កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំការពិសោធស្តីពីការញែកល្បាយសម្រាប់សិស្សថ្នាក់ទី៨ ដែលដឹកនាំដោយ អ្នកគ្រូ លឹម សុធាវី បង្រៀនមុខវិជ្ជាគីមីវិទ្យា។
នៅក្នុងការពិសោធនោះដែរ អ្នកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារ មេរៀន ការញែកល្បាយ មកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីរបៀបញែកល្បាយ និងបានបង្ហាញពីសម្ភារដែលសម្រាប់យកមកធ្វើការពិសោធផងដែរ។ បន្ទាប់មកទៀត អ្នកគ្រូបានពន្យល់លម្អិតពីគោលបំណងនៃការពិសោធ និងបញ្ជាក់យ៉ាងច្បាស់ពីសម្ភារដែលត្រូវយកមកធ្វើការពិសោធ ហើយអ្នកគ្រូក៏បានពន្យល់ពីរបៀបធ្វើពិសោធទៅតាមដំណាក់កាលនីមួយៗយ៉ាងច្បាស់លាស់។ ទន្ទឹមនឹងនេះដែរ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុម ដើម្បីអនុវត្តនការធ្វើពិសោធដោយផ្ទាល់ទៅលើការពិនិត្យមើលទម្រង់ក្នុងការញែកល្បាយ ដែលផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលសិស្សានុសិស្សកំពុងសិក្សា និងដើម្បី ឱ្យគាត់ងាយចាប់បានខ្លឹមសារមេរៀន ដែលផ្សារភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។