត្វ និងបង្កើតតំបន់ទេសចរណ៏នៅឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១២ ក្នុងគម្រោងអភិរក្សរបស់អង្គការនារីអភិវឌ្ឍសេដ្ឋកិច្ច និងអនាម័យ ឬហៅកាត់ថាអង្គការ Women បានធ្វើឱ្យទីតាំងនេះល្អប្រសើរជាងមុនតាមរយៈការចូលរួមការពារសត្វស្លាប និងផ្សព្វផ្សាយទៅអ្នកទេសចរ។ ទួលព័ន្ធតាឡីមានព្រៃលិចទឹកនៅរដូវវស្សាមានទំហំ៨៦ហិចតា ដែលជាជម្រកសត្វស្លាបជាង២លានក្បាល និងមានសត្វរស់នៅដល់ទៅ៥៦ប្រភេទ ក្នុងនោះមាន៦ប្រភេទជាសត្វកម្រជិតផុតពូជ និងងាយរងគ្រោះនៅលើពិភពលោករួមមាន សត្វស្មោញ ទង់ប្រផេះ រនាល ត្រយ៉ងខ្លួនស ត្រដកតូច និងសត្វត្រនាលខ្យង។
អ្នកទេសចរអាចចូលរួមទស្សនាទួលព័ន្ធតាឡី ដើម្បីចូលទៅមើលសត្វស្លាបនៅទីនោះបាន ដោយធ្វើដំណើរតាមផ្លូវគោកដោយម៉ូតូ ឬរថយន្តនារដូវប្រាំង និងធ្វើដំណើរដោយជិះទូកយ៉ាងរីករាយនារដូវវស្សាតាមបឹងស្នេហ៍ដែលព័ទ្ធជុំវិញទួលព័ន្ធតាឡី លាតសន្ធឹងដាច់កន្ទុយភ្នែកដែលមានទំហំជិត៣០០ហិចតា។